27/09/2022 - 09:45

ជន​រួម​ជាតិ​ខ្មែរ​អំ​ណរ​បុណ្យ​សែន​ដូន​តា

ចាប់​ពីថ្ងៃ​ទី ២៤ ដល់​ ២៦ ខែកញ្ញា​ ឆ្នាំ​២០២២ គឺ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​សែន​ដូន​តា ៣ ថ្ងៃ​ចុង​ក្រោយ​។​ នៅ​ខេត្ត​សុក​ត្រាំង​ មាមីង​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​រីក​រាយ​ទទួល​អំ​ណរ​ពិធី​បុណ្យ​សែន​ដូន​តាប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​ កក់​ក្តៅ​និង​សុភ​មង្គល​។​

ព្រះ​សង្ឃ​សូត្រ​ដារបាយ​បិណ្ឌ​។​

ជន​រួម​ជាតិ​ខ្មែរ​រៀប​ចំ​ស្ពក​សំ​ណែន​សែន​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា។​

ចាប់​ពីថ្ងៃ​ ១ រោច​ខែភទ្របទ​ រៀង​រាល់​រាត្រី​ មាមីង​ជន​រួម​ជាតិ​ខ្មែរ​នាំ​គ្នា​អញ្ជើញ​ទៅ​វត្ត​ស្តាប់​ព្រះ​សង្ឃ​សូធ្យ​មន្ត និង​វេលា​ទៀបភ្លឺ​ទៅ​វត្ត​ប្រារព្ធ​ពិធី​បោះ​បាយ​បុណ្យ​ ក្នុង​គោល​បំ​ណង​ឧទ្ទិស​កុសល​ដល់​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរ​លោក​។​ នេះ​គឺ​ជា​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​រក្សា​តាំង​ពីយូរ​លង់​មក​។​ អ្នក​មីង​លីធី​តឹម នៅ​អនុសង្កាត់​ ២ សង្កាត់​ ៥ ក្រុង​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ឆ្នាំ​មុន​ ដោយ​សារ​ជំងឺ​ COVID-១៩  ទើប​បុណ្យ​សែន​ដូន​តាខ្ញុំ​មិន​បាន​ទៅ​វត្ត។​ ឆ្នាំ​នេះ​ ចាប់​ពីថ្ងៃ​ ១ រោច​មក​ ខ្ញុំ​រៀប​ចំ​បាយ​ទឹក​ នំនែក ផ្លែ​ឈើ​។ល។​ យក​ទៅ​វត្ត​បោះ​បាយ​បុណ្យ​ ដាក់​បាត្រ​ព្រះ​សង្ឃ​ជា​រហូត​។​ ខ្ញុំ​តែង​រំលឹក​កូន​ចៅ​ក្នុង​ឱកាស​ ១៣ ថ្ងៃ​កាន់​បិណ្ឌ​ ត្រូវ​ទៅ​វត្ត​ឱ្យ​បាន​ទៀង​ទាត់​ ដើម្បី​រក្សា​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​”។​ តាម​ការ​រៀប​រាប់​របស់​អ្នក​មីង​តឹម បុណ្យ​សែន​ដូន​តាគឺ​ជាឱកាស​ដែល​កូន​ចៅ​បំ​ពេញ​នូវ​កត្តញ្ញូ​កត​វេទី​តា​ធម៌​ចំ​ពោះ​ជីដូន​ជីតា​ ឪ​ពុក​ម្តាយ​ ហើយ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ជួប​ជុំ​គ្រួ​សារ​ផង​ដែរ​។​

បុណ្យ​សែន​ដូន​តា គឺ​ជាឱកាស​ដែល​កូន​ចៅ​ ទៅ​ធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​វិល​មក​ផ្ទះ​ជួប​ជុំ​គ្រួ​សារ​ និង​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​ឧទ្ទិស​កុសល​ដល់​បុព្វ​ការី​ជន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​។​ លោក​លី​ថាញ់​ហឹង​ នៅ​ភូមិ​បឹង​ក្រចាប់​ ឃុំ​តឹង​ហឹង​ ស្រុក​ឡុង​ភូ កំ​ពុង​រៀប​ចំ​ផ្ទះ​សម្បែង​ដើម្បី​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា។​ លោក​ថាញ់​ហឹង​ ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​អប់រំ​កូន​ចៅ​ ទោះ​បីទៅ​ធ្វើ​ការ​រក​ស៊ី​នៅ​ស្រុក​ឆ្ងាយ​ ដល់​ថ្ងៃ​បុណ្យ​សែន​ដូន​តា ត្រូវ​វិលមក​ផ្ទះ​សួរ​សុខ​ទុក្ខ​ជីដូន​ជីតា​ ឪ​ពុក​ម្តាយ​អ្នក​មាន​គុណ​។​ ព្រោះ​ហេតុ​នេះ​ កូន​ចៅ​ខ្ញុំ​មក​ជួប​ជុំ​គ្រួ​សារ​នៅ​ថ្ងៃ​ ១៤ រោច​ រៀប​ស្ពក​សំ​ណែន​ដើម្បី​សែន​ដូន​តា។​ ថ្ងៃ​ ១៥ រោច​ (ភ្ជុំ​បិណ្ឌ​) យក​ចង្ហាន់​ទៅ​វត្ត​ប្រ​គេន​ព្រះ​សង្ឃ​ និង​ថ្ងៃ​ ១ កើត​ ខែអស្សុជ​ ធ្វើ​ពិធី​ជូន​ដូន​តា។​ ក្រៅ​ពីការ​តប​ស្នង​សង​គុណ​ចំ​ពោះ​ឪ​ពុក​ម្តាយ​ កូន​ចៅ​របស់​ខ្ញុំ​នៅ​ទាំង​ទៅ​ជូន​អំ​ណោយ​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​វង្ស​ត្រកូល​ ដើម្បី​ទទួល​បាន​សព្ទ​សា​ធុការ​ពរ”។​

នៅ​សុក​ត្រាំង​ថ្ងៃ​បុណ្យ​សែន​ដូន​តា នៅ​រាត្រី​ ថ្ងៃ​ ១៤ រោច​ និង​ព្រឹក​ថ្ងៃ​ ១៥ រោច​ (ភ្ជុំ​បិណ្ឌ​) នៅ​តាម​វត្ត​អា​រាម​មាន​រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កីឡា​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​មក​វត្ត​លេង​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ទៀត​ផង​។​ ចលនា​ទាំង​នេះ​ តែង​បាន​វត្ត​អា​រាម​រក្សា​តាំង​ពីយូរ​លង់​មក​ ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃណី​ដ៏​ថ្លៃ​ថ្លា​របស់​ជន​រួម​ជាតិ​ខ្មែរ​៕​

                                       លីធាន​-មុនី​

ចែករំលែកអត្ថបទ