កីឡា - ទេសចរណ៍ ទេសចរណ៍

29/08/2022 - 15:02

រមណីយ​ដ្ឋាន​វត្ត​ថៀង​មឺវ

មាន​រឿង​និទាន​ពោល​តៗ​គ្នា​ អំ​ពី​ការ​កកើត​វត្ត​បុរាណ​ដ៏​ល្អ​ឯក​លើ​ទឹក​ដី​នៃ​អតីត​រាជ​ធានី​ នោះ​គឺ​ វត្ត​ថៀង​មឺវ។​ ទោះ​បី​ផ្តើម​ចេញ​ពី​រឿង​រ៉ាវ​ណា​ក៏​ដោយ​ វត្ត​មាន​ទីតាំង​នៅ​ក្បែរ​មាត់​ទន្លេ​ហឿង គឺ​ជា​គោល​ដៅ​ទេស​ចរណ៍​មិន​អាច​ខ្វះ​បាន​ពេល​ភ្ញៀវ​មក​កាន់​ក្រុង​ហ្វេ។​

បរិវេណ​វត្ត​ថៀង​មឺវ មាន​ទេស​ភាព​ស្រស់​ស្អាត​ ក្បូរ​ក្បាច់​រចនា​ល្អ​ប្រ​ណីត​។​

វត្ត​ថៀង​មឺវ ឬ​ហៅ​ថា​វត្ត​លិញ​មឺវ ត្រូវ​បាន​ស្ដេច​ង្វៀង​ហ្វាង​ អនុញ្ញាត​ឱ្យ​កសាង​នៅ​ឆ្នាំ​ ១៦០១ ស្ថិត​នៅ​ត្រើយ​ខាង​ជើង​នៃ​ទន្លេ​ហឿង ចម្ងាយ​ពីមជ្ឈ​មណ្ឌល​ក្រុង​ហ្វេប្រ​មាណ​ ៥ គីឡូ​ម៉ែត្រ។​ លុះ​ដល់​ឆ្នាំ​ ១៦៦៥ ស្ដេច​ង្វៀង​ភុក​តឹង​ អនុញ្ញាត​ឱ្យ​ជួស​ជុល​វត្ត​ឡើង​វិញ​។​ បន្ត​អភិរក្ស​មត៌ក​ដូន​តា ឆ្នាំ​ ១៧១០ ស្ដេច​ង្វៀង​ភុកចូ បាន​បញ្ជា​ឱ្យ​ស្មិត​ជួង​ធំ​មួយ​ (កម្ពស់​ ២,៥ ម៉ែត្រ វិជ្ឈ​មាត្រ ១,៤ ម៉ែត្រ ទម្ងន់​ ២.០៥២ គីឡូ​ក្រាម​)។​ រយៈ​កាល​ ៥ ឆ្នាំ​ក្រោយ​មក​ ព្រះ​អង្គ​អនុញ្ញាត​ឱ្យ​កសាង​សិលា​ចារិក​មួយ​ផ្ទាំង​ កម្ពស់​ ២,៦ ម៉ែ​ត្រ ទទឹង ១,២៥ ម៉ែត្រ ដាក់​លើ​ខ្នង​អណ្តើក​មួយ​ក្បាល​ធ្វើ​ពីថ្ម​ម៉ាប​ប្រ​វែង​ ២,២ម៉ែត្រ។​

ចេតិយ​ភឿក​យៀង។​

 វត្ត​ថៀង​មឺវ មាន​អា​យុ​កាល​ជាង​ ៤០០ ឆ្នាំ​ ប៉ុន្តែ​ផ្នែក​សំ​ណង់​សំ​ខាន់​ៗ​ក្នុង​បរិវេណ​វត្ត​ ហាក់​ដូច​ជា​នៅ​ដូច​ដើម​និង​ល្អ​ប្រ​ណីត​រួម​បញ្ចូល​ជា​មួយ​ស្ថាបត្យ​កម្ម​ទាំង​មូល​នៃ​វត្ត​ថៀង​មឺវ។​ ពេល​ឈាន​ជើង​ផុត​កាំ​ជណ្ដើរ​ឡើង​ ភ្ញៀវ​ទេស​ចរ​នឹង​ឃើញ​ចេតិយ​ភឿក​យៀង។​ នេះ​ជា​និមិត្ត​រូប​ពិសេស​ដោយ​ឡែក​របស់​វត្ត​ថៀង​មឺវ។​ ចេតិយ​ត្រូវ​បាន​ក្សត្រ​ ថេវ​ទ្រី អនុញ្ញាត​ឱ្យ​កសាង​នៅ​ឆ្នាំ​ ១៨៤៤ ក្បែរ​ទន្លេ​ហឿង។​ ខាង​ក្រោយ​ចេតិយ ភឿក​យៀង​គឺ​ខ្លោង​ទ្វារ​។​ នេះ​ជា​ខ្លោង​ទ្វារ​ធំ​ មាន​ច្រក​ទ្វារ​ ៣ ជា​និមិត្ត​រូប​នៃ​ឋាន​ទាំង​ ៣៖ មនុស្ស​-នរក-សួគ៌​។​ ខ្លោង​ទ្វារ​ ត្រូវ​បាន​កសាង​តាម​រចនា​បថ ២ជាន់​ ដំបូល​ ៨ ថ្នាក់​ ជាន់​ទី ២ នៃ​ខ្លោង​ទ្វារ​កណ្តាល​មាន​តម្កល់​ព្រះ​ពុទ្ធ​រូប​។​ កំ​ពូល​ខ្លោង​ទ្វារ​ត្រូវ​បាន​ឆ្លាក់​ក្បូរ​ក្បាច់​រចនា​ដ៏​ប្រ​ណីត​។​

បរិវេណ​វត្ត​ថៀង​មឺវ មាន​របង​ថ្ម​ព័ទ្ធ​ជុំ​វិញ​ និង​មាន​ខ្លោង​ទ្វារ​តូចៗ​ជាច្រើន​ ភ្ញៀវ​ទេស​ចរ​អាច​ថត​យក​រូប​ភាព​ដ៏​ស្រស់​ស្អាត​នៅ​ទីនេះ​។​ គ្រប់​សំ​ណង់​ទាំង​អស់​ក្នុង​បរិវេណ​វត្ត​ មាន​លក្ខណៈ​ពិសេស​ ស្រស់​ស្អាត​ ជា​ស្ថាបត្យ​កម្ម​ដ៏​ល្អ​ឯក​ ក្នុង​នោះ​មាន​វិហារ​។​ វិហារ​គឺ​ជា​កន្លែង​សក្ការ​បូជា​ព្រះ​ពោធិ​សត្វ​សិអារ្យ​មេត្រី​។​ បន្ទាប់​នោះ​ គឺ​វិហារ​ដៀ​តាង មាន​ភាព​ស្ងប់​ស្ងាត់​ សម​ស្រប​​ ដើម្បី​ស្មឹង​ស្មាធ៍​សមាធិ។​ ពិសេស​ បរិវេណ​វត្ត​នៅ​ទាំង​មាន​ទីធ្លាធំ​ទូលាយ​​ មាន​ដើម​ឈើ​ធំ​ៗ​ ព័ទ្ធ​ជុំ​វិញ​ស្រះ​ទឹក​។​ នេះ​ជា​រមណីយ​ដ្ឋាន​លម្ហែកាយ​ដ៏​អស្ចារ្យ​ ពេល​បាន​មក​ទស្សនា​កម្សាន្ត​នៅ​វត្ត​ថៀង​មឺវ។​

ប្រ​សិន​បើ​មាន​ឱកាស​​ ភ្ញៀវ​ទេស​ចរ​គប្បី​ចំ​ណាយ​ពេល​មួយ​ថ្ងៃ​ដើម្បី​ទស្សានា​ស្វែង​យល់​អំ​ពី​សំ​ណង់​ស្ថា​បត្យ​កម្ម​នៃ​វត្ត​ថៀង​មឺវ ដែល​ជា​ស្នាដៃ​របស់​ដូន​តាបាន​បន្សល់​ទុក​មក​៕​

                                      ហាថាញ-មុនី​

ចែករំលែកអត្ថបទ