ថ្នាក់បង្រៀនរបរចម្លាក់នៅវត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ទាក់ទាញសិក្ខាកាមចូលរៀនកុះករ បំផុត គឺព្រះសង្ឃនិងកូនចៅមាមីងជនរួមជាតិខ្មែរនៅតំបន់វាលរាបទន្លេគឺវឡុង ដែលមានទេពកោសល្យនិងចំណង់ចំណូលចិត្តខាងសិល្បៈចម្លាក់។
ព្រះតេជគុណ ថាច់សា (ខាងស្តាំ) កំពុងបង្រៀនសិក្ខាកាមឆ្លាក់ក្បាច់។
ព្រះតេជព្រះគុណ ថាច់សា ព្រះចៅអធិការរងវត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ ជាគ្រូបង្រៀនសិល្បៈចម្លាក់ មានថេរដីកា៖ “កម្មវិធីសិក្សាផ្តោតលើទ្រឹស្តីនិងក្បាច់រចនា ពិសេសគឺក្បាច់មូលដ្ឋាន។ ក្នុងការអនុវត្ត សិក្ខាកាមនឹងបានរៀនពីក្បាច់មូលដ្ឋានឱ្យចេះចាំស្ទាត់ ដើម្បីយកទៅអនុវត្តផ្ទាល់នៅពេលខាងមុខ។ វគ្គសិក្សាមានរយៈពេល ២ ឆ្នាំ សិក្ខាកាមទទួលបានចំណេះដឹងខាងទ្រឹស្តីមូលដ្ឋាន និងការអនុវត្តជាក់ស្តែង។ ពេលយប់សិក្ខាកាមសិក្សាទ្រឹស្តី ពេលថ្ងៃអនុវត្ត”។ សមណសិស្ស ថាច់ចៀង ពិតឱ្យដឹង៖ “ចូលរួមវគ្គសិក្សានេះ អាត្មាភាពទទួលបានចំណេះដឹងជាច្រើន អំពីវិចិត្រសិល្បៈ ដោយបានលោកគ្រូថាច់សា ណែនាំយ៉ាងម៉ត់ចត់និងលម្អិតពីក្បូរក្បាច់រចនា មានដូច៖ ក្បាច់ភ្ញីវល្លិ៍ ក្បាច់ភ្ញីទេស ក្បាច់ភ្ញីភ្លើង។ល។ លោកគ្រូតែងក្រើនរំលឹកសិក្ខាកាម ឱ្យខិតខំសិក្សា ដើម្បីស្នងបន្តនិងពង្រីកសិល្បៈចម្លាក់ប្រពៃណីរបស់ជនរួមជាតិខ្មែរ”។
តាមថេរដីការបស់ព្រះតេជគុណ ថាច់សា សិល្បៈចម្លាក់និយាយរួម គឺជាផ្នែកមួយដ៏សំខាន់នៃស្ថាបត្យកម្មខ្មែរ ដិតដាមដោយអត្តសញ្ញាណវប្បធម៌ជាតិ។ មុននេះ សិប្បករភាគច្រើនរៀនបន្តពីសិប្បកររៀមច្បង។ ការរៀបចំថ្នាក់រៀន ដើម្បីបង្រៀនអំពីចំណេះដឹងមូលដ្ឋានទាំងទ្រឹស្តី និងការអនុវត្តសំដៅជួយឱ្យសិក្ខាកាមយល់កាន់តែច្បាស់អំពីការអភិវឌ្ឍនៃសិល្បៈចម្លាក់ ក៏ដូចជាអត្ថន័យនៃក្បូរក្បាច់រចនារបស់ជនរួមជាតិខ្មែរ។
ព្រះតេជគុណថាច់ថាយយ៉ៀង ព្រះចៅអធិការវត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ បញ្ជាក់៖ “ថ្នាក់រៀនផ្នែកខាងសិល្បៈចម្លាក់នេះ សំដៅជួយឱ្យសិក្ខាកាមមានចំណេះដឹងខាងក្បូរក្បាច់រចនារបស់ជនរួមជាតិខ្មែរផង។ ទន្ទឹមនឹងនោះ បង្រៀនឱ្យសមណសិស្សនិងកូនចៅមាមីងពុទ្ធបរិស័ទចេះបានរបរមួយបន្ថែម។ ក្រោយៗអាចនឹងជួយធ្វើការងារក្នុងវត្តបាន ឬពេលចាកសិក្ខាបទក៏មានរបររកស៊ីដើម្បីផ្គត់ផ្គង់ជីវភាព”៕
សឺនម៉ាល័យ-មុនី