បងស្រីលីវធីសាភា និងសមាជិកដទៃទៀតនៃក្រុមសិល្បៈមហាជនខ្មែរស្រុកធើយឡាយ ក្រុងកឹងធើ បាននិងកំពុងតែខ្នះខ្នែងថែរក្សានិងអភិរក្សសិល្បៈរបាំប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ក្រុមសិល្បៈមហាជនខ្មែរស្រុកធើយឡាយ សម្តែងក្នុងឱកាសជួបជុំអំណរ
បុណ្យចូលឆ្នាំថ្មី។ រូប៖ សហការី
កើតនិងធំដឹងក្តីក្នុងគ្រួសារមួយដែលមានប្រពៃណីស្រឡាញ់សិល្បៈ កាលពីកុមារ បងស្រីសាភា បានចូលរួមក្រុមសិល្បៈនៅក្នុងសាលារៀន។ បងស្រីសាភា រៀបរាប់៖ “ក្រោយពីរៀនបញ្ចប់កម្រិតវិទ្យាល័យ ខ្ញុំបានជ្រើសរៀនមុខវិជ្ជាគ្រូពេទ្យ ប៉ុន្តែនៅតែចុះឈ្មោះចូលរួមជាសហការីរបាំខ្មែរនៃមជ្ឈមណ្ឌលវប្បធម៌ក្រុង ដើម្បីបំពេញចំណង់ចំណូលចិត្ត។ ក្នុងអំឡុងពេលនោះ ខ្ញុំមានសំណាងបានសិល្បករឆ្នើម ហ្វិញញ៉ឹកយ័ញ បណ្តុះបណ្តាលនិងបង្ហាត់បង្ហាញ។ ក៏ព្រោះតែឧបនិស្ស័យដែលខ្លួនពេញចិត្តសិល្បៈរបាំ ដូច្នេះខ្ញុំក៏ផ្អាករៀនមុខវិជ្ជាគ្រូពេទ្យ បែរជាចូលបង្ហាត់នៅមជ្ឈមណ្ឌលវប្បធម៌កីឡាអប់រំកាយស្រុកកើ-ដ ចាប់ពីឆ្នាំ ២០០៧ រហូតមក (បច្ចុប្បន្នជាមជ្ឈមណ្ឌលវប្បធម៌-កីឡានិងស្ថានីយផ្សាយសំឡេងស្រុកធើយឡាយ)។ ចាប់ពីពេលនោះមក ខ្ញុំបានរស់ជាមួយអាជីពរបាំ រួចបានរៀនថ្នាក់មធ្យមសិក្សាដឹកនាំសម្តែង និងក្លាយជាអ្នកហាត់របាំអាជីពជាផ្លូវការមួយរូប”។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺផ្តើមចេញពីទឹកចិត្តស្រឡាញ់សិល្បៈរបាំ បងស្រីសាភា ប្រមែប្រមូលបានយុវវ័យជាច្រើនដែលស្រឡាញ់សិល្បៈរបាំខ្មែរ ចូលរួមក្រុមសិល្បៈមហាជនខ្មែរស្រុកធើយឡាយ។ ក្រោមការណែនាំរបស់បងស្រីសាភា ឃើញថាសកម្មភាពរបស់ក្រុមសិល្បៈមហាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ បច្ចុប្បន្ន ក្រុមសិល្បៈមានសមាជិក ២៥ នាក់ ក្នុងនោះ ជាង ៩០% ជាជនជាតិខ្មែរ។ ម្យ៉ាងសមាជិកក្រុមសិល្បៈមិនមែនសុទ្ធតែជាសិល្បករ-ការិនីអាជីពនោះទេ គឺជាយុវជនដែលមានអាយុនៅក្មេងទាំងអស់។ ចំណុចដូចគ្នារបស់ពួកគាត់គឺការស្រឡាញ់ចូលចិត្ត និងអស់ពីចិត្តចំពោះសិល្បៈរបាំខ្មែរ។
តួយ៉ាងដូចប្អូនស្រី ដាវធីលិញដាង អាយុ ១៨ ឆ្នាំ ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ បានផ្សារភ្ជាប់នឹងក្រុមសិល្បៈរយៈពេលជាង ៥ ឆ្នាំ។ ប្អូនលិញដាង ឱ្យដឹង៖ “ ប្អូនស្រឡាញ់ចូលចិត្តរបាំប្រពៃណីតាំងពីតូចមកម៉្លេះ។ ចូលរួមក្រុមសិល្បៈមហាជនស្រុក ដើម្បីមានឱកាសបានហាត់សម និងសម្តែង។ គ្មានអ្វីសប្បាយជាង ខណៈពេលបានទៅសម្តែងនៅច្រើនកន្លែងនោះទេ។ ក្នុងពេលសម្តែងម្តងៗ ប្រាក់ចំណូលបានត្រឹមតែ ៣០០.០០០-៤០០.០០០ ដុងប៉ុណ្ណោះ ប៉ុន្តែប្អូនសប្បាយចិត្តណាស់។ ពិសេសគឺប្អូនមានបំណងចាប់យកអាជីពជាអ្នកហាត់របាំនាពេលអនាគត”។
តាមប្រសាសន៍ បងស្រីសាភា ប៉ុន្មានឆ្នាំជិតៗនេះ ក្រុមសិល្បៈទទួលបានការអញ្ជើញទៅសម្ដែងក្នុងព្រឹត្តិការណ៍នយោបាយ និងវប្បធម៌ជាច្រើន។ អាជីពនាដកានិងនិពន្ធរបាំប្រពៃណីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានឈ្មោះបោះសំឡេងដោយមានសួនកម្សាន្តជំនាញជាច្រើន ដូច៖ ពិធីប្រឡងមហោស្រព សមោសរ។ល។ ផ្តើមពីព្រឹត្តិការណ៍ ដូច្នេះ បានជំរុញកម្លាំងចលករបន្ថែម ដើម្បីនាដក-កាខ្មែរ ស្ងប់ចិត្តប្រកបអាជីពជាអ្នកសិល្បៈនិងអភិរក្សរបាំប្រពៃណី; រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ៕
ហុងវឹុង-លីសៀ