18/04/2022 - 14:52

ហេតុ​អ្វី​ អ្នក​គួរ​ញុាំ​ចេក​រាល់​ថ្ងៃ​?

យោង​តាម​អ្នក​ជំនាញ​ការ​ខាង​សុខ​ភាព​ ចេក​មាន​រស​ជាតិ​ឆ្ងាញ់​ និង​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​សំ​ខាន់​ៗ​ រួម​មាន ម៉ង់​ហ្គា​ណែស ម៉ាញ៉េ​ស្យូម ប៉ូតាស្យូម វីតាមីន​ C និង​ B6 និង​សមាស​ធាតុ​រុក្ខ​ជាតិ​មាន​ប្រ​យោជន៍​ជាច្រើន​ទៀត​។​ ខាង​ក្រោម​នេះ​គឺ​អ្វី​ដែល​កើត​ឡើង​ចំ​ពោះ​រាង​កាយ​របស់​អ្នក​នៅ​ពេល​អ្នក​ញុាំ​ចេក​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​៖

រូប​ជាឧទាហរណ៍​។​

+លើក​កម្ពស់​សុខ​ភាព​ពោះ​វៀន​៖ ទោះ​បីមាន​យុទ្ធ​សាស្ត្រ​ជា​ច្រើន​សម្រាប់​ការ​ញុាំ​មាន​ប្រ​យោជន៍​បំ​ផុត​សម្រាប់​សុខ​ភាព​ពោះ​វៀន​ តែ​មាន​វិធី​សាមញ្ញ​មួយ​គឺ​ញុាំ​ចេក​។​ យោង​តាម​ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​ Journal of Nutrition Bulletin ផ្លែ​ចេក​មាន​ផ្ទុក​ជាតិ​ម្សៅ​ទប់​ទល់​។​ នេះ​គឺ​ជាប្រ​ភេទ​ម្សៅ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផលិត​អា​ស៊ីត​ខ្លាញ់​សង្វាក់​ខ្លី​ ដែល​មាន​សារៈ​សំ​ខាន់​សម្រាប់​សុខ​ភាព​ពោះ​វៀន​។​ ដូច្នេះ​ហើយ​ ការ​ទទួល​ទាន​ផ្លែ​ចេក​ ជួយ​ផ្តល់​សារ​ធាតុ​ចិញ្ចឹម​ដល់​ពោះ​វៀន​ផង​ និង​ជួយ​រក្សា​លំ​នឹង​សុខ​ភាព​ពោះ​វៀន​ផង​។​

+ជួយ​សម្រក​ទម្ងន់​ដ៏​ល្អ​៖ ដោយ​សារ​តែវា​មាន​ជាតិ​សរ​សៃ​ និង​ប្រូតេ​អីុន​ខ្ពស់​ ចេក​ជួយ​ឱ្យ​អ្នក​ឆ្អែត​បាន​យូរ​ ទោះ​បី​ជា​ចេក​មួយ​ដុំ​ផ្តល់​ថាម​ពល​តែជា​ង​ ១០០ កាឡូ​រីក៏​ដោយ​។​

+ធ្វើ​អោយ​ស្បែក​មាន​សុខ​ភាព​ល្អ​៖ នៅ​ពេល​អ្នក​គិត​ដល់​អា​ហារ​ជួយ​កែលម្អ​ស្បែក​ អ្នក​ប្រ​ហែល​ជា​គិត​ដល់​ត្រី​សា​ម៉ុង​ ផ្លែ​បឺរ ឬ​គ្រាប់​ផ្លែ​ខួរ​ក្បាល​ ប៉ុន្តែ​ចេក​ក៏​មាន​ប្រ​យោជន៍​សម្រាប់​ស្បែក​ផង​ដែរ​។​ នោះ​ក៏​ព្រោះ​តែផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតា​មីន​ និង​សារ​ធាតុ​រ៉ែ​ ជាពិសេស​ គឺ​ម៉ង់​ហ្គា​ណែស ដែល​ជួយ​បង្កើន​កូឡា​ជែន ជាធាតុ​ផ្សំ​ដ៏​សំ​ខាន់​សម្រាប់​ស្បែក​មាន​សុខ​ភាព​ល្អ​។​ មិន​ថា​អ្នក​មាន​បញ្ហា​សើ​ស្បែក​យ៉ាង​ណាទេ ដូច​ជា​កើត​មុន​ ស្នាម​ជ្រីវ​ជ្រួញ ស្បែក​ស្ងួត​ ការ​ញុាំ​ចេក​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ជួយ​ពង្រឹង​សុខ​ភាព​ស្បែក​បាន​។​

+បង្កើន​កម្រិត​ថាម​ពល​រាងកាយ​៖ ចេក​ជា​អា​ហារ​បង្កើន​ថាម​ពល​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ ជាពិសេស​នៅ​ពេល​ទទួល​ទាន​មុន​ឬ​ក្រោយ​ពេល​ហាត់​ប្រាណ​ ហើយ​ក៏​ជួយ​ប្រ​ឆាំង​ភាព​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ​ផង​ដែរ​។​ យោង​តាម​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនា​វដ្តី​ PLOS One គឺ​អត្ត​ពលិក​បុរស​ដែល​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​រៀង​រាល់​ ១៥ នាទី​ម្តង​ មាន​លទ្ធ​ផល​អន់​ជាង​ក្នុង​ការ​ប្រ​ណាំង​កង់​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ជាង​អ្នក​ដែល​ញុាំ​ចេក​ និង​ផឹកទឹក​។​ អ្នក​ជំ​នាញ​ការ​បាន​បញ្ជាក់​ថា​ លទ្ធ​ផល​ទាំង​នេះ​ បង្ហាញ​ពីការ​ជាប់​ទាក់​ទង​ផ្ទាល់​រវាង​ការ​ទទួល​ទាន​ចេក​ និង​ការ​បង្កើន​កម្រិត​ថាម​ពល​លើ​ការ​បំ​ពេញ​ការ​ងារ​។​

+បង្កើន​សុខ​ភាព​បេះ​ដូង​៖ មនុស្ស​ភាគ​ច្រើន​មិន​ទទួល​ទាន​ប៉ូតា​ស្យូម​គ្រប់​គ្រាន់​ក្នុង​របប​អា​ហា​រប្រ​ចាំ​ថ្ងៃ​។​ នេះ​អាច​ប៉ះ​ពាល់​ផ្ទាល់​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​ និង​សមាស​ភាព​ផ្សេង​ទៀត​នៃ​សុខ​ភាព​បេះ​ដូង​។​ ក្នុង​ពេល​នោះ​ ចេក​សម្បូរ​ប៉ូតា​ស្យូម ដូច្នេះ​គួរ​ឧស្សាហ៍​ទទួល​ទាន​ផ្លែ​ឈើ​នេះ​ ដើម្បី​ជួយ​លើក​កម្ពស់​សុខ​ភាព​បេះ​ដូង​។​ យោង​តាម​ Healthline របប​អា​ហា​រ​សម្បូរ​ប៉ូតា​ស្យូម ដូច​ជា​ការ​ទទួល​ទាន​ចេក​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​ជំងឺ​បេះ​ដូង​បាន​ ២៧% ។​

+កែ​លម្អ​សមត្ថ​ភាព​មើល​ដល់​ភ្នែក​ទាំង​ថ្ងៃ​និង​យប់​៖ យោង​តាម​វិទ្យា​ស្ថាន​សុខា​ភិបាល​ជាតិ​សហរដ្ឋ​អា​មេរិក​ ផ្លែ​ចេក​មាន​ផ្ទុក​នូវ​វីតា​មីន A ដែល​ជាសារ​ធាតុ​ចិញ្ចឹម​សំ​ខាន់​ៗ​បីយ៉ាង​ ជួយ​ការ​ពារ​ភ្នែក​ រក្សា​សមត្ថ​ភាព​មើល​ និង​កែ​លម្អ​សមត្ថ​ភាព​មើល​ដល់​ភ្នែក​នាពេល​យប់​។​ ប្រ​សិន​បើ​អ្នក​ខ្លាច​ទទួល​ទាន​ការ៉ុត​ច្រើន​ពេក​ អាច​បណ្តាល​ឱ្យ​ស្បែក​របស់​អ្នក​ប្រែទៅ​ពណ៌​ទឹក​ក្រូច​ អ្នក​អាច​កែ​លម្អ​សមត្ថ​ភាព​មើល​ដល់​ភ្នែក​ដោយ​ទទួល​ទាន​ចេក​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​។​

គួរ​ចំ​ណាំ​៖ មិន​ថា​អា​ហារ​ណា​នោះ​ទេ បើ​ញុាំ​ច្រើន​ពេក​ ទោះ​ជាអា​ហារ​ដែល​ល្អ​ដល់​សុខ​ភាព​ដូច​ជា​ចេក​ ក៏​ងាយ​នឹង​កើន​ទម្ងន់​ឬ​កង្វះ​សារ​ធាតុ​ចិញ្ចឹម​ណា​មួយ​ជាពុំ​ខាន​។​ ដូច្នេះ​ហើយ​ អ្នក​គួរ​តែ​ញុាំ​ចេក​ពី ១-២ ផ្លែ​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​៕​

   អាង​ញៀង (យោង​តាម​ Eatthis) -    សុផន

ចែករំលែកអត្ថបទ