អ្នកកាសែតថាច់ផាត់ (នាមនិពន្ធ ភក្តី) បានជនរួមជាតិខ្មែរនៅណាមបូដឹងស្គាល់ច្រើន ព្រោះលោកធ្លាប់ទទួលនាទីជាអ្នកយកព័ត៌មាន អ្នករៀបរៀង រហូតដល់ទទួលនាទីជាអគ្គនិពន្ធនាយករងកាសែតត្រាវិញ។ ក្រោយមក លោកទទួលនាទីជាអគ្គនិពន្ធនាយករងកាសែតកឹងធើភាសាខ្មែរមុននឹងចូលនិវត្តន៍។ លោកក៏ជាកវីនិពន្ធដ៏ល្បីឈ្មោះមួយរូប ដែលប្រើប្រាស់ចុងប៉ាកកាចារនិពន្ធ កំណាព្យកាព្យឃ្លោងពីរោះរណ្តំជាទីពេញនិយមទៀតផង។
អ្នកកាសែតថាច់ភក្តី កើតឆ្នាំ ១៩៥២ នៅភូមិកំពង់ជ្រៃ ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ។ បច្ចុប្បន្ន រស់នៅខ័ណ្ឌនិញកេវ ទីក្រុងកឹងធើ។ ថ្វីដ្បិតវ័យចាស់ សុខភាពមិនបានមួនមាំក៏ដោយ ប៉ុន្តែលោក នៅតែស្រឡាញ់របរ ហើយប្តេជ្ញាចិត្តចែករំលែកបទពិសោធន៍ជូនដល់កងជួរអ្នកកាសែតឧភយភាសាវៀត-ខ្មែរ។ ម្ល៉ោះហើយ ជារៀងរាល់ថ្ងៃលោកតែងមមាញឹកនឹងការបញ្ចូលវាក្យស័ព្ទវៀត-ខ្មែរ ដាក់លើគេហទំព័រស្វែងរកវាក្យសព្ទវៀត-ខ្មែរ ដើម្បី«ចែករំលែកដោយឥតគិតកម្រៃផលលើបណ្តាញសង្គម។ បច្ចុប្បន្ន គេហទំព័ររបស់លោកមានរាប់សិបពាន់លើក នាក់ចូលស្វែងយល់ពាក្យពេចន៍។ នោះហើយ ជាថាមពលជំរុញទឹកចិត្តលោកឲ្យសប្បាយរីករាយ ដើម្បីមានសុខភាពល្អ បន្តរួមចំណែកធ្វើការងារមានប្រយោជន៍ជូនសង្គម។
ក្នុងដំណាក់កាលបំពេញការងារ លោកបានផ្តល់ចំណេះដឹង បទពិសោធន៍ជាច្រើនដល់អ្នកយកព័ត៌មាននិងអ្នកនិពន្ធជាច្រើនជំនាន់។ ពិសេស កាលពីឆ្នាំ ២០០៧ ខណៈពេលកាសែតកឹងធើភាសាខ្មែរបានបង្កើតឡើងជាផ្លូវការ លោកជាអ្នកដំបូងបង្អស់ទទួលនាទីជាអគ្គនិពន្ធនាយករងកាសែតកឹងធើ ទទួលបន្ទុកកាសែតកឹងធើភាសាខ្មែរ។ ដំណាក់កាលនោះ កងជួរអ្នកធ្វើកាសែតកឹងធើភាសាខ្មែរ សុទ្ធសឹងតែជាអ្នកបានជ្រើសចូលថ្មីថ្មោងទាំងអស់ ដូច្នោះហើយការងារគ្រប់យ៉ាង តែងបានអ្នកកាសែតថាច់ភក្តីជួយណែនាំ បណ្តុះបណ្តាលទាំងស្រុង។ អ្នកកាសែត ថាច់សុផន អនុប្រធានការិយាល័យកាសែតកឹងធើភាសាខ្មែរ មានប្រសាសន៍៖ ក្នុងអំឡុងពេលធ្វើការនៅកាសែតកឹងធើ ខ្ញុំក៏ដូចជាមិត្តរួមការងារទាំងអស់ តែងបានលោកគ្រូថាច់ភក្តី ជួយណែនាំ បណ្តុះបណ្តាល ការងារដោយអស់ពីចិត្តពីថ្លើម។ យើងខ្ញុំបានលោកគ្រូបំពាក់បំប៉នពីវិធីសាស្រ្តបកប្រែភាសា វិធីសាស្រ្តប្រើពាក្យពេចន៍សារព័ត៌មាន វិធីសាស្រ្តស្រាវជ្រាវវាក្យសព្ទវៀត-ខ្មែរ។ល។ ជួយឲ្យយើងខ្ញុំតាំងពីមិនទាន់ចេះអ្វីទាំងអស់ រហូតដល់មានចំណេះដឹងសមគួរ និងយល់បានពីអាជីពសារព័ត៌មាននោះយ៉ាងណា”។ ទន្ទឹមនឹងធ្វើកាសែត អ្នកកាសែតថាច់ភក្តី នៅទាំងសកម្មក្នុងការនិពន្ធអក្សរសិល្ប៍ទៀតផង ជាពិសេស គឺនិពន្ធកំណាព្យ។ ឆ្នាំ ២០១៨ អ្នកកាសែតថាច់ភក្តី បានអនុញ្ញាតឲ្យអ្នកកាសែតសើុងហុង អគ្គនិពន្ធនាយករងនៃកាសែតត្រាវិញ ស្រាវជ្រាវវណ្ណកម្មកំណាព្យដែលគាត់បាននិពន្ធចុះផ្សាយលើកាសែតត្រាវិញជាខេមរភាសា រួចសហការជាមួយសមាគមអក្សរសិល្ប៍ខេត្តត្រាវិញ ដើម្បីស្នើ “គ្រឹះស្ថានបោះពុម្ពវប្បធម៌ជាតិ” ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ អនុញ្ញាតឲ្យបោះពុម្ពផ្សាយ។ ឆ្នាំ ២០២០ កម្រងកាព្យ “ជួបអូនយប់បុណ្យដូនតា” រួមមានកំណាព្យ ៧៩ អត្ថបទរបស់កវីនិពន្ធថាច់ភក្តី បានបោះពុម្ពផ្សាយខ្លឹមសារអត្ថបទកំណាព្យ ស្ងើចសរសើរបក្ស មាតុភូមិ ប្រជាជនត្រាវិញ និងណាមបូ។ល។ ព្រះតេជព្រះគុណ គឹមម័ន (គឹមជុំ) អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង សមាជិកសាខាសមាគមអក្សរសិល្ប៍ខ្មែរ សមាជិកសមាគមអក្សរសិល្ប៍បណ្តាជនជាតិវៀតណាម មានថេរដីកាបញ្ជាក់៖ វណ្ណកម្មកំណាព្យរបស់កវីនិពន្ធថាច់ភក្តី បានចងក្រងតាមលក្ខណៈកំណាព្យខ្មែរមានសំនួនវោហារ ពីរោះរណ្តំ ពាក្យពេចន៍រៀបរាប់ពីលក្ខណៈវប្បធម៌ខ្មែរ មាតុភូមិ ពីមនោសញ្ចេតនាយុវវ័យ។ល។ ចំពោះកម្រងកាព្យ “ជួបអូនយប់បុណ្យដូនតា” គាត់បានចងក្រងទៅតាមមេកាព្យជាច្រើនប្រភេទ បង្ហាញពីសម្រស់វប្បធម៌ខ្មែរ។ អត្ថបទកំណាព្យនីមួយៗទោះបី មានមេកាព្យផ្សេងគ្នាក៏ដោយ ប៉ុន្តែមានចំណុចដូចគ្នាមួយនោះគឺ “ពាក្យពេចន៍មានលក្ខណៈអប់រំខ្ពស់”។
សិល្បករ-ការិនីនៃក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ច្រៀងបទចម្រៀងដែល
ជាស្នាដៃនិពន្ធរបស់កវីនិពន្ធថាច់ភក្តី ។
អ្នកកាសែត ថាច់ភក្តី បានសំណេះសំណាល៖ ខ្ញុំយល់ថាចំណេះដឹងសង្គម ក៏ដូចជាចំណេះដឹងមុខជំនាញ គឺសម្បូរបែបណាស់គ្មានទីបំផុតឡើយ ដូច្នេះខ្ញុំតែងព្យាយាមរៀនសូត្រជានិច្ច។ បច្ចុប្បន្ន ខ្ញុំនិងក្រុមការងារបញ្ចូលវាក្យស័ព្ទរបស់ខ្លួនបណ្តើរ ខិតខំស្រាវជ្រាវពាក្យថ្មីៗបណ្តើរ ដើម្បីយកមកបកប្រែជាភាសាខ្មែរបន្តទៀត។ គេហទំព័រ ស្វែងរកវាក្យស័ព្ទវៀត-ខ្មែរ បច្ចុប្បន្នខ្ញុំបញ្ចូលបានជាង ៣៩.០០០ ពាក្យ សម្រាប់ចែករំលែកដល់អ្នកដែលត្រូវការស្វែងយល់សិក្សាស្រាវជ្រាវពាក្យពេចន៍សម្រាប់បំពេញការងារមុខជំនាញផង និងសម្រាប់ផ្តោះប្តូរវប្បធម៌ផង។
អ្នកកាសែតថាច់ភក្តី ទោះបីទទួលនាទីណាក៏ដោយ លោកតែងមានមនសិការស្នេហាជាតិមាតុភូមិ ផ្សារភ្ជាប់នឹងទឹកចិត្តស្នេហាវប្បធម៌ខ្មែរ និងអស់ពីចិត្តចំពោះបុព្វហេតុសារព័ត៌មានបដិវត្តន៍វៀតណាមជានិច្ច៕
អត្ថបទនិងរូបថត៖សុជា-បកប្រែ៖ សុផន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។