ជាច្រើនឆ្នាំមកនេះ កងទ័ពការពារព្រំដែនសុកត្រាំង តែងអនុវត្តល្អភារកិច្ចការពារអធិបតេយ្យសន្តិសុខព្រំដែនសមុទ្រ។ ទន្ទឹមនឹងនោះ ផ្តោតការយកចិត្តទុកដាក់គិតគូរដល់ជីវភាពប្រជាជន ពិសេសគឺជនរួមជាតិខ្មែរនៅតំបន់ព្រំដែនសមុទ្រ។
តំណាងកងទ័ពការពារព្រំដែន ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រនៅតំបន់ព្រំដែនសមុទ្រ។
នៅតាមភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករនៃតំបន់ព្រំដែនសមុទ្ររបស់ខេត្តសុកត្រាំង តែងដិតដាមស្នាមជើងកម្មាភិបាល យុទ្ធជនការពារព្រំដែន។ ទៅដល់ទីណា ពួកគាត់តែងបានប្រជាជនទទួលស្វាគមន៍ដូចជាសាច់ញាតិក្នុងគ្រួសារ។ ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែមានភាពកក់ក្តៅជាង ពេលបានកម្មាភិបាល យុទ្ធជនការពារព្រំដែន ជួយឧបត្ថម្ភសង់ផ្ទះសម្បែង។ បងស្រីត្រិញធីថាញធ្វី នៅភូមិត្រាសេត ឃុំវិញហាយ ក្រុងវិញចូវ ឱ្យដឹង៖ “ពីមុន ផ្ទះខ្ញុំបាំងភ្លៀង ខ្យល់ដោយផ្ទាំងកៅស៊ូ។ ឃើញដូច្នោះ ពូៗកងទ័ពបានឧបត្ថម្ភនិងជួយសាងសង់ផ្ទះសម្រេចរួចរាល់ មានភាពសមរម្យ គិតជាទឹកប្រាក់ចំនួន ៥០ លានដុង។ ចាប់ពីពេលនេះទៅ ខ្ញុំស្ងប់ចិត្តធ្វើការរកស៊ីដើម្បីគិតគូរជីវភាព”។ ចំណែកបងឡឹមមិញជុង នៅអនុសង្កាត់កាឡាំងអាបៀង សង្កាត់ ២ ក្រុងវិញចូវ ឱ្យដឹងដោយក្តីរីករាយ៖ “គ្រួសារខ្ញុំក្រ ម្តាយឈឺធ្ងន់ ប្តីប្រពន្ធខ្ញុំទៅធ្វើការឈ្នួលបានត្រឹមតែទិញថ្នាំ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ហេតុដូច្នេះ ពេលបានពូៗកងទ័ពឧបត្ថម្ភសង់លំនៅឋាន ប្តីប្រពន្ធខ្ញុំសប្បាយចិត្តណាស់! ខ្ញុំដឹងគុណពូៗ កងទ័ពដែលបានជួយប្រជាជន មានដូច រូបខ្ញុំដោយអស់ពីចិត្ត”។
បងស្រីត្រិញ ធីថាញធ្វី រំភើបរីករាយពេល មានផ្ទះ សម្បែងរឹងមាំ។
មិនត្រឹមតែជួយសាងសង់ផ្ទះជាច្រើនឆ្នាំមកនេះ កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនសុកត្រាំង ក៏បានបង្កើតទម្រង់ជាច្រើន មានប្រសិទ្ធភាព ដូច៖ ទម្រង់ចិញ្ចឹមពពែ ចិញ្ចឹមគោ ដាំខ្ទឹមក្រហម។ល។ រួមចំណែកយ៉ាងធំក្នុងការបំបាត់ភាពក្រីក្រនៅភូមិភាគ។ ទន្ទឹមនឹងនោះ ឆ្លងតាមរយៈទម្រង់ “ខាប់អង្ករមេត្តាធម៌” កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន រួមគ្នាប្រិតសំចៃ រួមវិភាគទាន ដើម្បីជួយមនុស្សចាស់គ្មានទីពឹង ទម្រង់ ”ដៃកន្រ្តៃការពារព្រំដែន” កម្មវិធី “កងទ័ពការពារព្រំដែនសុកត្រាំង រួមកម្លាំងកសាងជនបទថ្មី” កម្មវិធី “ពេទ្យយោធានិងប្រជាជនសហការ” កម្មវិធី “ចូរធ្វើឱ្យសមុទ្រស្អាត” អាស្រ័យកងទ័ពការពារព្រំដែនសុកត្រាំងបំផុសចលនាបានបន្សល់នូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងទឹកចិត្តប្រជាជនតំបន់ព្រំដែនសមុទ្រ។ ទន្ទឹមនឹងនោះ ក្រោយពីរយៈកាល ៥ ឆ្នាំ អនុវត្តកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” កងទ័ពការពារព្រំដែនសុកត្រាំង រួមវិភាគទានទឹកប្រាក់បានជាង ១,២ ពាន់លានដុង ដើម្បីបង្កើតមូលនិធិអាហារូបករណ៍; ជូនកង់ ៤០ គ្រឿង រៃអង្គាសប្រាក់បានជាង ៦០ លានដុង ដើម្បីទិញសៀវភៅនិងសិក្ខូបករណ៍ជូនប្អូនៗ។ ជារៀងរាល់ឆ្នាំ កងទ័ពការពារព្រំដែននៅទាំងសហការជាមួយសមាគមជំរុញការសិក្សាខេត្ត ជូនអាហារូបករណ៍ ២០០ ចំណែកដល់សិស្សដែលមានស្ថានភាពក្រីក្រ ជម្នះលំបាករៀនពូកែ។
លោកវរសេនីយ៍ឯក ឡេវ៉ាន់អាញ់ ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនសុកត្រាំង ឱ្យដឹង៖ “កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនតែងកំណត់ច្បាស់ “ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើត ជនរួមជាតិជាសាច់ញាតិ បងប្អូន” ម៉្លោះហើយតែងរក្សាខ្ជាប់ប្រវេណី ស្មោះអស់ពីចិត្តចំពោះបក្ស តបស្នងសងគុណចំពោះប្រជាជន ផ្សារភ្ជាប់សាច់ឈាមចំពោះជនរួមជាតិ។ កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនសុកត្រាំង តែងអនុវត្តល្អភារកិច្ច គ្រប់គ្រងការពារអធិបតេយ្យព្រំដែនសមុទ្រ ធានាការរស់នៅសុខសាន្តជូនប្រជាជនតំបន់ព្រំដែនសមុទ្រនៃមាតុភូមិ”៕
យ្វីអាញ-មុនី