ឆ្នាំនេះ បញ្ជាការដ្ឋានយោធាក្រុងកឹងធើ និងគណៈកម្មាធិការប្រជាជនស្រុកកើ-ដ សហការរៀបចំបុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២។ រយៈពេលជាង ២ សប្តាហ៍កន្លង កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធក្រុង បានចូលរួមនូវសកម្មភាពជាច្រើនជួយដល់ប្រជាជននៅឃុំ ទីប្រជុំជននានា។
គណៈកម្មការរៀបចំបុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២ ផ្តើមដំណើរការសាងសង់ផ្ទះមិត្តរួមកង។
ចាប់ពីថ្ងៃទី ២១ ខែមីនា បញ្ជាការដ្ឋានយោធាក្រុង បើកយុទ្ធនាការអនុវត្តសំណង់សំខាន់ៗនៃបុណ្យចូលឆ្នាំកងទ័ពប្រជាជន (លើកទី ១) ដូច៖ ជួសជុល លាបពណ៌របងវត្តមុនីឧត្តមរង្សី (ឃុំដុងថាំង); ដាក់អំពូលភ្លើង កាប់ឆ្ការគុម្ពោតព្រៃ បោសសម្អាតដងផ្លូវនៅតាមឃុំ ទីប្រជុំជននានា។ល។ គណៈកម្មការរៀបចំបុណ្យចូលឆ្នាំកងទ័ពប្រជាជន ក៏ផ្តើមដំណើរការសាងសង់ ជួសជុលផ្ទះមហាសាមគ្គី ផ្ទះមិត្តរួមកងចំនួន ១២ ខ្នង ជូនកងប្រជាស្វ័យត្រាណនិងជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាក។
តាមប្រសាសន៍វរសេនីយ៍ទោ ង្វៀងថាញសើុង ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាស្រុកកើ-ដ កងកម្លាំងប្រដាប់អាវុធស្រុក បានកៀរគរកម្មាភិបាលយុទ្ធជន ២៣០ នាក់ រួមវិភាគទានកម្លាំងពលកម្មជាង ១.២០០ ថ្ងៃ ដើម្បីចូលរួមបុណ្យចូលឆ្នាំកងទ័ពប្រជាជនជាមួយនឹងគ្រប់គណៈ ផ្នែក អង្គការមហាជននានាក្នុងស្រុក និងឃុំថើយហឹង ថើយដុង ថើយស្វឹង ដុងថាំង ដុងហ៊ីប ថាញ់ភូ ព្រមទាំងទីប្រជុំជនកើ-ដ។ មកទល់បច្ចុប្បន្ន សំណង់អំណរបុណ្យចូលឆ្នាំ កងទ័ពប្រជាជនបានអនុវត្តត្រូវតាមល្បឿនដំណើរការ។ ជាក់ស្តែង គឺការចាក់បេតុងនិងដាក់បង្គោលភ្លើងនៅតាមដងផ្លូវ; លាបពណ៌របងវត្តមុនីឧត្តមរង្សី សម្រេច ៨០% នៃបរិមាណការងារ; សាងសង់ផ្ទះសម្រេចជាង ៥០% ។ល។ កម្លាំងប្រដាប់អាវុធស្រុក ចូលរួមសកម្មភាពផ្សព្វផ្សាយអនុស្សាវរីយ៍ខួប ៤៧ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២២) ទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ច្បាប់កាតព្វកិច្ចយោធា ច្បាប់កងប្រជាស្វ័យត្រាណ ច្បាប់កងកម្លាំងបម្រុងកំណែន; ផ្សព្វផ្សាយមាគ៌ា គោលការណ៍របស់បក្សនិងរដ្ឋ ស្ដីពីគោលនយោបាយសម្រាប់ជនជាតិ សាសនា។ល។
បុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ មានបធានបទ “កងទ័ពប្រជាជនកឹងធើ អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២” ត្រូវបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមេសា នៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រអាងណាមបក្សកុម្មុយនិស្ត នៅទីប្រជុំជនកើ-ដ។ គណៈកម្មការរៀបចំបុណ្យចូលឆ្នាំ កងទ័ពប្រជាជន ផ្តុំកម្លាំងគិតគូរ ធានាសុខុមាលភាពសង្គមជូនជនរួមជាតិខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជូនអំណោយ ៥០០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រនៅស្រុកកើ-ដ ថើយឡាយនិងខ័ណ្ឌអូរម៉ូង; ប្រគល់ផ្ទះមិត្តរួមកង ផ្ទះមហាសាមគ្គី; ជូនអាហារូបករណ៍ ១០០ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្រ។ល។ គណៈកម្មការរៀបចំបុណ្យចូលឆ្នាំកងទ័ពប្រជាជន រៀបចំសកម្មភាពកីឡាអប់រំកាយ ប្រឡងធ្វើនំប្រពៃណីរបស់ជនរួមជាតិខ្មែរ។ល។
តាមប្រសាសន៍វរសេនីយ៍ឯក ផាមង៉ុកក្វាង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាក្រុងកឹងធើ ឆ្នាំ ២០២២ គឺជាឆ្នាំទីពីរដែលបញ្ជាការដ្ឋានយោធាក្រុង សហការរៀបចំបុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីលើភូមិសាស្ត្រក្រុង។ គណៈកម្មការរៀបចំបុណ្យចូលឆ្នាំ កងទ័ពប្រជាជន បានសាងសង់សំណង់សុខុមាលភាពសង្គមជាច្រើន; អនុវត្តនូវការងារគោលនយោបាយបដិការគុណ គិតគូរដល់អ្នកដែលមានស្ថានភាពលំបាក។ល។ នៅឃុំ ទីប្រជុំជននានា។ សកម្មភាពបុណ្យចូលឆ្នាំកងទ័ពប្រជាជន ត្រូវបានរៀបចំសមស្របនឹងទំនៀមទម្លាប់របស់ប្រជាជននៅភូមិភាគ; ធានាការបង្ការប្រឆាំងជំងឺ COVID-១៩។ បញ្ជាការដ្ឋានយោធា ក្រុងនឹងសហការជិតស្និទ្ធជាមួយមន្ទីរ គណៈ ផ្នែកក្រុង គណៈកម្មាធិការប្រជាជនស្រុកកើ-ដ រៀបចំសកម្មភាពបុណ្យចូលឆ្នាំកងទ័ពប្រជាជន (លើកទី ២) ប្រកបដោយភាពជាក់ស្តែង មានអត្ថន័យ អធិកអធម បង្កបរិយាកាសសប្បាយ រីករាយ ដើម្បីមាមីងជនរួមជាតិខ្មែរនិងព្រះសង្ឃ ទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសុខសាន្ត និងសុភមង្គល៕
ជុងកឿង-មុនី