កសិករខ្មែររាប់សិបពាន់គ្រួសារនៅតំបន់ដីខ្សាច់ជំនាញដាំដំណាំរួមផ្សំក្នុងខេត្តត្រាវិញ កំពុងសកម្មថែទាំបន្លែបង្ការសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមក្នុងពេលខាងមុខនេះ។
កសិករឃុំហ្វាឡើយ ថែទាំបន្លែបង្ការដើម្បីបម្រើទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម។
លោកស្រីតូធីធូវឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាឡើយ ស្រុកចូវថាញ់ ឱ្យដឹង៖ “ឃុំបានបង្កើតក្រុមសហការ និងសហករណ៍ជាច្រើនជំនាញដាំដំណាំរួមផ្សំនៅលើផ្ទៃដីជាង ៨៥០ ហិកតា ដោយមានបន្លែគ្រប់ប្រភេទ ដូចជាខ្ទឹមស្លឹក គូឆាយ តាំងអោ ត្រឡាច ម្រះ ខាត់ណា ម្ទេស ខ្មាំង និងប្រភេទបន្លែស្លឹក ។ល។ ផ្គត់ផ្គង់ទីផ្សារក្នុងនិងក្រៅខេត្ត។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម តម្រូវការប្រើប្រាស់បន្លែម្រះ ខាត់ណា និងប្រភេទបន្លែស្លឹក។ល។ កើនខ្ពស់ ម្ល៉ោះហើយកសិករប្រមូលផ្តុំដាំនូវប្រភេទបន្លែទាំងនេះ។ បន្លែបង្ការធម្មតាងាយដាំ ប្រើរយៈពេលខ្លី បង់កម្រៃតិច នាំមកប្រភពចំណូល គួរឱ្យកត់សម្គាល់ជូនគ្រួសារប្រជាជនជាច្រើន ពិសេសគឺសមស្របនៅលើតំបន់ដីខ្សាច់”។
លោកថាច់សៅ នៅភូមិក្នុងស្រុក ឃុំហ្វាឡើយ ឱ្យដឹងដោយក្តីរីករាយ៖ “ទោះជារងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ ប៉ុន្តែប៉ុន្មានខែមកនេះ តម្លៃបន្លែបង្ការថ្លៃគ្រាន់បើ បូកផ្សំជាមួយនឹងអាកាសធាតុអំណោយផល ម្ល៉ោះហើយខ្ញុំកែប្រែដី ៥ កុង ដាំប្រភេទបន្លែ មានដូច ស្ពៃ ខ្ទឹមស្លឹក គូឆាយ ម្ចេសខ្មាំង ដើម្បីបម្រើទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម។ ខ្ញុំសង្ឃឹមថា ទទួលបានទិន្នផលខ្ពស់ កែលម្អជីវភាពគ្រួសារ”។ អ្នកមីងថាច់ធីញ៉ាង នៅភូមិកិញឆាង ឱ្យដឹង៖ “គ្រួសារខ្ញុំដាំខាត់ណាផ្កាសជាង ២ កុង ទោះជានេះជាប្រភេទដំណាំទើបអនុវត្តដាំ ប៉ុន្តែខ្ញុំស្ងប់ចិត្តដោយសារបានស្វែងយល់យ៉ាងច្បាស់លាស់អំពីរបៀបថែទាំ ក៏ដូចជាច្រកចេញរបស់ទីផ្សារ។ បច្ចុប្បន្ន តម្លៃខាត់ណាផ្កាស ២០.០០០ ដុង/គីឡូក្រាម ចំណែកប្រភេទបន្លែបង្ការផ្សេងទៀតតម្លៃជាមធ្យម ១០.០០០ ដុង/គីឡូក្រាម។ សង្ឃឹមថាចាប់ពីពេលនេះដល់បុណ្យចូលឆ្នាំថ្មីវៀតណាម តម្លៃនៅតែលំនឹងដូច្នេះ ដើម្បីគ្រួសារខ្ញុំរកបានប្រាក់ចំណូលខ្ពស់”។
លោកឡេវ៉ាន់ដុង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ឱ្យដឹង៖ “អាស្រ័យអាកាសធាតុអំណោយផល រយៈពេលជ្រាបទឹកប្រៃខ្លី ឆាប់អស់ភ្លៀង ហើយតម្លៃលំនឹង ម្ល៉ោះហើយកសិករក្នុងខេត្តបានពង្រីកផ្ទៃដីដាំដំណាំរួមផ្សំ សម្រេច ៣១.០០០ ហិកតា កើនជាង ៦.៥០០ ហិកតា បើប្រៀបនឹងឆ្នាំកន្លង។ ឆ្នាំនេះ សន្យានឹងផ្តល់ទិន្នផលខ្ពស់ ផ្គត់ផ្គង់គ្រប់គ្រាន់ និងសម្បូរបែបប្រភេទបន្លែបង្ការដល់ទីផ្សារ កែលម្អជីវភាពកសិករនៅតំបន់ជនរួមជាតិខ្មែរ”៕
សើុងម៉ាល័យ-វិមាន