ឃុំឆ្នេរសមុទ្រយឿងហ្វា នៅស្រុកគៀងលឿង ខេត្តគៀងយ៉ាង បានអភិវឌ្ឍឥតឈប់ឈរ ដោយការវិនិយោគព្រមៗគ្នារបស់រដ្ឋ។
ផ្លូវណូយម៉ីនៅភូមិតាសាំង (រូបថតមុនពេលជំងឺ COVID - ១៩ ផ្ទុះរាលដាល)។
យឿងហ្វាជាឃុំឆ្នេរសមុទ្រ ដីជ្រាបជាតិប្រៃ ម្ល៉ោះហើយផលិតស្រូវបានតែ ១ រដូវ/ឆ្នាំ។ អាស្រ័យហេតុនោះ ឃុំត្រូវបានរដ្ឋឧបត្ថម្ភកែប្រែដីដើម្បីងាកមកចិញ្ចឹមបង្គាឧស្សាហកម្ម ឬប្រពលវប្បកម្មវិញ។ ផ្តើមពីតម្រូវការវត្ថុធាតុដើមសម្រាប់ចិញ្ចឹមបង្គា បានទាក់ទាញរោងចក្រផលិត កែច្នៃចំណីបង្គា និងចិញ្ចឹមបង្គាឧស្សាហកម្ម។ល។ បើកដំណើរការនៅភូមិស្រុក ម្ល៉ោះហើយពលករជាច្រើនមានការងារធ្វើលំនឹង។ តាមប្រសាសន៍លោកឡឹមបែថាំង អនុលេខាគណៈកម្មាធិការបក្សឃុំយឿងហ្វា ភាពទម្លុះទម្លាយមួយក្នុងចំណោមភាពទម្លុះទម្លាយនានាក្នុងការវិនិយោគនៅយឿងហ្វានោះ គឺហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ ឃុំបានគួបផ្សំនូវកម្មវិធីគម្រោងនានា ដើម្បីអភិវឌ្ឍអគ្គិសនី ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាល ប្រព័ន្ធធារាសាស្ត្រ។ល។ មកទល់ពេលនេះ ផ្លូវភ្ជាប់ភូមិនីមួយៗ ត្រូវបានក្រាលបេតុង ១០០% គ្រួសារប្រជាជន ៩៩% មានទឹកស្អាតប្រើប្រាស់ និងគ្រួសារប្រជាជន ១០០% មានអគ្គិសនីប្រើប្រាស់។ ពិសេសគឺដងផ្លូវជុំវិញជ្រលងភ្នំ ត្រូវបានជំនួសដោយផ្លូវបេតុង ១០០% ជួយឱ្យប្រជាជនងាយស្រួលធ្វើដំណើរទៅកាន់ក្រុមហ៊ុន និងសហគ្រាសដើម្បីធ្វើការ។
តួយ៉ាងដូចនៅភូមិតាសាំង បច្ចុប្បន្នដងផ្លូវធំក្នុងភូមិដែលប្រជាជនភូមិភាគនិយមហៅថា ផ្លូវណូយម៉ី ក៏បានក្រាលបេតុងរួចរាល់។ លោកយ័ញសេរី លេខាសាខាបក្ស និងជាប្រធានភូមិតាសាំង ឱ្យដឹង៖ “បច្ចុប្បន្នភូមិមានប្រជាជន ៤៧៣ គ្រួសារ ក្នុងនោះ មានជនរួមជាតិខ្មែររស់នៅ ៥២%។ ១០ ឆ្នាំមុន ភូមិមានគ្រួសារក្រីក្រដល់ទៅ ៧០%។ តែចាប់តាំងពីពេលរដ្ឋបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ឡើងគម្រោងប្លង់ចិញ្ចឹមបង្គាឧស្សាហកម្ម វិនិយោគរោងចក្រផលិតនិងកែច្នៃ ម្ល៉ោះហើយពលករជាច្រើនរកបានប្រាក់ចំណូលលំនឹង។ បច្ចុប្បន្ន ទូទាំងឃុំ មានពលករចំនួន ២៣២នាក់ កំពុងធ្វើការនៅតាមក្រុមហ៊ុននិងសហគ្រាសក្នុងភូមិភាគ។ មានផ្លូវជនបទជួយឱ្យពលករធ្វើដំណើរទៅធ្វើការងាយស្រួល ម្ល៉ោះហើយរកបានប្រាក់ចំណូលលំនឹង។ តាមស្ថិតិ ភូមិនៅមានប្រជាជនក្រីក្រ ៨ គ្រួសារ និងកៀកបន្ទាត់ក្រ ១៩ គ្រួសារ ដទៃពីនោះគឺគ្រួសារមធ្យមនិងគ្រួសារធូរធារគ្រាន់បើ”។
បងយ័ញត្រុង នៅភូមិតាសាំង ចែករំលែកនឹងយើងខ្ញុំ៖ “កាលពីមុន ខ្ញុំទៅសមុទ្រម្តងៗរាប់ខែ។ រសាត់តែលតោលលើផ្ទៃសមុទ្រ ណាមួយបារម្ភពីប្រពន្ធធ្វើយ៉ាងណាដើម្បីគិតគូរដល់កូនតូចទាំង ២ នាក់។ សូម្បីតែការរុញរទេះចេញផ្លូវធំដើម្បីទិញទឹកយកមកប្រើ ក៏ឃើញថាលំបាកណាស់ទៅហើយ។ ចាប់ពីពេលក្បាលថ្នល់ បើករោងចក្រផលិត ខ្ញុំសុំចូលធ្វើជាកម្មករ។ ពេលព្រឹកប្តីប្រពន្ធឌុបកូនតាមផ្លូវជាតិ ៨០ យកទៅផ្ញើសាលាមតេ្តយ្យ រួចទៅធ្វើការទាំងអស់គ្នា។ ពីផ្ទះខ្ញុំដល់កន្លែងធ្វើការបើកម៉ូតូមិនដល់ ១០ នាទីផង ម្ល៉ោះហើយជីវភាពគ្រួសារខ្ញុំសព្វថ្ងៃលំនឹងជាងមុន”៕
ហាថាញ-លីសៀ