ប៉ុស្តិ៍ការពារព្រំដែនហងជូយ នៅចម្ងាយពីច្រកសមុទ្រសុងដុក ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ ប្រមាណ១៧គាវុត។ ទោះបីនៅឆ្ងាយពីដីគោក ប៉ុន្តែប៉ុស្តិ៍តែងអនុវត្តសម្រេចភារកិច្ច”ពីរ ទន្ទឹមគ្នា” គ្រប់គ្រង ការពាររឹងមាំអធិបតេយ្យសន្តិសុខព្រំដែនកោះសមុទ្រផង និងបង្កើនការបង្ការប្រឆាំងជំងឺ COVID -១៩ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ផង។
ក្រុមការងារនៃប៉ុស្តិ៍ការពារព្រំដែនហងជូយ តែងក្រើនរំលឹកជារឿយៗ ដល់មាមីងលើកកម្ពស់ស្មារតីក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩។
វរសេនីយ៍ត្រី ត្រឿងវ៉ាន់កើត ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនហងជូយ ឱ្យដឹង៖ “នៅលើកោះហងជូយ បច្ចុប្បន្នមានប្រជាជនរស់នៅ ៦៨ គ្រួសារ ដោយមានមនុស្សជាង ២០០ នាក់។ ក្នុងដំណាក់ការអនុវត្តភារកិច្ច ទន្ទឹមនឹងការផ្សព្វផ្សាយ ចលនាប្រជាជនប្រតិបត្តិយ៉ាងម៉ឺងម៉ាត់បទប្បញ្ញត្តិអំពីការបង្ការប្រឆាំងជំងឺរាតត្បាត អង្គភាពនៅទាំងសហការស្អិតល្មួតជាមួយនឹងកងកម្លាំងនៅលើកោះ ដើម្បីក្តោបក្តាប់ស្ថានភាពតំបន់សមុទ្រ។ អង្គភាពតែងដើរល្បាតជុំវិញតំបន់កោះ ដើម្បីប្រទះឃើញទាន់ពេលករណីបំពានច្បាប់ក្នុងសកម្មភាពធ្វើនេសាទ ទាញយកផលសមុទ្រ ទន្ទឹមនឹងនោះ ក្រើនរំលឹកអ្នកនេសាទលើកកម្ពស់ស្មារតីបង្ការប្រឆាំងជំងឺ COVID-១៩ សន្យាដាច់ខាតមិនដឹកមនុស្ស ឬសមគំនិតដឹកមនុស្សឆ្លងដែនខុសច្បាប់ចូលវៀតណាម។ តាមរយៈការផ្សព្វផ្សាយ ចលនានិងក្រើនរំលឹករបស់អង្គភាព មាមីងគ្រប់រូបនៅលើកោះនិងពលករនៅសមុទ្រពេលចូលដល់កោះ សុទ្ធសឹងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសេចក្តីកំណត់នៃការបង្ការប្រឆាំងជំងឺរាតត្បាត។ ពេលចូលដីគោកហើយ វិលទៅកោះម្តងៗ តែងបានអង្គភាពពេទ្យយោធាណែនាំរាយការណ៍សុខាភិបាលត្រឹមត្រូវតាមកំណត់ អ្នកណាដែលច្រើនធ្វើដំណើរទៅដីគោកនឹងបានណែនាំតាមដានសុខភាពនៅផ្ទះ អនុវត្តម៉ឺងម៉ាត់សារ ៥K”។
ទន្ទឹមនឹងការបង្ការប្រឆាំងជំងឺរាតត្បាត ប្រជាជននៅលើកោះក៏បានអង្គភាពណែនាំនូវវិធានការបង្ការទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ ព្រោះថាជារៀងរាល់ឆ្នាំ ប្រជាជននៅកោះហងជូយតែងរើផ្ទះ ២ លើក ដើម្បីបញ្ចៀសខ្យល់ព្យុះ។ ចាប់តាំងពីខែវិច្ឆិកាឆ្នាំនេះ រហូតដល់ខែមេសាឆ្នាំក្រោយត្រូវរើផ្ទះទៅនៅល្បាក់ខាងត្បូង ចាប់តាំងពីខែឧសភារហូតដល់ខែតុលា ត្រូវរើផ្ទះទៅល្បាក់ខាងជើង។ ហៅថាផ្ទះ ប៉ុន្តែតាមពិតជាផ្ទះបណ្តោះអាសន្ន សង់ដោយឈើនិងស័ង្កសី រខេករខាក។ នៅពេលរើផ្ទះម្តងៗ គឺកម្មាភិបាល យុទ្ធជនរបស់អង្គភាពមកជួយរៀបចំសង់ផ្ទះឡើងវិញ។ ពេលមានដំណឹងខ្យល់ព្យុះឬសម្ពាធទាប អង្គភាពតែងជួយប្រជាជនចងទប់ផ្ទះសម្បែង រំកិលក្បូនចិញ្ចឹមត្រីទៅកន្លែងសុវត្ថិភាព ព្រមទាំងបញ្ជូនយាយតាចាស់ៗ ស្រ្តីនិងកុមារទៅស្នាក់នៅឯអង្គភាព។ លោកហុងញឹកត្រឿង ប្រជាជនរស់នៅលើកោះជិត ២០ ឆ្នាំ ឱ្យដឹង៖ “មិនត្រឹមតែបង្ការប្រឆាំងជំងឺរាតត្បាតនោះទេ គ្រប់ស្ថានភាពដែលពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់នៅលើកោះ ការបង្ការទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិ គឺមាមីងសុទ្ធតែពឹងលើកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន និងកងកម្លាំងបំពេញភារកិច្ចនៅលើកោះ”៕
យោង៖ កាសែតកឹងធើ-មុនី