នៅហាណូយ មជ្ឈិមសមាគមកសិករវៀតណាម បានរៀបចំយ៉ាងឱឡារិកពិធីស្ងើចសរសើរនិងផ្តល់ជូនកិត្តិនាម “កសិករវៀតណាមឆ្នើម” ឆ្នាំ ២០២១។
សមមិត្ត វឿងឌិញហ្វែ សមាជិកការិយាល័យនយោបាយ-ប្រធានរដ្ឋសភា និងសមមិត្តលឿងក្វឹកដង ប្រធានសមាគមកសិករវៀតណាម ផ្ដល់ជូនកិត្តិនាមកសិករវៀតណាមឆ្នើមដល់ក្រុមកសិករ ចំណុះវិស័យផ្លាស់ប្តូរឌីជីថល កសាងជនបទថ្មីនិងការពារសន្តិសុខប្រទេស។
ថ្លែងបើកពិធី ប្រធានសមាគមកសិករវៀតណាម លឿងក្វឹកដង ឱ្យដឹង៖ ឆ្លងកាត់ការបាត់បង់ ការលំបាកដោយសារជំងឺ COVID-១៩ រយៈពេល ២ ឆ្នាំកន្លង កសិករវៀតណាមបន្តជម្នះនូវការលំបាក ឈានឡើង សាមគ្គី ច្នៃប្រតិដ្ឋ ជួយគ្នាកាត់បន្ថយភាពក្រីក្រ ធ្វើមានសម្រាប់ខ្លួន សម្រាប់ភូមិស្រុក ប្រទេសជាតិ និងព្រួតដៃកសាងជនបទថ្មីសម្បូរសប្បាយនិងក្រុងស៊ីវិល័យ។ ផ្តើមពីភាពជាក់ស្តែងនៃជីវភាពនិងការចលនាប្រឡងប្រណាំងស្នេហាជាតិ បានប្រទះឃើញនូវកសិករគំរូជឿនលឿន កសិករឆ្នើមលើគ្រប់វិស័យក្នុងការបង្កបង្កើនផលកសិកម្ម រុក្ខកម្ម និងនេសាទកម្ម; កែលម្អវិធានការបច្ចេកទេសនិងច្នៃបង្កើតថ្មី មានគំនិតច្នៃប្រតិដ្ឋ; កសាងទម្រង់សេដ្ឋកិច្ចសមូហភាព ខ្សែសង្វាក់ ចងសម្ព័ន្ធផលិតកម្ម; បង្កើតបានជាពូជដំណាំផ្សេងៗនិងសត្វចិញ្ចឹមថ្មីៗ បង្កើនទិន្នផលនិងគុណភាពខ្ពស់; នេសាទករច្បាមសមុទ្រ កសិករច្បាមព្រំដែន អភិវឌ្ឍសេដ្ឋកិច្ចផង ចូលរួមការពារអធិបតេយ្យព្រំដែន និងអធិបតេយ្យកោះសមុទ្រនៃមាតុប្រទេសផង។
នេះជាលើកទី ៩ ពិធីស្ងើចសរសើរនិងផ្ដល់ជូនកិត្តិនាម “កសិករវៀតណាមឆ្នើម” ត្រូវបានមជ្ឈិមសមាគមកសិករវៀតណាមដឹកនាំរៀបចំ។ ឆ្នាំ ២០២១ គណៈកម្មការរៀបចំកម្មវិធី បានពិនិត្យជ្រើសរើសនិងផ្ដល់ជូនកិត្តិនាម “កសិករវៀតណាមឆ្នើម” ទទួលបានសំណុំលិខិតឧទ្ទេសនាមបេក្ខជនចំនួន ១៤៦ មកពីសមាគមកសិករទាំង ៦៣ ខេត្ត ក្រុង ។ ក្រុមប្រឹក្សាសម្រេច រួមមានតំណាងថ្នាក់ដឹកនាំមជ្ឈិមសមាគមកសិករវៀតណាម គណៈឃោសនាអប់រំមជ្ឈិម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហពាណិជ្ជកម្ម តំណាងក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកឯកទេស បានសម្រិតសម្រាំងយ៉ាងហ្មត់ចត់ ប្រកបដោយសត្យានុមតិ ពិនិត្យជ្រើសរើស បានកសិករឆ្នើមបំផុត ៦៣ នាក់ ។ ក្នុងចំណោមកសិករវៀតណាមឆ្នើមឆ្នាំ ២០២១ ទាំង ៦៣ នាក់នោះ មានបុរស ៥៤ នាក់ នារី ៩ នាក់ ក្នុងនោះមានជនជាតិភាគតិច ៩ នាក់។ ដូច្នេះ កសិករវៀតណាមឆ្នើមដែលមានវ័យក្មេងជាងគេគឺបងលឿងវ៉ាន់ប៊ិញ (កើតឆ្នាំ ១៩៨៧) នៅខេត្តហ្វាប៊ិញ។ កសិករវៀតណាមឆ្នើមដែលមានវ័យចាស់ជាងគេ គឺពូង្វៀងវ៉ាន់ម៉យ (កើត ឆ្នាំ ១៩៤៨) នៅខេត្តនិញធ្វឹង៕
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម - ប្រែសម្រួល៖ លីសៀ