មន្ទីរពេទ្យពហុព្យាបាលហ្វាងមីគឺវឡុង ទើបតែជួយសង្គ្រោះជីវិតនិងឱ្យចុះពីពេទ្យចំពោះអ្នកមីងម្នាក់ ឈ្មោះ N.T.L.T អាយុ ៥៣ ឆ្នាំ នៅខេត្តហូវយ៉ាង ដែលពុលថ្នាំ ប្រព័ន្ធរាងកាយចុះខ្សោយ សន្លប់បាត់ស្មារតី បន្ទាប់ពីផឹកល្បាយទឹកថ្នាំធ្វើពីទឹកដូង ស្ករក្រាម ខ្ញី ស្លឹកគ្រៃនិងស្លឹកថ្នាំមួយចំនួនទៀតដែលស្គាល់មិនច្បាស់។
អ្នកជំងឺបានសង្គ្រោះទាន់ពេល សុខភាពបានល្អប្រសើរឡើងវិញ។ រូបថតអាស្រ័យមន្ទីរពេទ្យផ្ដល់
អ្នកមីង T បានគេប្រាប់ពីថ្នាំស្រុកបង្ការជំងឺ COVID-១៩។ បន្ទាប់ពីលេបថ្នាំរួច អ្នកមីងមានអាការៈឈឺពោះ ក្អួតចង្អោរនិងចុះរាក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភូមិភាគព្យាបាល។ ក៏ប៉ុន្តែជំងឺប្រែធ្ងន់ អ្នកមីងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពហុព្យាបាលហ្វាងមីគឺវឡុង ក្នុងស្ថានភាពសន្លប់បាត់ស្មរតី ស្លេកស្លាំង សម្ពាធឈាមចុះទាប។
តាមរយៈការពិនិត្យនិងធ្វើកោសល្យវិច្ច័យ វេជ្ជបណ្ឌិតបានប្រាប់ថា អ្នកជំងឺឆ្លងមេរោគ ជ្រាបជាតិពុលផ្លូវរំលាយអាហារដោយសារលេបថ្នាំស្រុក មានការប្រែប្រួល ប្រព័ន្ធរាងកាយចុះខ្សោយ ព្យាករណ៍ថាធ្ងន់ ប្រឈមនឹងហានិភ័យបាត់បង់ជីវិតខ្ពស់។ អ្នកជំងឺត្រូវបានដាក់បំពង់ដង្ហើមសង្គ្រោះបន្ទាន់ ជំនួយដង្ហើមដោយម៉ាស៊ីន ប្រើថ្នាំកម្រើកសរសៃ ថ្នាំអង់ទីប៊ីយោទិចនិងលាងឈាមជាបន្តបន្ទាប់។ ក្រុមគ្រូពេទ្យបានតាមដានយ៉ាងដិតដល់ស្ថានភាពរបស់អ្នកជំងឺ បន្ទាប់ពីការលាងឈាម រយៈពេល ៤៨ ម៉ោង សុខភាពរបស់អ្នកជំងឺមានភាពប្រសើរឡើង។ បន្ទាប់ពី ៧២ ម៉ោង អ្នកជំងឺក៏ដឹងខ្លួន លែងប្រើម៉ាស៊ីនជំនួយដង្ហើម និងបានដកបំពង់ខ្យល់ដង្ហើមចេញ។
វេជ្ជបណ្ឌិត ង្វៀងត្វឹងងៀ ផ្នែកប្រពោធកម្មនិងប្រឆាំងជាតិពុលនៃមន្ទីរពេទ្យពហុព្យាបាល ហ្វាងមីគឺវឡុង បានឱ្យដឹង៖ ករណីនេះមានហានិភ័យបាត់បង់ជីវិតខ្ពស់ ប្រសិនបើមិនបានអន្តរាគមន៍ទាន់ពេលនិងលាងឈាមជាបន្តបន្ទាប់ទេ។ ប្រជាជនមិនគប្បីជឿតាមព័ត៌មានចចាមអារ៉ាមពីមុខថ្នាំបង្ការនិងព្យាបាលជំងឺ COVID-១៩ ការប្រើប្រាស់ដោយខ្លួនឯង អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងអាយុជីវិត៕
ធូសឿង-បកប្រែ៖ សុផន