(Chinhphu.vn) - កាលពីសប្តាហ៍កន្លង នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានបំផុសកម្មវិធី “សេវាអីុនធឺណិតនិងម៉ាស៊ីនកំព្យូទ័រសម្រាប់ប្អូនៗ” (ហៅកាត់ថា កម្មវិធី)។
នាយករដ្ឋមន្ត្រី ផាមមិញជិញ និងអ្នកតំណាងទាំងឡាយ មួយអន្លើដោយថ្នាក់ដឹកនាំគ្រប់ក្រសួង ផ្នែក សម្ព័ន្ធ អគ្គក្រុមហ៊ុន អាជីវកម្ម និងអង្គការ។ល។ ធ្វើជាសក្ខីភាពក្នុងពិធីប្រគល់ម៉ាស៊ីនកំព្យូទ័រផ្តល់ជូនកម្មវិធី “សេវាអីុនធឺណិតនិងម៉ាស៊ីនកំព្យូទ័រសម្រាប់ប្អូនៗ”។ រូប VGP/ ញ៉ឹកបាក់
នៅក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី គូសបញ្ជាក់៖ កម្មវិធី អាស្រ័យរដ្ឋាភិបាលបំផុស ក្រសួងព័ត៌មាននិងសារគមនាគមន៍ ដឹកនាំសហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល ព្រមទាំងភូមិភាគនានារៀបចំអនុវត្ត មានអត្ថន័យក្នុងសង្គមនិងមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ គោលដៅនៃកម្មវិធី គឺសំដៅនាំមកសេវាអុីនធឺណិតក្នុងតម្លៃថោក សម្រាប់មូលដ្ឋានគ្រឹះក្នុងការបង្រៀននិងរៀនពីចម្ងាយ និងម៉ាស៊ីនកំព្យូទ័រឯកជនរាប់សិបលានគ្រឿងសម្រាប់ឧបត្ថម្ភដល់ក្មួយៗ។ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានកត់សម្គាល់និងវាយតម្លៃខ្ពស់ដល់គ្រប់ក្រសួង ផ្នែកនិងភូមិភាគ ដែលបានជ្រោមជ្រែងផែនការអនុវត្តកម្មវិធីនេះ។ នាយករដ្ឋមន្ត្រី ក៏បានអបអរសាទរនិងស្ងើចសរសើរដល់អាជីវកម្ម អង្គការ បុគ្គលទាំងអស់ ទោះបីជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតក៏ដោយ ប៉ុន្តែជាមួយស្មារតី “ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក” ក៏បានស្ម័គ្រចិត្តឧបត្ថម្ភកម្មវិធីនេះភ្លាមតែម្ដង។
យោងតាមផែនការរបស់ក្រសួងព័ត៌មាននិងសារគមនាគមន៍ ក្រសួងអប់រំនិងបណ្តុះបណ្តាល កម្មវិធីបានដាក់ចេញទិសដៅគ្របដណ្តប់សេវាអុីនធឺណិត ២៨៣ កន្លែង ដែលមិនទាន់បានភ្ជាប់ប្រព័ន្ធអុីនធឺណិតចល័ត នៅតាមភូមិភាគដែលកំពុងអនុវត្តគម្លាតសង្គមតាមបទបញ្ជា ១៦/CT-TTg និងដំណើរការសិក្សាតាមប្រព័ន្ធអនឡាញ (រយៈពេលសម្រេចជាស្ថាពរក្នុងខែកញ្ញា ឆ្នាំ ២០២១); គ្របដណ្តប់សេវាអុីនធឺណិត ១.៩១០ កន្លែង ដែលមិនទាន់ភ្ជាប់ប្រព័ន្ធអុីនធឺណិតចល័តក្នុងទូទាំងប្រទេស (រយៈពេលសម្រេចជាស្ថាពរក្នុងឆ្នាំ ២០២១) ។ ថវិកាគ្រោងសម្រាប់ផែនការនេះគឺ ៣.០០០ ពាន់លានដុង។ ដូច្នេះ កម្មវិធីនេះ ក៏មានការឧបត្ថម្ភមួយចំនួនផ្សេងទៀតដល់ភូមិភាគដែលកំពុងអនុវត្តគម្លាតសង្គមតាមបទបញ្ជា ១៦/CT-TTg និងការរៀបចំបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញ ដូច៖ ឥតគិតថ្លៃ ១០០% សម្រាប់ការប្រើប្រាស់នៅតាមមូលដ្ឋានគ្រឹះនៃការបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញ; ឥតគិតថ្លៃ ៤Gb/ថ្ងៃ ផ្តល់ជូនសិស្ស និស្សិត ចំនួន ១ លាននាក់ ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រ ដែលបានផ្តល់ជូនម៉ាស៊ីនកំព្យូទ័រក្នុងរយៈពេល ៣ ខែ ដើម្បីរៀនតាមអនឡាញ; ឧបត្ថម្ភកញ្ចប់ថ្លៃសេវា និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់បម្រើដល់ការបង្រៀននិងរៀនតាមអនឡាញ ។ល។ កម្មវិធីដាក់ចេញគោលដៅដំណាក់កាលទី ១ (ក្នុងឆ្នាំ ២០២១) គឺកៀរគរម៉ាស៊ីនកំព្យូទ័រចំនួន ១ លានគ្រឿង ផ្តល់ជូនសិស្ស និស្សិតស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រក្នុងទូទាំងប្រទេស; ចំពោះមុខអាទិភាពដល់ភូមិភាគដែលកំពុងអនុវត្តគម្លាតសង្គមតាមបទបញ្ជា ១៦/CT-TTg និងដំណើរការសិក្សាតាមប្រព័ន្ធអនឡាញ។ ដំណាក់កាលទី ២ (ចាប់ពីឆ្នាំ ២០២២ - ២០២៣) បន្តការបំផុសកម្មវិធីដើម្បីកៀរគររាល់ប្រភពកម្លាំងក្នុងសង្គម ឆ្ពោះទៅកាន់ទិសដៅ ១០០% សិស្ស និស្សិតស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រ ក្នុងទូទាំងប្រទេសត្រូវបានបំពាក់ម៉ាស៊ីនកំព្យូទ័រ ដើម្បីអាចសិក្សាតាមប្រព័ន្ធអនឡាញ។
យោងតាមក្រសួងអប់រំនិងបណ្តុះបណ្តាល បច្ចុប្បន្នទូទាំងប្រទេសមានសិស្សានុសិស្សជិត ២០ លាននាក់។ ក្នុងនោះ សិស្សានុសិស្សជាង ៧,៣៥ លាននាក់ ចំណុះ ២៦/៦៣ ខេត្ត ក្រុងក្នុងទូទាំងប្រទេស កំពុងផ្សព្វផ្សាយដំណើរការសិក្សាតាមប្រព័ន្ធអនឡាញ។ តាមស្ថិតិដំបូង គិតមកដល់ថ្ងៃទី ១២ ខែកញ្ញា មានសិស្សានុសិស្សប្រមាណជាង ១,៥ លាននាក់ (ចំណុះ ២១៣ ខណ្ឌ ស្រុក) មិនអាចចូលរៀនជាមួយមិត្តភក្តិបានមកពីខ្វះសម្ភារៈ៕
ប្រែសម្រួល៖ លីសៀ