វត្តសាលវ័នឧទ្យាន (ព្រែកឈូក) ស្ថិតនៅឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង ជាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរដែលមានស្ថាបត្យកម្មដ៏វិចិត្រ។
ខ្លោងទ្វារវត្តសាលវ័នឧទ្យាន (ព្រែកឈូក)។
វត្តព្រែកឈូក បានកសាងឡើងនៅដើមសតវត្សទី XIX លើផ្ទៃដី ២០.០០០ ម៉ែត្រការ៉េ ដោយគ្រឿងឈើប្រក់ស្លឹក។ ក្រោយមក វត្តបានជួសជុលដោយទព្វសម្ភារៈរឹងមាំ ប្រកបដោយលក្ខណៈពិសេសនៃវប្បធម៌ខ្មែរ ដោយស្នាដៃដ៏ប៉ិនប្រសប់របស់ស្ថាបត្យករ។ ព្រះតេជព្រះគុណ ថាច់ចន្ទញាណ ព្រះចៅអធិការវត្តព្រែកឈូក មានថេរដីកា៖ “ដោយឆ្លងកាត់ដំណាក់កាលនៃការកសាងនិងជួសជុលជាច្រើនលើកមក ឃើញថាវត្តមានភាពសមរម្យ ហើយទាក់ទាញភ្ញៀវទេសចរមកគោរពបូជាយ៉ាងច្រើន។ ជាកន្លែងសកម្មភាពវប្បធម៌ និងគោរពបូជារបស់ពុទ្ធបរិស័ទឃុំឡងមីនិងភូមិភាគជិតខាង ម្ល៉ោះហើយ ពុទ្ធបរិស័ទចំណុះជើងវត្តតែងខិតខំអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ។ វត្តតែងសហការជាមួយរដ្ឋអំណាចភូមិភាគរៀបចំពិធីបុណ្យប្រពៃណីដ៏ពិសេស ប្រកបដោយអត្តសញ្ញាណវប្បធម៌ខ្មែរណាមបូ”។
ព្រះវិហារវត្តសាលវ័នឧទ្យាន (ព្រែកឈូក)។
បងថាច់សឺន លេខាគណៈកម្មាធិការបក្ស ឃុំឡងមី រៀបរាប់៖ “ទន្ទឹមនឹងការចាត់តាំងសកម្មភាពកីឡាក្នុងថ្ងៃបុណ្យទាន ឃុំក៏បានសហការជាមួយវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរចំនួនពីរវត្តលើភូមិសាស្ត្រ ដើម្បីរៀបចំនិងរក្សាសកម្មភាពប្រណាំងទូក-ងលើដងព្រែកឡងមី។ ក្នុងឱកាសប្រណាំងទូក-ង មិនត្រឹមតែមាមីងខ្មែរប៉ុណ្ណោះទេ សូម្បីតែមាមីងជនជាតិកិញ ចិន ក៏ចូលរួមសប្បាយយ៉ាងច្រើនកុះករផងដែរ”។
ព្រះតេជព្រះគុណថាច់ចន្ទញាណ មានថេរដីកាបន្ថែម៖ “ផ្តើមពីការប្រណាំងទូក ៣ សន្លឹក ភូមិនីមួយៗបានចលនាបោះទូក-ងខ្នាតតូច។ ពិសេសគឺចលនានេះបានរីកសាយភាយ ហើយភូមិភាគក៏បានរដ្ឋឧបត្ថម្ភបោះទូក-ង ត្រូវតាមស្តង់ដារប្រគេនវត្តដើម្បីចូលរួមប្រណាំង។ តាំងពីការប្រណាំងថ្នាក់ឃុំ វត្តក៏បានជ្រើសរើសដៃអុំពូកែៗ ដើម្បីបង្កើតជាក្រុមកីឡាករទូក-ង។ ពិសេសក្រុមកីឡាទូក-ងទាំងបុរស ទាំងនារី តែងឈ្នះរង្វាន់នៅក្នុងពិធីប្រណាំងថ្នាក់តំបន់”។
វត្តព្រែកឈូក គឺជាកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ថ្នាក់ខេត្ត ម្ល៉ោះហើយត្រូវបានភូមិភាគឧបត្ថម្ភជារឿយៗ ដើម្បីអភិរក្សនូវតម្លៃវប្បធម៌ប្រវេណី។ ម៉្យាងទៀត ពុទ្ធបរិស័ទនៅភូមិភាគក៏តែងអស់ពីចិត្តពង្រីកនូវតម្លៃវប្បធម៌របស់ជនជាតិផងដែរ។ អាស្រ័យហេតុនោះ វត្តព្រែកឈូកជាកន្លែងទេសចរណ៍បែបសាសនារបស់ពុទ្ធបរិស័ទផង និងភ្ញៀវទេសចរជិតឆ្ងាយផង៕
ហាថាញ-លីសៀ