អាស្រ័យការយកចិត្តទុកដាក់របស់រដ្ឋក្នុងការវិនិយោគមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារពេទ្យ និងរៀបចំកងជួរកម្មាភិបាលពេទ្យសព្វគ្រប់ ម៉្លោះហើយដំណាក់សុខាភិបាលឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ ឆ្លើយតបទៅនឹងតម្រូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជនបានល្អ។
កម្មាភិបាលពេទ្យនៃដំណាក់សុខាភិបាលឃុំភូកឹង កំពុងធ្វើតេស្តរហ័ស SARSr-CoV-2 ដល់ប្រជាជនមកពីតំបន់មានជំងឺឆ្លងចូលមកភូមិភាគ។
ដំណាក់សុខាភិបាលឃុំភូកឹង មានបុគ្គលិកចំនួន ៤ នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតម្នាក់ គ្រូពេទ្យម្នាក់ សម្ភពម្នាក់និងឱសថការីម្នាក់។ ក្នុងឃុំមាន ៨ ភូមិ សុទ្ធតែមានសហការីសុខាភិបាល សហការជាមួយនឹងកម្មាភិបាលពេទ្យនៅដំណាក់សុខាភិបាល ដើម្បីអនុវត្តកម្មវិធីទិសដៅជាតិអំពីសុខាភិបាល។ គិតពីដើមឆ្នាំ ២០២១ មកទល់បច្ចុប្បន្ន ដំណាក់សុខាភិបាលបានពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំដល់អ្នកជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល ១០៦ លើកនាក់ ចាក់ថ្នាំបង្ការតាមការកំណត់ឱ្យកុមារឋិតក្នុងកម្រិតអាយុបាន ៤៨២ នាក់ សម្រេច ៥១,២៥%។ អនុប្រធានដំណាក់សុខាភិបាលឃុំភូកឹង វេជ្ជបណ្ឌិត ង្វៀងធីត្រុកលិន ឱ្យដឹង៖ “ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាជន យើងខ្ញុំគួបផ្សំផ្សព្វផ្សាយអំពីវិធីបង្ការ ទប់ស្កាត់ជំងឺពងដៃ ជើង មាត់ លើកុមារ ណែនាំប្រជាជនរក្សាអនាម័យរួម ហូបឆ្អិន ផឹកឆ្អិន។ល។ ដំណាក់ក៏យកសំណាកធ្វើតេស្តរហ័ស SARSr - CoV-2 ដល់ប្រជាជនមកពីតំបន់មានជំងឺឆ្លងចូលមកភូមិភាគ។ ពិសេស កងជួរកម្មាភិបាលពេទ្យផ្តុំកម្លាំងផ្សព្វផ្សាយអំពីវិធីបង្ការ ប្រឆាំងជំងឺ COVID-១៩ តែងរំលឹកប្រជាជនអនុវត្តឱ្យបានល្អសារ ៥K”។
បងថាច់ឡឹប នៅភូមិស្វាយមីង ឃុំភូកឹង ឱ្យដឹង៖ “ខ្ញុំមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំ សង្កេតឃើញកម្មាភិបាលពេទ្យអស់ពីចិត្តពីថ្លើមជាមួយអ្នកជំងឺ ដូច្នេះខ្ញុំពេញចិត្តណាស់។ ជាពិសេស ក្នុងការបង្ការប្រឆាំងជំងឺ COVID -១៩ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះតែងធ្វើការណែនាំអនុវត្តសារ ៥K ដើម្បីបញ្ច្រៀសការរាលដាល”។
វេជ្ជបណ្ឌិត ង្វៀងធីត្រុកលិន បញ្ជាក់ ក្រៅពីការអនុវត្តភារកិច្ចមុខជំនាញ កម្មាភិបាលពេទ្យនៃដំណាក់សុខាភិបាលឃុំ តែងលើកទឹកចិត្តគ្នាខិតខំប្រឹងប្រែងដើម្បីអនុវត្តការងារបង្ការប្រឆាំងជំងឺ COVID -១៩៕
សឺនម៉ាល័យ-មុនី