(Chinhphu.vn)-នៅក្រុងរ៉ាច់យ៉ា ខេត្តគៀងយ៉ាង បញ្ជាការដ្ឋានយោធាខេត្តគៀងយ៉ាង ទើបតែរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់មេបញ្ជាការយោធភូមិភាគ ៩ ស្តីពីការបង្កើតកងសេនាជននាវាចរណ៍ប្រចាំការ ឋិតក្រោមឱវាទបញ្ជាការយោធាខេត្តគៀងយ៉ាង។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ឡឹមមិញថាញ់ ប្រគល់សេចក្តីសម្រេចចិត្តអំពីក្របខណ្ឌកម្មាភិបាល ដល់កងសេនាជននាវាចរណ៍ប្រចាំការនៅខេត្តគៀងយ៉ាង។
យោងតាមគម្រោងរបស់ក្រសួងការពារជាតិ កងសេនាជននាវាចរណ៍ប្រចាំការនៅខេត្តគៀងយ៉ាង មានភារកិច្ច៖ សហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការតស៊ូការពារអធិបតេយ្យកោះ សមុទ្រ។ ដើរល្បាត ប្រមូល វិនិច្ឆ័យព័ត៌មាន លើផ្ទៃអាកាស និងសមុទ្រ។ ឃោសនា ចលនា ប្រជាជនអនុវត្តនូវគោលមាគ៌ា ទស្សនៈរបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ ស្ដីពីកិច្ចការពារនិងសន្តិសុខជាតិ។ ជំនួយសង្គ្រោះ ដឹកជញ្ជូននិងជួយផ្គត់ផ្គង់នៅលើសមុទ្រ។ ក្រោយពេលបង្កើតកងសេនាជននាវាចរណ៍ប្រចាំការនៅខេត្តគៀងយ៉ាង នឹងធ្វើការសាងសង់បន្ទាយ ត្រៀមទទួលកប៉ាល់ នាវាចូលមកចត។
មុនពេលបង្កើតជាផ្លូវការ យុទ្ធជននៃកងសេនាជននាវាចរណ៍ប្រចាំការ ត្រូវបានបញ្ជូនទៅហ្វឹកហាត់យ៉ាងត្រឹមត្រូវនៅវិទ្យាស្ថានកងនាវាចរណ៍និងអនុមហាវិទ្យាល័យបច្ចេកទេសនាវាចរណ៍។ ក្រៅពីរៀបចំកងកម្លាំងប្រហាក់ប្រហែលនឹងកងកម្លាំងកងប្រជាស្វ័យត្រាណនៅភូមិភាគ កងសេនាជននាវាចរណ៍ប្រចាំការនៅគៀងយ៉ាង បានផ្គត់ផ្គង់នាវា ៩ គ្រឿងសម្រាប់បំពេញភារកិច្ច ក្នុងនោះមាននាវាជាច្រើនមានពលានុភាពធំ ធានាឆ្លើយតបនឹងតម្រូវការសកម្មភាពធ្វើសេដ្ឋកិច្ចការពារជាតិ នៅតំបន់សមុទ្រឆ្ងាយច្រាំងក្នុងលក្ខណៈអាកាសធាតុប្រែប្រួលខ្លាំង៕