គម្រោង គោលនយោបាយពិសេសដោយឡែករបស់មជ្ឈិមវិនិយោគអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង បានពង្រីកប្រសិទ្ធភាព ម៉្លោះហើយ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរ ត្រូវបានលើកស្ទួយ។
ដោយបានបុលទុនអនុគ្រោះ មាមីងខ្មែរនៅឃុំថាញ់ក្វើយ មានលក្ខណសម្បត្តិដាំដំណាំ ដើម្បីបង្កើនប្រាក់ចំណូល។
យោងតាមគណៈជនជាតិខេត្តសុកត្រាំង ឆ្នាំ ២០២០ ប្រភពទុនកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រចីរភាព ដំណាក់កាល ២០១៦-២០២០ បានវិនិយោគដល់ខេត្តជាង ៧៣,៦ ពាន់លានដុង ដើម្បីកសាងសំណង់ផ្លូវគមនាគមន៍ជនបទចំនួន ៧៣ សំណង់ អគារប្រជុំសហគមន៍នៅភូមិ ឃុំលំបាកខ្លាំងចំនួន ២ ខ្នង ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ពិពិធកម្មរបររកស៊ី ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រជូនប្រជាជន ១.៣៨៣ គ្រួសារ រៀបចំវគ្គបណ្តុះបណ្តាល បំប៉នលើកកម្ពស់សមត្ថភាពជូនកម្មាភិបាលមូលដ្ឋាន អ្នកមានប្រជាប្រិយបាន ២៥ វគ្គ ដោយមានអ្នកចូលរួមចំនួន ២.០៩៤ លើកនាក់។ ទន្ទឹមនឹងនោះ ខេត្តក៏បានឧបត្ថម្ភតភ្ជាប់ទឹកស្អាតដល់ប្រជាជន ២.៨០៨ គ្រួសារ សរុបថវិកា ៤,២ ពាន់លានដុង។ល។ អាស្រ័យគោលនយោបាយសុខុមាលភាពសង្គម និងគោលនយោបាយជនជាតិបានផ្សព្វផ្សាយព្រមៗគ្នាទាន់ពេល បានជួយឱ្យមាមីងខ្មែររាប់ពាន់គ្រួសារចាកផុតពីភាពក្រីក្រ។ បងស្រី លីធីអ៊ុក នៅភូមិមណ្ឌល ២ ឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “បានរដ្ឋសង់ផ្ទះឱ្យ ឧបត្ថម្ភបុលទុន ខ្ញុំយកទៅលោះដីបញ្ចាំ ១ កុងឡើងវិញ លើកចម្ការដាំដំណាំ ចិញ្ចឹមជ្រូកមេ ពេលទំនេរ ខ្ញុំឆ្លៀតទៅស៊ីឈ្នួលដើម្បីរកប្រាក់ចំណូលបន្ថែម។ ក្រោយរយៈពេល ១០ ឆ្នាំខិតខំធ្វើការរកស៊ី ចាយវាយប្រិតសំចៃ សន្សែសន្សំជួលបានដីស្រែចំនួន ១៤ កុង សង់បានផ្ទះមួយខ្នងសមរម្យ។ ចំណែកកូនៗមានការងារធ្វើលំនឹងនៅក្រុមហ៊ុន ហេតុនេះ សមាជិកក្នុងគ្រួសារខ្ញុំរកបានប្រាក់ចំណូលទាំងអស់គ្នា។ ជីវភាពធូរធារដូចសព្វថ្ងៃ អាស្រ័យគោលនយោបាយពិសេសដោយឡែករបស់រដ្ឋឧបត្ថម្ភ”។
ជនបទតំបន់ជនរួមជាតិខ្មែររស់នៅឃុំវៀងអាង កាន់តែមានភាពល្អប្រសើរ។
ព្រះឧបជ្ឈាយ៍ យឿងណេ ព្រះចៅអធិការវត្តសិរីឧត្តមប្រជុំវង្សា (ព្រែកត្រកួន) ឃុំថាញ់ក្វើយ មានថេរដីកា៖ “គោលនយោបាយរដ្ឋឧបត្ថម្ភមាមីងខ្មែរច្រើនណាស់ ម៉្លោះហើយ អាត្មាភាពតែងដាស់តឿនពុទ្ធបរិស័ទរស់នៅសាមគ្គី យកចិត្តទុកដាក់ធ្វើការរកទទួលទាន ដើម្បីធ្វើមាន ធ្វើបាន។ ប្រៀបនឹង ១០ ឆ្នាំមុន ឥឡូវនេះជីវភាព ការយល់ដឹងរបស់មាមីងខ្មែរនៅថាញ់ក្វើយមានការវិវឌ្ឍន៍តាមទិសដៅវិជ្ជមាន ព្រួតដៃនឹងរដ្ឋអំណាចកសាងសំណង់ជនបទសម្រេចរួចរាល់ ដើម្បីឃុំសម្រេចបទដ្ឋានឃុំជនបទថ្មី។ ពិសេស ទូទាំងឃុំឥឡូវគឺផ្ទះឥដ្ឋទាំងអស់ គ្មាននៅផ្ទះស្លឹកទៀតទេ ប្រការនេះសឱ្យឃើញថា ជីវភាពមាមីងពុទ្ធបរិស័ទខ្មែរមានភាពល្អប្រសើរជាងមុនច្រើន”។
លោកឡឹមសុទ្ធ ប្រធានគណៈជនជាតិខេត្តសុកត្រាំង ឱ្យដឹង៖ “ពេលទទួលប្រភពទុនពីមជ្ឈិម ខេត្តរៀបចំបើកវគ្គហ្វឹកហ្វឺនជូនកម្មាភិបាលមូលដ្ឋាន និងអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ ដើម្បីធ្វើស្ពានតភ្ជាប់ នាំយកនូវគោលនយោបាយផ្សព្វផ្សាយដល់មាមីងខ្មែរ។ អាស្រ័យហេតុនេះ គម្រោងគោលនយោបាយត្រូវបានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព ម៉្លោះហើយជីវភាពសម្ភារៈ ស្មារតីមាមីងខ្មែរត្រូវបានលើកស្ទួយភូមិស្រុកកាន់តែស្រស់ល្អ។ ផ្តើមពីនោះ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិច កាត់បន្ថយនៅ ៣,៧៦% ក្នុងឆ្នាំ២០២០”៕
លីធាន-មុនី