ជិត ៥០ ឆ្នាំផ្នួស ព្រះឧបជ្ឈាយ៍យឿងណេ ព្រះចៅអធិការវត្តសិរីឧត្តមប្រជុំវង្សា (ព្រែកត្រកួន) ឃុំថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងយកព្រះទ័យគិតគូរកសាងវត្តអារាម និងខ្នះខ្នែងការសិក្សារបស់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរ ម្ល៉ោះហើយមាមីងពុទ្ធបរិស័ទតែងមានទំនុកចិត្តនិងគោរពរាប់អានព្រះអង្គ។
ព្រះឧបជ្ឈាយ៍ យឿងណេ។
ឆ្នាំ ១៩៧២ ព្រះឧបជ្ឈាយ៍យឿងណេ ចូលសាងផ្នួសនៅវត្តព្រែកត្រកួន គោលបំណងដើម្បីបានសិក្សាធម៌អាថ៌ វិន័យនិងអក្សរសាស្រ្ត។ ឆ្នាំ ១៩៧៥ ព្រះអង្គបានសិក្សាចប់កម្រិតអនុវិទ្យាល័យ ក៏បានសិក្សាបន្តផ្នែកគរុកោសល្យតាមរយៈកម្មវិធីសិក្សា ៩+៤ នៅសាលាអនុមហាវិទ្យាល័យគរុកោសល្យខេត្តសុកត្រាំង។ បន្ទាប់មក ព្រះឧបជ្ឍាយ៍ក៏បានបង្រៀននៅសាលាបឋមសិក្សាថាញ់ក្វើយ ៤ (សាលាមានទីតាំងនៅក្នុងវត្តព្រែកត្រកួន) ។ ឆ្នាំ ២០០៦ ព្រះចៅអធិការវត្តបានអនិច្ចធម្ម ពេលនោះព្រះឧបជ្ឈាយ៍យឿងណេ ក៏ទទួលតំណែងជាព្រះចៅអធិការវត្តរហូតមកដល់សព្វថ្ងៃ។ ព្រះឧបជ្ឈាយ៍យឿងណេ មានថេរដីកា៖ “ពេលទទួលតួនាទីជាព្រះចៅអធិការវត្ត អាត្មាក៏ខិតខំគិតគូរកសាងវត្តអារាម និងដឹកនាំព្រះសង្ឃរៀនសូត្រ”។ ព្រះឧបជ្ឈាយ៍ បានចលនា ពុទ្ធបរិស័ទរួមវិភាគទាន ដើម្បីជួសជុល កសាង ឧបដ្ឋានសាលា សមណកុដិ ទីធ្លានិងរបងវត្តឱ្យកាន់តែសមរម្យនិងមានសោភណភាព។ ទន្ទឹមនឹងនោះ តម្រង់ទិសនិងបង្កលក្ខណសម្បត្តិឱ្យព្រះសង្ឃសិក្សាទាំងផ្នែកធម្មវិន័យ ទាំងផ្លូវលោក និងរៀនមុខរបរដើម្បីប្រយោជន៍ទៅថ្ងៃអនាគត។ ការរៀនសូត្ររបស់ព្រះសង្ឃគ្រប់អង្គ តែងបានព្រះឧបជ្ឈាយ៍ ជួយទំនុកបម្រុងបច្ច័យមួយផ្នែកសម្រាប់គិតគូរការសិក្សា។ ជារៀងរាល់ឆ្នាំ រដូវវិស្សមកាលម្ដងៗ ព្រះឧបជ្ឈាយ៍ តែងបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរ ឱ្យកូនចៅមាមីងពុទ្ធបរិស័ទចំណុះជើងវត្តមកចូលរៀនជាង ៤០០ នាក់ តាំងពីថ្នាក់ទី ១-៥។ ក្រៅពីនោះ វត្តនៅទាំងបរិច្ចាគដី ១.០០០ ម៉ែត្រការ៉េ និងចលនាពុទ្ធបរិស័ទបរិច្ចាគដី ១.៥០០ ម៉ែត្រការ៉េទៀត ដើម្បីរដ្ឋសាងសង់សាលាបឋមសិក្សាថាញ់ក្វើយ ៤ ។
ទិដ្ឋភាពវត្តព្រែកត្រកួន ។
ព្រះឧបជ្ឈាយ៍យឿងណេ នៅទាំងខិតខំថែរក្សាទូកគែហ៊ៅនិងទូក-ងរបស់វត្ត ដើម្បីចូលរួមពិធីប្រណាំងទូក-ងប្រពៃណីជនជាតិរបស់ខេត្តនិងតំបន់។ ព្រះឧបជ្ឈាយ៍ តែងផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ចលនាមាមីងពុទ្ធបរិស័ទកិញ - ខ្មែរ - ចិន រស់នៅសាមគ្គី ចេះជួយគ្នាទៅវិញទៅមក ដូច្នេះ ទើបបង្កើតបានការជឿទុកចិត្ត និងទាក់ទាញមាមីងទាំង ៣ ជនជាតិមកវត្តធ្វើបុណ្យទាន និងធ្វើការងារសប្បុរសធម៌ ដើម្បីជួយអ្នកក្រជាដើម។
លោក ត្រឺងង៉ុកយុីប លេខាគណៈកម្មាធិការបក្សឃុំថាញ់ក្វើយ ឱ្យដឹង៖ “ព្រះឧបជ្ឈាយ៍ យឿងណេ ព្រះអង្គតែងយកព្រះទ័យទុកដាក់គិតគូរការងារពុទ្ធសាសនានិងសង្គម ព្រមទាំងការងារសប្បុរសធម៌ជាច្រើន។ អាស្រ័យដោយ ព្រះឧបជ្ឈាយ៍ ផ្សព្វផ្សាយចលនាមាមីងពុទ្ធបរិស័ទខ្មែររួមគ្នាបរិច្ចាគដី ដំណាំ កម្លាំងពលកម្ម ទឹកប្រាក់។ល។ ដើម្បីកសាងសម្រេចរួចរាល់សំណង់ជនបទ និងអនុវត្តនូវលក្ខឋានជាច្រើនទៀត រួមចំណែកជំរុញឱ្យឃុំថាញ់ក្វើយ សម្រេចបទដ្ឋានជនបទថ្មីឆ្នាំ ២០១៩ ”៕
លីធាន-ត្រឹងហ្គោន