ក្នុងឋានៈជានាយិការងសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ម៉្លោះហើយអ្នកគ្រូ ដាវធីសារ៉ង តិចមានពេលចូលបង្រៀន។ ថ្វីបើដូច្នោះ ដោយការអស់ពីចិត្តជាមួយភាសាអក្សរសាស្រ្តរបស់ជនរួមជាតិខ្មែរ អ្នកគ្រូបានចំណាយពេលយ៉ាងច្រើន ដើម្បីសិក្សាស្រាវជ្រាវពីវិធីសាស្រ្តបង្រៀនមានប្រសិទ្ធភាព។
អ្នកគ្រូ ដាវធីសារ៉ង ចូលរួមពិធីជួបជុំព្រះសង្ឃ គណៈកម្មការអាចារ្យវត្តនិងកម្មាភិបាលជនជាតិខ្មែរគំរូឆ្នើម ឆ្នាំ ២០២១ អាស្រ័យគណៈកម្មាធិការប្រជាជនក្រុងកឹងធើរៀបចំ។
តាមសម្ដីអ្នកគ្រូសារ៉ង សិស្សនិយាយភាសាខ្មែរបានល្អ ប៉ុន្តែការអាននិងសរសេរនៅមានកម្រិត។ ហេតុនេះ ដើម្បីពន្យល់មេរៀនឱ្យសិស្សឆាប់យល់ ទាមទារគ្រូបង្រៀនត្រូវអស់ពីចិត្តនឹងអាជីព។ ជាគ្រូបង្រៀនដំបូងបង្អស់របស់សាលាអន្តេវាសិកបានបណ្តុះបណ្តាលឧភយភាសាវៀត-ខ្មែរ នៅសាលាគរុកោសល្យសុកត្រាំង ម៉្លោះហើយ អ្នកគ្រូមានកម្រិតវិជ្ជាភាសាខ្មែរប្រាកដប្រជា និងមានវិធីសាស្រ្តបង្រៀនបានល្អ។ អ្នកគ្រូសារ៉ង ឱ្យដឹង៖ "ខ្ញុំចូលចិត្តវិធីសាស្រ្តបង្រៀនមើលឃើញផ្ទាល់ភ្នែក ពីព្រោះធ្វើឱ្យសិស្សឆាប់យល់មេរៀន ប៉ុន្តែវិធីសាស្រ្តនេះទាមទារគ្រូបង្រៀនត្រូវរៀបចំគ្រោងមេរៀនហ្មត់ចត់ ចំណាយពេលច្រើន"។ តិចមានអ្នកណាដឹងថា អ្នកគ្រូសារ៉ង គាត់ច្នៃប្រតិដ្ឋតាំងពីផ្ទាំងគំនូរ និងឧបករណ៍ជាច្រើនទៀត ដើម្បីបម្រើកិច្ចការបង្រៀនបានល្អ។
ពេលបច្ចេកវិទ្យាព័ត៌មានរីកចម្រើន អ្នកគ្រូសារ៉ង បុលប្រាក់ទិញម៉ាស៊ីនកុំព្យួទ័រ រួចធ្វើដំណើរទៅសុកត្រាំងពឹងមិត្តភត្តិជួយបញ្ចូលពុម្ពអក្សរខ្មែរ ដើម្បីងាយស្រួលក្នុងការធ្វើគ្រោងមេរៀន។ តាំងពីមានម៉ាស៊ីនកុំព្យួទ័រ គ្រោងមេរៀនអេឡិកត្រូនិចរបស់អ្នកគ្រូសារ៉ង កាន់តែសកម្មនិងប្រកបដោយប្រសិទ្ធភាព។
បន្ទាប់ពីបានតែងតាំងជានាយករង ក្នុងតួនាទីជាអ្នកគ្រប់គ្រង អ្នកគ្រូសារ៉ង តិចមានពេលចូលបង្រៀន។ ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រូក៏មិនធ្វេសប្រហែសក្នុងការបង្រៀនអក្សរសាស្រ្តខ្មែរ។ ដើម្បីសិស្សទំនាក់ទំនងសន្ទនាជាភាសាខ្មែរប្រកបដោយប្រសិទ្ធភាព អ្នកគ្រូសារ៉ង បានសហការនិងកសាងផែនការរៀបចំជោគជ័យពិធីប្រឡងវោហារកោសល្យភាសាខ្មែរ សម្រាប់សិស្សសាលាជនជាតិអន្តេវាសិក កម្មវិធី "រីករាយក្នុងការរៀន" ។ល។ ក្រៅពីទទួលបានរង្វាន់ពីផ្នែកអប់រំ អ្នកគ្រូថែមទាំងបានស្ងើចសរសើរក្នុងកម្មវិធី "ចែករំលែកជាមួយលោកគ្រូអ្នកគ្រូ" ឆ្នាំ ២០១៩។
ផ្សារភ្ជាប់នឹងអាជីពជាគ្រូបង្រៀនជាង ២០ ឆ្នាំ អ្នកគ្រូ តែងទទួលបានការគោរពស្រឡាញ់រាប់អានពីសិស្ស នោះគឺជារង្វាន់ប្រសើរបំផុតសម្រាប់អ្នកគ្រូ។ អ្នកគ្រូសារ៉ង រៀបរាប់៖ "ខ្ញុំស្រឡាញ់ពេញចិត្តអាជីពគ្រូបង្រៀន ពិសេស គឺបង្រៀនអក្សរខ្មែរ គឺបំពេញតាមគោលបំណងរបស់ឪពុកខ្ញុំ ដែលជាអ្នកធ្លាប់បង្រៀនអក្សរខ្មែរនៅវត្តសិរីវង្សា"៕
ហាថាញ-មុនី