អាស្រ័យមានកម្មវិធី ១៣៥ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៃឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង ជិតនឹងបានសុក្រឹត។ ដើម្បីធានាសុវត្ថិភាពដល់ប្រជាជនចូលរួមចរាចរណ៍ ឃុំសហការដាក់ផ្លាកសញ្ញាចរាចរណ៍ និងជំរុញការឃោសនា។
ស្ពានកឹងស៊ុក។
ពេលផ្លូវកៅស៊ូទៅកាន់ភូមិទាំង ៣ គឺ តុងហ៊ឹង កឹងស៊ុក និងភូមិយឿ និងស្ពានបេតុងធំៗពីរខ្សែ ឆ្លងព្រែកកឹងស៊ុកនិងតុងហ៊ឹងបានកសាងសម្រេចរួចរាល់។ ដងផ្លូវនេះ បានតភ្ជាប់នឹងមជ្ឈមណ្ឌលឃុំឡងមី ឆ្ពោះទៅផ្លូវខេត្តលេខ ៩០៩ រថយន្តក្រោមពី ៥ តោន អាចបើកបរទៅមកយ៉ាងស្រួល។ រចនាសម្ព័ន្ធគមនាគមន៍លើភូមិសាស្រ្តឃុំឡងមីជិតនឹងបានសុក្រឹត ឆ្លើយតបទៅនឹងតម្រូវការទៅមករបស់ប្រជាជន។ បងឡេទ្រីយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡងមី ឱ្យដឹង៖ “មិនត្រឹមតែដងផ្លូវធំៗទេ សូម្បីតែផ្លូវតូចៗនៅតាមភូមិនីមួយៗក៏បានចាក់បេតុងដែរ ដូច្នេះប្រជាជនអាចបើកម៉ូតូទៅមកបានទាំងរដូវភ្លៀង។ ម្យ៉ាងទៀតអាស្រ័យជាឃុំ ១៣៥ ជនជាតិភាគតិចបានទទួលគោលនយោបាយអាទិភាពជាច្រើន ម្ល៉ោះហើយមានលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ច ជីវភាពក៏បានធូរធារឡើង។ ផ្ទះណាក៏មានម៉ូតូឬកង់ទាំងអស់។ ហេតុដូច្នោះ អត្រាអ្នកចូលរួមចរាចរណ៍ច្រើន”។
ដើម្បីធានាសុវត្ថិភាពជូនប្រជាជន ឃុំបានសហការនឹងគណៈកម្មការសុវត្ថិភាពចរាចរណ៍ ដាក់ផ្លាកសញ្ញាចរាចរណ៍មុនពេលដែលស្ពាន ផ្លូវបានដាក់ឱ្យប្រើប្រាស់។ ទន្ទឹមនឹងនោះ ចង្អុលការដល់បណ្ដាសមាគម អង្គការមហាជន សាលារៀន ផ្គួបផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅពេលប្រជុំ ពេលហ្វឹកហ្វឺនម្តងៗ ឬក៏ចុះទៅតាមគ្រួសារប្រជាជនដើម្បីផ្សព្វផ្សាយ។ ពូថាច់ដើយ នៅភូមិកឹងស៊ុក មានប្រសាសន៍៖ “ក្មួយៗនៅសាខាសមាគមកសិករភូមិតែងរំលឹកខ្ញុំ “បើពូបានពិសា គ្រឿងស្រវឹង សូមកុំបើកម៉ូតូទៅណា ព្រោះមានជាតិអាកុលក្នុងខ្លួន ត្រូវពិន័យធ្ងន់ណាស់ ហើយងាយបង្កគ្រោះថ្នាក់ទៀត”។ ពួកគេរំលឹកជាញយៗ ខ្ញុំនឹកឃើញខ្លាច ហើយក៏ធ្វើតាម”។ ចំណែកបងថាច់ប៊ិញ នៅភូមិតុងហ៊ឹង រៀបរាប់៖ “មានម្តងខ្ញុំភ្លេចយកមួកសុវត្ថិភាព ពេលទៅឌុបកូនឯសាលាបឋមសិក្សាថាច់ធា គឺកូនមិនព្រមឡើងជិះម៉ូតូមកផ្ទះ ពីព្រោះ “លោកគ្រូបានផ្ដាំ ពេលជិះម៉ូតូត្រូវតែពាក់មួកសុវត្ថិភាព” តាំងពីពេលនោះមក ខ្ញុំតែងតែប្រតិបត្តិល្អពេលចូលរួមចរាចរណ៍ ព្រោះចង់ធ្វើគំរូសម្រាប់កូន “៕
ហាថាញ-លេងមី