ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” តែងបានគ្រប់ផ្នែក គ្រប់ថ្នាក់នៅខេត្តហូវយ៉ាង ផ្សព្វផ្សាយទូលំទូលាយដល់ប្រជាជន។ ផ្តើមពីនោះ បង្កើតបាននូវការរីកដុះដាលក្នុងការរក្សាខ្ជាប់កិត្តិនាមគ្រួសារវប្បធម៌នៅភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ។
អាស្រ័យមាមីងរួមគ្នាកសាងគ្រួសារវប្បធម៌ ទើបដងផ្លូវជនបទនៅឃុំលឿងងៀមានពណ៌បៃតងជ្រះស្អាតដូច្នេះ។
យោងតាមប្រសាសន៍ លោកស្រីង្វៀងធីលី នាយករងមន្ទីរវប្បធម៍ កីឡានិងទេសចរណ៍ខេត្តហូវយ៉ាង រៀងរាល់ឆ្នាំ ការពិនិត្យជម្រើសកិត្តិនាមគ្រួសារវប្បធម៌ ត្រូវបានធ្វើឡើងនៅមណ្ឌលតាំងទីលំនៅក្នុងទូទាំងខេត្ត។ គិតមកទល់ពេលនេះ ទូទាំងខេត្តមានគ្រួសារវប្បធម៌ជាង ១៨៣.៣០០ ស្រូបអត្រាជាង ៩២%។ ក្នុងប៉ុន្មានឆ្នាំមកនេះ កម្រិតប្រជាបញ្ញានៅតំបន់ជនរួមជាតិខ្មែរបានកើនឡើង ដូច្នេះមាមីងកាន់តែចូលរួមគាំទ្រចលនានេះ។ ផ្តើមពីពេលនោះ ប្រជាជនមានការភ្ញាក់រលឹកក្នុងការរក្សាផ្នត់រស់នៅល្អ ខិតខំធ្វើការរកទទួលទាន ចិញ្ចឹមកូនចៅលុះក្នុងដំបូន្មាន រួមចំណែកកសាងមណ្ឌលភូមិ អនុសង្កាត់សម្រេចបទដ្ឋានវប្បធម៌។
ទោះបីរស់នៅភូមិជនបទដាច់ស្រយាល ប៉ុន្តែផ្ទះលោកយ័ញហេន នៅភូមិ ១១ ឃុំលឿងងៀ ស្រុកឡុងមី តែងមានភាពស្អាតបាតនិងស្រឡះស្រឡំ។ របងខាងមុខផ្ទះគាត់ដាំផ្កា រំយោល កាត់តម្រឹមយ៉ាងស្អាតធ្វើឱ្យផ្លូវជនបទកាន់តែស្រស់បំព្រងថែមទៀត។ មិនត្រឹមតែជាកសិករផលិតពូកែប៉ុណ្ណោះទេ គាត់ថែមទាំងចិញ្ចឹមកូន ៣ នាក់រៀនចប់មហាវិទ្យាល័យ និងមានការងារធ្វើលំនឹង ហើយគ្រួសារគាត់បានរក្សាខ្ជាប់កិត្តិនាមគ្រួសារវប្បធម៌ថ្នាក់ខេត្តជាច្រើនឆ្នាំមកនេះ។ លោកហេន មានប្រសាសន៍៖ “ខ្ញុំធ្លាប់បួសរៀន ដូច្នេះគ្រួសារត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ ស្អាតបាតនិងរក្សាពូជពង្សវង្សក្រកូលឱ្យបានល្អ ចេះគោរពចាស់ទុំ សន្តោសប្រោសប្រណីដល់ក្មេង សមាជិកគ្រួសារត្រូវចេះស្រឡាញ់គ្នា ចេះជួយដល់អ្នកភូមិផង។ ប្តីប្រពន្ធខ្ញុំតែងខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងគិតគូរចិញ្ចឹមកូនៗរៀនសូត្រឱ្យបានត្រឹមត្រូវ។ ខ្ញុំគិតថា គ្រួសារវប្បធម៌គឺយោងទៅតាមផ្នត់រស់នៅដែលយើងរៀបចំឡើង”។
លោកក្វាច់មិត្រ នៅភូមិ ៥ ឃុំសាភៀង ស្រុកឡុងមី បានរក្សាខ្ជាប់កិត្តិនាមគ្រួសារវប្បធម៌ថ្នាក់ខេត្តរយៈកាល ១០ ឆ្នាំកន្លង។ គាត់ចែករំលែក៖ “ដើម្បីទូន្មានកូនចៅចេះស្តាប់បង្គាប់ គឺយើងជាឪពុកម្តាយត្រូវតែធ្វើជាគំរូ និងរស់នៅប្រកបដោយសុជីវធម៌។ រាល់ថ្ងៃខ្ញុំគិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រីឯប្រពន្ធខ្ញុំចូលរួមការងារនារីភូមិ ក៏បានឃោសនាអំពីការកសាងគ្រួសារវប្បធម៌។ ឥឡូវសេដ្ឋកិច្ចគ្រួសារ បានធូរធារ កូនទាំង ៥ នាក់បានរៀនសូត្រចប់មហាវិទ្យាល័យនិងមានការងារធ្វើលំនឹង គ្រួសារខ្ញុំរឹតតែមានសុភមង្គលជាងទៀត។ ការកសាងគ្រួសារវប្បធម៌ សំខាន់គឺចេះគោរពគ្នានិងចេះចុះសម្រុងគ្នា ទើបកូនស្តាប់បង្គាប់និងចេះស្រឡាញ់គ្នា ”៕
លីធាន-សុផន