ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ខេត្តត្រាវិញនឹងផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចចិត្តលេខ ១២/២០២០/NQ-HDND របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ស្តីពីសេចក្តីកំណត់កម្រិតនៃការឧបត្ថម្ភថ្លៃធានារ៉ាប់រងសុខាភិបាល សម្រាប់មុខសញ្ញាមួយចំនួននៅលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥ ។
តាមនោះ ផ្តើមពីថវិកាមជ្ឈិមនិងថវិកាភូមិភាគ ខេត្តត្រាវិញនឹងឧបត្ថម្ភ ១០០% ថ្លៃធានារ៉ាប់រងសុខាភិបាលសម្រាប់គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារក្រីក្រពហុវិស័យដែលខ្វះសេវាកម្មសង្គមមូលដ្ឋាន។ ឧបត្ថម្ភ ៥០% ថ្លៃធានារ៉ាប់រងសុខាភិបាលសម្រាប់គ្រួសារប្រជាជន ប្រកបរបរកសិ-រុក្ខ-នេសាទកម្ម និងគ្រួសារប្រកបរបរធ្វើអំបិល ដែលមានកម្រិតជីវភាពមធ្យមតាមសេចក្តីកំណត់របស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី។ ឧបត្ថម្ភ ៤០% ថ្លៃធានារ៉ាប់រងសុខាភិបាលសម្រាប់សិស្ស និស្សិត ដែលកំពុងសិក្សានៅតាមមន្ទីរអប់រំ ឬមូលដ្ឋានអប់រំ វិជ្ជាជីវៈក្នុងខេត្ត។ ដោយឡែកសម្រាប់បុគ្គលម្នាក់ ប៉ុន្តែទទួលបានច្រើនរបប ដែលត្រូវបានឧបត្ថម្ភដោយថវិការដ្ឋ អំពីថ្លៃធានារ៉ាប់រងសុខាភិបាល នឹងបានទទួលកម្រិតឧបត្ថម្ភថ្លៃធានារ៉ាប់រងសុខាភិបាលទៅតាមមុខសញ្ញាដែលមានកម្រិតឧបត្ថម្ភខ្ពស់បំផុត។
លទ្ធផលនៃការពិនិត្យគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រឡើងវិញ ឆ្នាំ ២០១៩ ខេត្តត្រាវិញមានជាង ៩.២០០ គ្រួសារក្រីក្រ ស្រូបអត្រា ៣,២២% នៃចំនួនគ្រួសារសរុបក្នុងខេត្ត។ ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិខ្មែរមានចំនួន ៥.៣៩៤ គ្រួសារ ស្រូបអត្រា ៥៨.៥៤% នៃចំនួនគ្រួសារក្រីក្រសរុបក្នុងខេត្ត។ ទូទាំងខេត្តមានគ្រួសារប្រកៀកបន្ទាត់ក្រជាង ១៩.៤៧០ គ្រួសារ ក្នុងនោះ មានគ្រួសារខ្មែរជាង ១០.១៨០ គ្រួសារ ស្រូបអត្រា ៥២,២៨% នៃចំនួនគ្រួសារប្រកៀកបន្ទាត់ក្រ សរុបក្នុងខេត្ត៕
សើុងម៉ាល័យ - វ៉ាន់តឹន