ទូទឹកកកអាចនឹងតម្កល់ទុកអាហារសម្រាប់ប្រើប្រាស់បានយូរថ្ងៃ ប៉ុន្តែមិនមែនចំណីអាហារណាក៏ត្រូវទុកក្នុងទូទឹកកកនោះទេ។ ខាងក្រោមនេះ ជាប្រភេទអាហារមួយចំនួនមិនគួររក្សាទុកក្នុងទូទឹកកក។
ទី១៖ នំប័ុង
ក្នុងករណីណាក៏ដោយ ទុកនំប័ុងក្នុងទូទឹកកកគឺជាការភាន់ច្រឡំមួយ។ មិនថានំប័ុងមួយចំណិត (ឬក៏នំប័ុងទូទៅគ្រប់ប្រភេទ) វាអាចនឹងបៀមជាតិសំណើមក្នុងទូទឹកកក អាចនឹងជ្រាយប៉ផ្អៀច និងបាត់ឱជារស់ ឬក៏ក្រៀមរឹងជាដើម។
វិធីងាយស្រួលដើម្បីរក្សាទុកនំប័ុងឱ្យបានយូរ នោះគឺលោកអ្នកទុកក្នុងថង់ដែលមានរន្ធសម្រាប់ខ្យល់ចេញចូលនៅក្នុងបរិយាកាសធម្មតា អាចនឹងរក្សាទុកបានយូរថ្ងៃជាងទុកក្នុងទូទឹកកក។ តែបើទុកកន្លងថ្ងៃយូរពេក នំប័ុងនឹងបាត់រសជាតិឆ្ងាញ់។
ទី២៖ ផ្លែប៉េងប៉ោះ
ក្រុមសិក្សាស្រាវជ្រាវបានអះអាង៖ ផ្លែប៉េងប៉ោះទុកក្នុងបរិស្ថានធម្មជាតិនឹងមានរសជាតិឆ្ងាញ់ជាងប្រភេទប៉េងប៉ោះដែលទុកក្នុងទូទឹកកក។ ការដែលទុកផ្លែប៉េងប៉ោះក្នុងសីតុណ្ហភាពក្រោម១២ អង្សាC អាចនឹងបាត់សារធាតុចិញ្ចឹមពីប្រភេទផ្លែឈើនេះ។
សីតុណ្ហភាពត្រជាក់ធ្វើឱ្យប្រែប្រួលរសជាតិធម្មជាតិ ទប់ស្កាត់ការបង្កើតសារធាតុផ្សំដែលងាយហួតចំហាយក្នុងផ្លែប៉េងប៉ោះ។ ដូច្នេះ៦៥%សារធាតុផ្សំទាំងនេះ អាចនឹងខ្សោះរសជាតិ ប្រសិនបើទុកផ្លែប៉េងប៉ោះក្នុងទូទឹកកក។
វិធីងាយស្រួលបំផុតលោកអ្នកគប្បីរក្សាទុកផ្លែប៉េងប៉ោះក្នុងបរិស្ថានធម្មជាតិ ស្រឡះស្រលួន។
ទី៣៖ ខ្ទឹមបារាំង
ក៏ដូចជាផ្លែប៉េងប៉ោះដែរ ខ្ទឹមបារាំងអាចនឹងស្វិតទន់ឬក៏ដុះផ្សិត ប្រសិនបើទុកក្នុងទូទឹកកកយូរថ្ងៃ។ ជាពិសេស ខ្ទឹមបារាំង ដែលចិតជាចំណិតតូចៗ វានឹងត្រូវក្រៀមស្ងួត ទោះបីលោកអ្នកខ្ចប់ជិតយ៉ាងណាក៏ដោយ។ ក្រៅពីនេះ ខ្ទឹមបារាំងធុំក្លិនឆួល អាចនឹងក្លិនរាលដាលក្នុងបរិស្ថានបិទជិតដូចជាក្នុងទូទឹកកកជាដើម ធ្វើឱ្យចំណីអាហារផ្សេងៗក្នុងទូជាប់ក្លិនខ្ទឹមបារាំង ហើយខ្ទឹមបារាំងក៏បាត់នូវរសជាតិរបស់វាផងដែរ។
យោង៖ Vietnamnet-ប្រែសម្រួល៖ លីសៀ