ឆ្នាំ២០១៧ វត្តព្រះបួនព្រះភ័ក្រ្ត នៅឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ថ្នាក់ខេត្ត។ បច្ចុប្បន្ន វត្តបានក្លាយជាទីតាំងទេសចរណ៍មួយក្នុងចំណោមទីតាំងទេសចរណ៍សាសនាដ៏ល្បីល្បាញនៅខេត្តសុកត្រាំង ទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងកុះករ។
ទិដ្ឋភាពព្រះវិហារវត្តព្រះបួនព្រះភ័ក្រ្ត ទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនកុះករ។
តាមថេរដីកាព្រះតេជព្រះគុណថាច់បន ព្រះចៅអធិការវត្តព្រះបួនព្រះភ័ក្ត្រ ដើមឡើយនៅទីតាំងវត្តនេះ គឺជាតំបន់ដីព្រៃរហោស្ថាន ដើមឈើដុះស៊ុមទ្រុម។ ខណៈពេលមាមីងខ្មែរកាប់ឆ្ការ គាស់រានដីក៏បានប្រទះឃើញព្រះពុទ្ធបដិមាមួយព្រះអង្គមានព្រះភ័ក្ត្របួន បែរទៅរកទិសទាំងបួន ហើយទិសនីមួយៗមានព្រះពុទ្ធបដិមា៥ព្រះអង្គទៀត។ មាមីងខ្មែរ ឃើញដូច្នោះក៏យល់ថា នេះជាទីតាំងដ៏ល្អប្រសើរ ម្ល៉ោះហើយបានឯកភាពគ្នាកសាងវត្តនៅទីនោះ រួចដង្ហែព្រះពុទ្ធបដិមាតម្កល់ក្នុងវត្តសម្រាប់គោរពបូជា។ ចាប់តាំងពីនោះមក ក៏កំណត់យកនាមព្រះបួនព្រះភ័ក្ត្រ ដាក់ជានាមវត្តរហូតមកដល់សព្វថ្ងៃ។
វត្តព្រះបួនព្រះភ័ក្ត្រ បានកសាងនៅលើផ្ទៃដី៦,៥ហិកតា ឆ្លងកាត់ព្រះចៅអធិការជាច្រើនជំនាន់។ វត្តត្រូវបានជួលជុលនិងកសាងសំណង់ថ្មីៗមួយចំនួន ប្រកបដោយស្ថាបត្យកម្មរបស់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន មានសំណង់ជាច្រើន ដូច៖ កុដិ សាលា ព្រះវិហារ ចេតិយ។ល។ បានកសាងយ៉ាងសមរម្យ។ ពិសេសវត្តព្រះបួនព្រះភ័ក្រ្តបានកសាងស្រះមុជ្ជលិន មានព្រះពុទ្ធបដិមាប្រក់នាគ និងកសាងសត្វតំណាងឆ្នាំទាំង១២ របស់ជនរួមជាតិខ្មែរ។ ក្រៅពីនោះ ក្នុងបរិវេណវត្តមានដាំដើមទម្លាប់ចោលម្លប់ត្រជាក់ទាំងប្រាំង វស្សា ពេលផ្លែទុំក្លិនក្រអូប ផ្អែមត្រជាក់នៅក្រោមដើមទម្លាប់មានកៅអីថ្មសម្រាប់ភ្ញៀវទេសចរអង្គុយ លំហែកាយ។ ពេលមកកាន់វត្តព្រះបួនព្រះភ័ក្រ្ត ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនានូវស្ថាបត្យកម្មវប្បធម៌ដ៏ប្រណីតរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ នៅទាំងបានបណ្ដែតអារម្មណ៍នឹងការប្រគំភ្លេងពិណពាទ្យ និងរបាំប្រពៃណីរបស់ជនរួមជាតិខ្មែរទៀតផង។
ចម្ងាយពីវត្តព្រះបួនព្រះភ័ក្រ្តប្រហែល១០០ម៉ែត្រ គឺជារមណីយដ្ឋានទេសចរណ៍យ៉ៀងតៀង ដែលបានប្រជាជនអភិរក្សពីជំនាន់មួយទៅជំនាន់មួយ ដោយមានខ្លឹមសារអប់រំពីការឧស្សាហ៍ព្យាយាម គំនិតច្នៃប្រតិដ្ឋក្នុងពលកម្មផលិត។ បច្ចុប្បន្ន រមណីយដ្ឋានទេសចរណ៍យ៉ៀងតៀង កំពុងដំណើរការកសាងដោយវិនិយោគទុនសរុបជាង២០០ពាន់លានដុង។ នេះជាទីតាំងដ៏សំខាន់ ទាក់ទាញភ្ញៀវទេសចរមកទស្សនា រួមចំណែកជំរុញការអភិវឌ្ឍផ្នែកទេសចរណ៍នៅភូមិភាគ៕
យ្វីអាញ់-វិមាន