22/06/2020 - 17:53

អភិរក្ស​ល្ខោន​របាំ

គ្រួ​សារ​អ្នក​ស្រី​ឡឹម​ធីហឿង​ និង​លោក​សើុងដែន​ នៅ​ភូមិ​បឹង​ចុង​ ឃុំ​តាយវ៉ាន់​ ស្រុកត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ បាន​ថែ​រក្សា​សិល្បៈ​របាំ​ឆ្លង​កាត់​៥​ជំ​នា​ន់​មកហើយ​ ប្រ​ហែល​២​០០ ឆ្នាំ​។​

សិប្ប​ការិ​នីឡឹម​ធីហឿង​ និង​សិប្ប​ករ​សើុងដែន​ កំ​ពុង​ធ្វើ​របាំង​មុខ​។​ រូប​ថត​៖ ង៉ុក​អា​ញ់។​

សិប្បការិ​នីឡឹម​ធីហឿង​ រៀន​មុខ​របរ​ពីឪ​ពុក​ គឺសិប្ប​ករ​ឡឹម​វែន កើត​ឆ្នាំ​ ១​៩​២​៤​ អ្នក​ជំ​នា​ន់​ទី៤​នៃ​គ្រួ​សារ​ស្នង​មត៌កសិល្បៈ​ របាំ។​ ចាប់​ពី​ឆ្នាំ​៥​០ដល់​៦​០នៃ​សតវត្ស​រ៍២​០ សិប្ប​ករ​ឡឹម​វែន ស្នង​បន្ត​ប្រ​វេណី​គ្រួ​សារ​ បង្កើត​ក្រុម​របាំ ហើយ​បាន​ដាក់​ឈ្មោះ​ថា​ “រស្មី​បឹង​ចុង​” ដោយមាន​សមាជិក​ចំ​នួន​២​២​នា​ក់ ដើរ​សម្ដែង​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​ មាន​ដូច​ស្រុក​មីស្វៀង​ មីទូ ថា​ញ់ទ្រី ឡុង​ភូ ។​ល។​ ចាប់​ពី​ឆ្នាំ​១​៩​៧​៥​ដល់​ឆ្នាំ​១​៩​៩​០ ក្រុម​របាំរស្មី​បឹង​ចុង​ផ្អាក​សកម្ម​ភាព​។​ កាល​នោះ​ ថ្វី​បើ​ឈប់​សម្ដែង​ក៏​ពិត​មែន​ ប៉ុន្តែ​សិប្ប​ករ​ឡឹម​វែន នៅ​តែថែរក្សា​មុខ​របរ​ បន្ត​បង្ហា​ត់​ច្រៀង​រាំ ដល់​កូន​ស្រី​របស់​ខ្លួន​និង​បង្ហា​ត់​របៀប​ធ្វើ​របាំង​មុខដល់​កូន​ប្រ​សា គឺសិប្ប​ករ​សើុងដែន​ ដើម្បី​បន្ត​ថែរក្សា​សិល្បៈ​ប្រ​ពៃណី​។​

ល្ខោន​របាំគឺជា​ទម្រង់​របាំព្រះ​រាជ​ទ្រព្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ការ​សម្ដែង​ចាំ​បាច់​ត្រូវ​មាន​ទាំង​ ចៀង​ រាំ គ្រឿង​អលង្ការ​ របាំង​មុខ​។​ល។​ សិល្បៈ​ របាំ ប្រើ​កាយ​វិការ​សម្រាប់​បកស្រាយ​ពី​រឿង​ព្រេង​ ទេ​វកថា​ជា​ដើម​។​  រាល់​ដំ​ណើររឿង​បុរា​ណ ត្រូវ​បាន​ដកស្រង់​ចេញ​ពី​រឿង​រ៉ាវ​ដែល​ជាប់​ទាក់​ទង​នឹង​ព្រះ​ពុទ្ធ​សាសនា​ និង​ព្រហ្ម​ញ្ញសាសនា​និង​រឿង​រាមាយណៈរបស់​ឥណ្ឌា​។​ រាល់​ការ​ទូន្មាន ប្រៀន​ប្រ​ដៅ​ អប់​រំសីល​ធម៌​៖ ធ្វើ​ល្អ​ជួប​ល្អ​ សុចរិតតែង​ឈ្នះ​ទុច្ចរិត​ សាង​បុណ្យ​បាន​បុណ្យ​ សាងបាប​បាន​បាប​។​ល។​ ត្រូវ​បាន​រៀប​ចំ​ជាឈុត​ សម្តែង​ក្នុង​ល្ខោន​របាំ។​

អា​ស្រ័យ​មាន​ប្រ​ភព​ចេញ​ពី​រាជ​វាំង​ បាន​ជាសំ​លៀកបំពាក់​ កាយ​វិការ​ ពាក្យ​ពោល​នៃ​តួអង្គ​ ក្នុង​ឈុត​សម្ដែង​នេះ​គឺស្ដេច​ នា​ម៉ឺន​ មន្រ្តី​។​ ឈុត​សម្តែង​ល្ខោន​របាំត្រូវ​បាន​ចង​ក្រង​ត្រូវ​នឹង​ទម្រង់​ របៀប​របប​ ហ្មត់​ចត់​និង​មាន​លក្ខណៈ​កាយ​វិការ​រូប​ភាព​ដ៏​ប៉ិន​ប្រ​សប់​ មាន​ចំ​ណុច​ជាច្រើន​ប្រ​ហា​ក់ប្រ​ហែល​នឹង​ចម្រៀង​ល្ខោន​ ចម្រៀង​បោយរបស់ជន​ជាតិ​វៀត​ និង​ទម្រង់​ល្ខោន​បុរា​ណច្រើន​ប្រ​ភេទ​ឯទៀត​នៅ​ទ្វីប​អា​ស៊ី​។​

ក្នុង​ការ​សម្ដែង​ល្ខោន​របាំច្រើន​តែមាន​២​បែក​តួអង្គ​។​ មួយ​បែក​តំ​ណា​ង​ឱ្យ​ភាព​សុច​រិត​ យុត្តិធម៌​ គឺមិន​ពាក់​របាំង​មុខ​ ពាក់​ត្រឹម​មកុដ​។​ ចំ​ណែ​កមួយ​បែក​ទៀត​តំ​ណា​ង​ឱ្យ​ភាព​ទុច្ច​រិត​ អយុត្តិ​ធម៌​ គឺពាក់​របាំង​មុខ​ ដូច​មាន​តួអង្គ​យក្សជាដើម​។​ តាមសម្ដី​អ្នក​ស្រី​ឡឹម​ធីហឿង​ ក្នុង​សិល្បៈ​របាំ​មាន​ចំ​នួន​៣​៣​ក្បាច់​រាំ។​ ក្នុង​នោះ​ ក្បាច់​ដៃ​ជាមូល​ដ្ឋាន​ មាន​៨​ យក្សមាន​ចំ​នួន​១​២​ ក្បាច់​រាំនីមួយ​ៗ​សុទ្ធតែមាន​កាយ​វិការ​រូប​ភាព​និង​អត្ថ​ន័យ​ខុស​ៗ​គ្នា​។​ ចំ​ពោះ​របាំង​មុខ​ដែល​ប្រើ​ក្នុង​សិល្បៈ​នេះ​ គឺការ​ចម្លង​ពី​ឈុត​ល្ខោន​នៃ​ប្រ​ទេស​ឥណ្ឌា​ ត្រូវ​បាន​ច្នៃ​ បង្កើត​យ៉ាង​ផ្ចិត​ផ្ចង់​ ល្អ​វិចិត្រ​។​

ការ​សម្ដែង​ល្ខោន​របាំប្រើ​ប្រាស់​ប្រ​ភេទ​របាំង​មុខ​ពី​១​២​ដល់​១​៦​ប្រ​ភេទ​។​ ចំ​ណែ​ក​រ​បាំង​មុខ​យក្ស មាន​ចំ​នួន​១​០ ហើយ​ធ្វើ​ជាច្រើន​ជាន់​បែរ​មុខ​ទៅ​ទិស​ទាំង​៤​ បង្ហា​ញ​នូវ​ចេតនា​ប្រែ​ក្រឡាស់​ផ្លាស់​ប្តូរ​ចិត្ត​គំ​និត​ អា​កប្បកិរិយា​។​ របាំង​មុខ​ដែល​ប្រើប្រាស់​ក្នុង​ល្ខោន​របាំ គឺមាន​ភាព​រស់​រវើក មាន​ឫទ្ធី ចេស្តា ទាក់​ទាញ​ទស្សនិក​ជន​។​ ការ​ប្រើ​ប្រាស់របាំង​មុខ​នេះ​ នៅ​ទាំង​បង្ហាញ​ពី​ជំ​នឿ​បុរា​ណរបស់ជន​ជាតិ​ខ្មែរ​ទៀត​ផង​៖ ដោយ​ជឿថា​ តួអង្គ​នីមួយ​ៗ​ ពេល​ពាក់​របាំង​មុខ​នឹង​មាន​គ្រូ​សណ្ឋិត​។​

ទន្ទឹម​នឹង​ក្បាច់​រាំនិង​របាំង​មុខ​ គ្រឿង​អលង្ការគ្រប់​ប្រ​ភេទ​ក្នុង​ល្ខោន​របាំក៏​មាន​ទម្រង់​ដោយ​ឡែក​។​ គ្រឿង​អលង្ការ​មាន​ច្រើន​ប្រ​ភេទ​៖ សុរង​ក ស្បៃ​ សង្វារ កង​ជើង​ កង​ដៃ​ជាដើម​ ដោយ​មានពណ៌​ភ្លឺ​ផ្លេក។​ ជាមួយ​នឹង​តួអង្គ​ស្លូត​-កាច​ ក្នុងល្ខោន​របាំក៏​នៅ​មាន​តួត្លុក​កំ​ប្លែង​ ញុំង​ឱ្យ​មានសំ​ណើ​ច​ក្នុង​ឈុត​សម្ដែង​។​ ល្ខោន​របាំ​ប្រើ​ប្រាស់​ រាល់​ឧបករ​ណ៍ភ្លេង​សំ​ខាន់​ មាន​ដូច​៖  ស្គរដៃ​ ស្គរធំ​ គងនិង​ស្រឡៃ​។​

សិប្ប​ករ​សើុងដែន​(អា​យុ​៦​១​ឆ្នាំ​) អ្នក​ជំ​នា​ញ​ សម្ដែង​តួយក្ស និង​ធ្វើ​របាំង​មុខ​ឱ្យ​ក្រុម​ បានឱ្យ​ដឹង​៖ រាល់​របាំង​មុខ​ត្រូវ​បាន​ធ្វើ​យ៉ាង​ផ្ចិត​ផ្ចង់​ រួម​មា​នច្រើន​ដំ​ណា​ក់​ការ​។​ ផ្នែក​គ្រោង​របាំង​មុខ​ត្រូវ​បាន​ធ្វើ​ដោយ​ភ្លៅចាក​ស្រស់​ ច្រៀក​តូចៗ​ ចង​ផ្គួប​ចូល​គ្នា​ លំ​ដាប់​មក​យក​ដី​ស្អិត​បូក​បិទដំ​ឡើង​ជារូប​។​ បន្ទាប់​មក​ទៀត​ប្រើ​សំ​ពត់​ស្ដើង​កាត់​ ៣​សង់​ទីម៉ែ​ត្រ៤​ជ្រុង​ ជ្រលក់​ជ័រ​មក្លឿ​រួច​ស្មាច់ពី​ក្រៅ​។​ រង់​ចាំ​ស្រទាប់​ដំ​បូង​ស្ងួត​(ប្រ​ហែល​១​ថ្ងៃ​) ស្មាច់​មួយ​ស្រទាប់​បន្ត​ទៀត​; របាំង​មុខ​នីមួយ​ៗ​ ច្រើន​ស្មាច់​ពី​៨​ដល់​១​០ស្រទាប់​សំ​ពត់​ជ្រ​លក់​ជ័រ​មក្លឿ។​ ក្រោយ​ពី​ស្រទាប់​សំ​ពត់​ចុង​ក្រោយ​បង្អស់​ ស្ងួត​ សិប្ប​ករ​បង្កើត​ជារូប​៖ ច្រមុះ​ ភ្នែក​ ត្រចៀក​ និង​បន្ទំក្បាច់​ដោយ​ប្រើ​ជ័រ​ទូក​។​ ក្រោយ​ពី​បង្កើត​លក្ខណៈ​មុខ​មា​ត់រួច​ស្រេច​ ក៏​ប្រើ​ជក់​គូរ​ក្បាច់​ក្បូរ​បន្ថែម​ផ្សេង​ៗ​។​ ទីបំ​ផុត​ គាស់​ចោល​គ្រោង​ភ្លៅចាក ដី​ស្អិត​ ហើយ​គូរ​លាប​ពណ៌​សម្រេច​របាំង​មុខ​។​ របាំង​មុខ​នីមួយ​ៗ​ត្រូវ​ចំ​ណា​យ​ពេល​ប្រ​ហែល​១​ខែ​ទើប​រួច​ស្រេច​។​ ដោយ​សារ​របាំង​មុខ​ ប្រើ​សំ​ពត់ជ្រលក់​ជ័រ​មក្លឿ ម្ល៉ោះ​ហើយ​ក៏​ស្រាល់​ទន់ អា​ច​ប្រើ​បាន​ពី​២​០ដល់​២​៥​ឆ្នាំ​។​

ចាប់​តាំង​ពី​ឆ្នាំ​២​០០០ ល្ខោន​របាំ ត្រូវ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ ជំ​រុញ​ខ្លាំង​ក្លា​នូវ​វិធាន​ការ​អភិរក្សពង្រីក​។​ ឆ្នាំ​២​០០៧​ ក្រុម​របាំបឹង​ចុង​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ពិធីជួប​ជុំ​ជីវ​ភាព​ប្រ​ជា​ប្រិយ​ Smithsonian នៅ​ក្រុង​ Washington DC សហរដ្ឋ​អា​មេរិក​; រៀង​រាល់​ឆ្នាំ​ចូល​រួម​សម្ដែង​នៅ​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ថ្ងៃ​១​៨​ ខែ​វិច្ឆិកា​ នៅ​ភូមិ​វប្បធម៌​បណ្តាជន​ជាតិ​វៀត​ណា​ម នៅ​ដុង​ម៉ូ រដ្ឋ​ធានី​ហា​ណូយ​។​ ឆ្នាំ​២​០១​៩​ សិល្បៈ​របាំ​ត្រូវ​បាន​ក្រសួង​វប្បធម៌​ កីឡា និង​ទេ​សចរ​ណ៍ ទទួល​ស្គាល់​ជាកេរ​ដំ​ណែ​ល​វប្បធម៌​អរូបី​ថ្នា​ក់​ជាតិ​; អ្នក​ស្រី​ឡឹម​ធីហឿង​ ក៏​បានរដ្ឋ​ប្រ​ទាន​កិត្តិ​នា​មជាសិប្ប​ការិ​នីឆ្នើម​។​ ឆ្នាំ​២០២​០ ក្រុម​បាន​អញ្ជើញ​ចូល​រួម​សម្តែង​របាំនិង​សម្តែងបង្ហា​ញ​ពី​ដំ​ណា​ក់​ការ​ធ្វើ​របាំង​មុខ​ ក្នុង​កម្ម​វិធី​សម្រស់​និទាឃ​រដូវ​ជន​បទ​នៅ​សារ​មន្ទីរ​ក្រុង​កឹង​ធើ។​ល។​

សិល្បៈ​របាំសព្វ​ថ្ងៃ​កំ​ពុង​ជួប​លំ​បាក​មិន​តិច​ក្នុងការ​ថែរក្សា​កេរ​ដំ​ណែ​ល​​ ។​ អ្នក​ស្រី​ឡឹម​ធីហឿង​ ឱ្យ​ដឹង​៖ ប្រ​សិ​នបើ​ចង់​រៀន​រាល់​ក្បាច់​រាំត្រូវ​ព្យា​យាម​ហា​ត់ពត់ឱ្យ​មាន​ភាព​ទន់ភ្លន់​។​ តាម​ប្រសាសន៍​អ្នក​ស្រី​ ភាព​លំ​បាក​បំផុត​ នៃ​ល្ខោន​របាំ គឺប្រើ​ភាសា​បុរា​ណ​ច្រើន​ សព្វ​ថ្ងៃ​មិន​សូវ​មាន​ប្រើ​ ចង់​បង្ហាត់​ដល់​សិស្ស​ អ្នក​ស្រី​ ត្រូវ​ប្រ​កប​សម្លេង​ជាភាសា​វៀត​។​ល។​ អា​ស្រ័យ​ហេតុ​ដូច្នោះ​ បាន​ជាសមាជិក​ក្រុម​របាំបឹង​ចុង​សព្វ​ថ្ងៃ​នេះ​ ភាគ​ច្រើនគឺកូន​ចៅ​របស់​បង​ប្អូន​ញាតិ​សន្ដាន​ក្នុង​គ្រួ​សារអ្នក​ស្រី​។​

ល្ខោន​របាំជាទម្រង់​សិល្បៈ​ចម្រុះ​ បន្សល់​ទុក​នូវ​តម្លៃ​ប្រ​ពៃណី​ដ៏​វិសេស​វិសាល​របស់​ជន​រួម​ជាតិខ្មែរ​។​ សិល្បៈ​នេះ​គប្បី​ស្នង​បន្ត​ ពង្រីក​ទូលាយ​ ដើម្បី​ថែរក្សា​ ពង្រីក​កាន់​តែខ្លាំង​ក្លា​ថែម​ទៀត​។​ របាំមិន​ត្រឹម​តែ​សម្ដែង​ក្នុង​ពិធីបុណ្យ​ធំ​ៗ​របស់​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ នៅ​ថែម​ទាំង​បាន​សម្តែង​ក្នុងជើង​ទេ​សចរណ៍​ស្វែង​យល់​កេរ​ដំ​ណែល​វប្បធម៌​ទៀត​ផង​។​៕​

ង៉ុក​អាញ់ - ថាច់​ធី  

ចែករំលែកអត្ថបទ