តាមប្រសាសន៍របស់លោកឡឹមយ៉ែ អនុលេខាសាខាបក្សភូមិកិញដៅ ឃុំហូដាក់កៀង ស្រុកចូវថាញ់ ខេត្តសុកត្រាំង ប្ដីប្រពន្ធបងត្រឹងខា និងបងស្រីលីធីឡែន នៅភូមិកិញដៅ ជាគ្រួសារក្រីក្រ មិនចេះអក្សរ ចិញ្ចឹមជីវិតដោយការស៊ីឈ្នួល ប៉ុន្តែប្រឹងប្រែងចិញ្ចឹមកូន៤នាក់រៀនចប់មហាវិទ្យាល័យ មានការងារធ្វើលំនឹង។
ប្ដីប្រពន្ធបងត្រឹងខា តែងមានមោទនភាព ខណៈពេលសម្លឹងមើលរូបថតរបស់កូនៗ
ទទួលសញ្ញាបត្រមហាវិទ្យាល័យ។
សព្វថ្ងៃ កូនប្រុសច្បងរបស់បងត្រឹងខា ឈ្មោះត្រឹងឡា បានបញ្ចប់មហាវិទ្យាល័យផ្នែកគ្រឿងយន្ត ធ្វើការនៅខេត្តឡុងអាង កូនស្រីបន្ទាប់ឈ្មោះត្រឹងធីវី បញ្ចប់មហាវិទ្យាល័យផ្នែកច្នៃជលផល ធ្វើការនៅកឹងធើ កូនប្រុសទី៣ឈ្មោះត្រឹងយីវ បញ្ចប់មហាវិទ្យាល័យផ្នែកគ្រឿងយន្ត កំពុងធ្វើការនៅក្រុងហូជីមិញ និងកូនស្រីពៅឈ្មោះត្រឹងធីប៊ិញ កំពុងធ្វើការនៅក្រុមហ៊ុនច្នៃជលផលមួយនៅក្រុងកឹងធើ។
កាលពីមុន ដើម្បីមានប្រាក់គិតគូរឱ្យកូនៗរៀនសូត្រ ប្តីប្រពន្ធបងខា ត្រូវទៅធ្វើការឈ្នួល ដាំដំណាំរួមផ្សំនិងបុលទុនធនាគារគោលនយោបាយសង្គម។ បងត្រឹងខា ឱ្យដឹង៖ “កាលកូននៅតូចៗ ប្ដីប្រពន្ធខ្ញុំខំធ្វើការរកស៊ី សន្សែសន្សំទិញបានដីចម្ការមួយកុង សង់ផ្ទះហើយក៏នៅសល់ខ្លះសម្រាប់ដាំដំណាំរួមផ្សំដើម្បីផ្គត់ផ្គង់ជីវភាព។ ព្រោះតែក្រ មិនចេះអក្សរ នឿយលំបាកនឹងការដើរស៊ីឈ្នួល បានជាខ្ញុំប្រឹងគិតគូរឱ្យកូនៗរៀនសូត្រ ដើម្បីអនាគតមានមុខរបររកស៊ី ចាកផុតពីស្ថានភាពដើរស៊ីឈ្នួលគេ”។ ឃើញភាពទុក្ខលំបាករបស់ឪពុកម្តាយ បានជាកូនៗរបស់គាត់ តែងខិតខំរៀនសូត្រឱ្យបានពូកែគ្រប់គ្នា។ សម្លឹងឃើញកូនៗខិតខំរៀនសូត្រ ប្ដីប្រពន្ធបង ហាក់ដូចភ្លេចអស់នូវការនឿយហត់នៃការស៊ីឈ្នួល។
ចាប់ពីត្រឹមឆ្នាំ២០០៧ កូនៗបានប្រឡងជាប់ចូលរៀនមហាវិទ្យាល័យជាបន្តបន្ទាប់ ប្ដីប្រពន្ធបង មានភាពរីករាយឥតស្រាក។ តាំងពីពេលនោះមក ក្រៅពីដីស្រែ១កុងផលិតស្រូវសម្រាប់យកអង្ករហូប បងត្រឹងខា ក៏ទៅធ្វើការឈ្នួល មានដូច៖ បាញ់ថ្នាំ ព្រោះស្រូវ ឆ្លូកស្រូវ លីស្រូវ។ល។ ចំណែកបងស្រីឡែន មួយថ្ងៃៗគិតតែពីការដាំបន្លែ ដករែកទៅលក់នៅផ្សារដើម្បីរកប្រាក់ចិញ្ចឹម កូនរៀនសូត្រ។ បងខា បានរ៉ាយរ៉ាប់៖ “ខណៈពេលកូនៗរៀនមហាវិទ្យាល័យ ប្ដីប្រពន្ធខ្ញុំធ្វើការ ឈ្នួលហាក់ដូចឥតដឹងនឿយហត់។ រវាងម៉ោង៣ មាន់រងាវប្តីប្រព័ន្ធខ្ញុំក្រោកពីដេកទៅដកបន្លែ រែកទៅផ្សារចូវថាញ់ឱ្យប្រព័ន្ធខ្ញុំលក់ ចំណែកខ្ញុំវិលត្រឡប់មកផ្ទះទៅធ្វើការឈ្នួល។ ក្នុងមួយថ្ងៃខ្ញុំបាញ់ថ្នាំជាង៥០ធុង រកបានប្រាក់ជាង៤០០.០០០ ដុង។ ស៊ីឈ្នួលបាញ់ថ្នាំ ថ្ងៃក្ដៅខ្លាំងពុលថ្នាំដួល សន្លប់កណ្ដាលវាល។ លុះភ្ញាក់ឡើង ក៏ស្រាបតែឃើញដេកក្នុងមន្ទីរពេទ្យ។ ស្បើយពីជំងឺ ខ្ញុំបន្តទៅធ្វើការឈ្នួលដើម្បីរកប្រាក់គិតគូរឱ្យកូនៗ រៀនសូត្រ”។ ពេលកូនៗត្រូវការប្រាក់ចំនួនច្រើន សម្រាប់បង់ប្រាក់សាលា គឺប្ដីប្រពន្ធបងទៅរកបុលខ្ចីប្រាក់គេ ហើយធ្វើការសងជាខាងក្រោយ ព្រមទាំងបុលប្រាក់ធនាគារគោលនយោបាយសង្គម រួចធ្វើការឈ្នួលសងរំលោះបន្តិចម្តងៗ។ល។ ចំណែករដូវប្រាំង ខណៈពេលប្រមូលផលស្រូវរួចរាល់ ប្តីប្រពន្ធបងទៅធ្វើការឈ្នួល ពង្រាយចំបើង ដើររើសស្រូវ ដើម្បីលក់យកប្រាក់ផ្ញើឱ្យកូនៗរៀនសូត្រ។ ធ្វើការឈ្នួលខួបឆ្នាំ នៅតែសងបំណុលមិនស្រឡះ ប៉ុន្តែប្ដីប្រពន្ធបងពុំដែលត្អួញត្អែជាមួយកូនៗម្តងណាឡើយ។
បងខាឱ្យដឹង៖ “ បច្ចុប្បន្ន ប្រាក់បុលសម្រាប់ឱ្យកូនរៀនសូត្រ បានសងរួចស្រឡះ ខ្ញុំក៏មិនដើរស៊ីឈ្នួលដូចមុនទៀតទេ សព្វថ្ងៃខ្ញុំនៅផ្ទះដាំដំណាំ រួមផ្សំចិញ្ចឹមជ្រូក និងធ្វើស្រែ១កុង ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ”៕
លីធាន - ថាច់ធី