កាលពីថ្ងៃទី៤ ខែឧសភា សិស្សនិស្សិតខេត្តសុកត្រាំង ចាប់ផ្តើមចូលរៀនឡើងវិញ ក្រោយពីរយៈពេលឈប់សម្រាកបង្ការ ទប់ស្កាត់ជំងឺCovid-១៩។ សាលារៀននានាបានអនុវត្តវិធានការជាច្រើនបង្ការ ទប់ស្កាត់ជំងឺ (អនាម័យបាញ់ថ្នាំកម្ចាត់មេរោគនៅតាមបន្ទប់រៀន វាស់កម្តៅជាដើម) ធានាសុខភាពដល់សិស្សានុសិស្ស...។
សមណសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ សុកត្រាំង
ចូលថ្នាក់រៀនតែងពាក់ម៉ាស់។
រយៈពេលកន្លង ដោយសាររងផលប៉ះពាល់នៃជំងឺ Covid-១៩ សាលារៀននៅលើភូមិសាស្រ្តខេត្តសុកត្រាំងនិយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម តែងឱ្យសិស្សឈប់រៀនតាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ សាលារៀនបានធ្វើការសម្អាតអនាម័យសាលា បន្ទប់រៀន និងបាញ់សារធាតុគីមីកម្ចាត់មេរោគជាប្រចាំ ដើម្បីធានាសុវត្ថិភាពដល់សិស្សពេលចូលរៀន។
លោកគ្រូគឹមវ៉ាន់ង៉យ នាយករងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង ឱ្យដឹង៖ “រយៈពេលកន្លង សាលាតែងចាត់គ្រូបង្រៀនសម្ព័ន្ធយុវជន និងក្រុមសុខាភិបាលធ្វើអនាម័យសាលា បន្ទប់រៀន និងអន្តេវាសិកដ្ឋានជាប្រចាំ ម្ល៉ោះហើយពេលមានសារលិខិតរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ឱ្យសិស្សចូលរៀន គឺសាលាបានត្រៀមលក្ខណៈជាស្រេច។ ពេលសិស្សចូលរៀនសាលាបានអនុវត្តត្រឹមត្រូវនូវវិធានការបង្ការទប់ស្កាត់ជំងឺត្រូវតាមសេចក្តីកំណត់។ សាលាបានរៀបចំមានទឹកអាល់កុលលាងដៃកម្ចាត់មេរោគ នៅមណ្ឌលអន្តេវាសិកដ្ឋាន បន្ទប់រៀន និងវាស់កម្ដៅឱ្យសិស្សក្នុងមួយថ្ងៃ៣លើក។ អាស្រ័យសាលាអន្តេវាសិក ជាសាលាពិសេសដោយឡែក មានសិស្ស៦១៨នាក់ ហូបចុក ស្នាក់នៅក្នុងមណ្ឌលអន្តេវាសិកដ្ឋាន ដើម្បីធានាសុវត្ថិភាពសុខភាពដល់សិស្ស នៅអាហារដ្ឋាន សាលាបានចែកពេលហូបចុកជាច្រើនលើក ដើម្បីធានាឱ្យសិស្សរក្សាគម្លាតពីគ្នាបានត្រឹមត្រូវ មិនផ្តុំគ្នានិងហាមមិនឱ្យសិស្សចេញក្រៅ ប្រសិនបើគ្មានការចាំបាច់”។ ប្អូនថាច់យឺ សិស្សថ្នាក់ទី១២A៦ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “ពេលចូលរៀន គឺប្អូនឃើញសាលា បន្ទប់រៀនស្អាតស្អំ បានវាស់កម្ដៅ លាងដៃដោយអាល់កុលជាប្រចាំ និងពាក់ម៉ាស់ ម្ល៉ោះហើយប្អូននឹងនរចិត្ត។ ពិសេសពេលវាស់កម្ដៅ បើប្រទះឃើញមិត្តណាគ្រុនក្ដៅ គឺបញ្ជូលទៅបន្ទប់សុខាភិបាលដើម្បីថែទាំ។ ក្រៅពីនោះ សាលារៀននៅទាំងផ្គត់ផ្គង់ទឹកសាប៊ូជូតឥដ្ឋ ពួកប្អូនអង្គុយហូបបាយក៏ឆ្ងាយពីគ្នា មិនប្រមូលផ្តុំច្រើនដូចមុន ម្ល៉ោះហើយប្អូននឹងនរចិត្តរៀនសូត្រដើម្បីត្រៀមបម្រុងឱ្យការប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ ក្នុងពេលខាងមុខ”។
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ខេត្តសុកត្រាំង គឺជាសាលាសម្រាប់សមណសិស្សមកពីខេត្តក្រុងនានាតំបន់ណាមបូ ម្ល៉ោះហើយការបង្ការ ទប់ស្កាត់ជំងឺCovid-១៩ ត្រូវបានយកចិត្តទុកដាក់។ លោកគ្រូថាច់រឹទ្ធិ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “ពេលអនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺCovid- ១៩ សាលាតែងធ្វើការវាស់កម្ដៅ លើកទឹកចិត្តសមណសិស្សលាងព្រះហស្តដោយទឹកអាល់កុល កម្ចាត់មេរោគ និងពាក់ម៉ាស់។ល។ មកដល់ពេលនេះ ទាំងគ្រូនិងសិស្សតែងនឹងនរចិត្តក្នុងការបង្ហាត់បង្រៀន និងរៀនសូត្រ។ សាលាមានលក្ខណៈដោយឡែក គឺកម្រិតមធ្យមសិក្សាមូលដ្ឋានក្នុងមួយឆ្នាំរៀន២ថ្នាក់ ម្ល៉ោះហើយមុនពេលចូលរៀន សាលាបានកែប្រែកាលបរិច្ឆេទបង្ហាត់បង្រៀនត្រូវតាមសេចក្តីកំណត់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ប៉ុន្តែមិនឱ្យប៉ះពាល់ដល់ការសិក្សា និងការជម្រើសសិស្សរបស់សាលានៅឆ្នាំខាងមុខឡើយ”៕
យ្វីអាញ់-វិមាន