ក្នុងប៉ុន្មានឆ្នាំកន្លង ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅភូមិថាយហ្វា ឃុំណាមថាយA ស្រុកអាងបៀង ខេត្តគៀងយ៉ាង តែងបានរក្សាខ្ជាប់ បង្កជាបុព្វបទឱ្យប្រជាជនស្ងប់ចិត្តពលកម្មផលិត។ សម្រេចបាននូវលទ្ធផលខាងលើ គឺអាស្រ័យការយកចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ការសាមគ្គីរបស់ប្រជាជនក្នុងការពង្រីកប្រសិទ្ធភាពទម្រង់ “អំពូលភ្លើងច្រកផ្លូវ” សណ្ដាប់ធ្នាប់មូលដ្ឋាន រួមចំណែករក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ។
ទម្រង់“អំពូលភ្លើងច្រកផ្លូវ” របស់ឃុំណាមថាយA ត្រូវបានប្រជាជន គាំទ្រដោយអស់ពីចិត្ត។
ក្នុងឆ្នាំ ២០១៧ នគរបាលឃុំណាមថាយA បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ កសាងផែនការផ្សព្វផ្សាយឃោសនា ចលនាប្រជាជនក្នុងភូមិថាយហ្វា អនុវត្តទម្រង់ “អំពូលភ្លើងច្រកផ្លូវ” សំដៅរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិ។ នគរបាលឃុំណាមថាយA សកម្មធ្វើការជ្រួតជ្រាបដល់សមាជិកគ្រប់រូបក្នុងទម្រង់ត្រូវតែប្រកៀកប្រកិតមូលដ្ឋាន និងក្ដាប់ច្បាស់សភាពការណ៍លើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ ក៏ចុះទៅដល់គ្រួសារប្រជាជននីមួយៗ ដើម្បីឃោសនា ចលនាឱ្យប្រជាជនយល់ច្បាស់អំពីផលប្រយោជន៍នៃទម្រង់ “អំពូលភ្លើងច្រកផ្លូវ” ហើយបានប្រជាជនគាំទ្រពេញទំហឹង។ គិតដល់ចុងឆ្នាំ២០១៩ ភូមិថាយហ្វា មានគ្រួសារចំនួន៤៥ បានដាក់អំពូលភ្លើងនៅមាត់ច្រក។ ថវិកាសម្រាប់ដាក់អំពូលភ្លើងគឺប្រជាជនស្ម័គ្រចិត្តចំណាយ ផ្ទាល់ ចំណែកកម្លាំងកម្មករលើកបង្គោល អូសខ្សែភ្លើង អាស្រ័យគណៈកម្មាធិការប្រជាជនឃុំជំនួយ។ សរុបប្រាក់ចំណាយដាក់អំពូលភ្លើងសម្រេចរួចរាល់គឺ ២៥០ពាន់ដុង។ កម្លាំងនគរបាលឃុំក៏ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំ បង្កើតក្លឹបគ្រប់គ្រងទម្រង់“អំពូលភ្លើងច្រកផ្លូវ” មានសមាជិកចំនួន២១នាក់ ផ្លាស់វេនគ្នាពិនិត្យការដាក់អំពូលភ្លើង តាមដានការប្រើប្រាស់។
តាំងពីមានទម្រង់ "អំពូលភ្លើងច្រកផ្លូវ" ស្ថានភាពស្មុគស្មាញ អំពីសន្តិសុខលើភូមិសាស្ត្រភូមិថាយហ្វា បានថយចុះគួរឱ្យកត់សម្គាល់។ កាលពីឆ្នាំ ២០១៧ ក្នុងភូមិកើតមានចោរកម្ម១ករណី បង្កអសន្តិសុខសាធារណៈ៤ករណី និងមានករណីក្មេងជំទង់បញ្ជិះម៉ូតូ រោទិ៍សម្លេងប៉ះពាល់ដល់ប្រជាជនជាច្រើន តែឥឡូវនេះ ដោយសារមានទម្រង់ "អំពូលភ្លើងច្រកផ្លូវ" រាល់ស្ថានការណ៍សន្តិសុខសណ្ដាប់ធ្នាប់ ហាក់ដូចជាគ្មានកើកមានឡើយ។ នគរបាលឃុំ ណាមថាយA បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ បន្តពង្រឹងនិងពង្រីកទម្រង់នេះនៅលើភូមិសាស្រ្តឃុំទាំងមូល។ បច្ចុប្បន្ន ឃុំណាមថាយA មានចំនួន២៥០គ្រួសារ បានដាក់អំពូលភ្លើងនៅមាត់ច្រក សរុបទឹកប្រាក់ជាង៥០លានដុង អាស្រ័យប្រជាជនស្ម័គ្រចិត្តរួមវិភាគទាន៕
ឡេស៊ាង-លេងមី