សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង ស្រុកមីស្វៀង ខេត្តសុកត្រាំង គឺជាសាលាដែលបង្រៀនល្អ រៀនល្អរបស់ស្រុក។ ក្រោយពីរយៈពេល២០ឆ្នាំបង្កើតដល់ឆ្នាំ២០១៩ សាលាត្រូវបានទទួលស្គាល់ជាសាលាសម្រេចបទដ្ឋានជាតិ។
សាលាត្រូវបានផ្នែកអប់រំវិនិយោគកសាងយ៉ាងសមរម្យ។
សិស្សសាលាយកចិត្តទុកដាក់រៀនសូត្រ។
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង មានសិស្សជាង២៦០នាក់ ចាប់ពីថ្នាក់ទី៦-៩។ ប្អូនៗភាគច្រើនតែងហូបចុក ស្នាក់នៅប្រជុំជីវភាពក្នុងសាលា បានទទួលអាហារូបករណ៍តាមរបបគោលនយោបាយរបស់រដ្ឋ។ ប៉ុន្មានឆ្នាំមកនេះ សាលាត្រូវបានផ្នែកអប់រំខេត្តវិនិយោគមូលដ្ឋានសម្ភារៈ បំពាក់បរិក្ខារបង្ហាត់បង្រៀនគ្រប់សព្វ ឯកងជួរគ្រូបង្រៀនត្រូវបានបំប៉ន់វិជ្ជាជីវៈ បង្កើនកម្រិតមុខជំនាញ ម្ល៉ោះហើយគុណភាពបង្ហាត់បង្រៀនកាន់តែសម្រេចប្រសិទ្ធភាពខ្ពស់។ ប្អូនត្រេវវុឌ្ឍី សិស្សថ្នាក់ទី៩A១ ឱ្យដឹង៖ “ជីវភាពគ្រួសារប្អូនក្រលំបាក ម្ល៉ោះហើយ ពេលបានចូលរៀននៅសាលានេះ បានលោកគ្រូ អ្នកគ្រូស្រឡាញ់រាប់អាន។ ពិសេស គឺការរៀនសូត្រមិនបាច់បង់ប្រាក់សាលា នៅទាំងបានទទួលរបបគោលនយោបាយ រៀនពូកែនឹងបានទទួលអាហារូបករណ៍ទៀតផង។ ក្រៅពីនេះ សាលាផ្តល់សម្លៀកបំពាក់ សៀវភៅសរសេរ សៀវភៅពុម្ពសម្រាប់រៀន ដូច្នេះប្អូនស្ងប់អារម្មណ៍រៀន សូត្រដើម្បីសម្រេចបានលទ្ធផលល្អ”។
បច្ចុប្បន្ន គ្រូបង្រៀនរបស់សាលាមានកម្រិតវិជ្ជាមុខជំនាញសម្រេចបទដ្ឋានទាំង១០០% ហេតុនោះ គុណភាពបង្ហាត់បង្រៀនរបស់សាលាត្រូវបានកើនឡើងជាលំដាប់។ រៀងរាល់ឆ្នាំ សាលាតែងមានសិស្សសម្រេចនិទ្ទេសពូកែ គ្រាន់បើជាង ៧០% ដទៃពីនោះ គឺមធ្យមភាគ អត់មានសិស្សខ្សោយនោះទេ។ ជាពិសេស អត្រាសិស្សឡើងថ្នាក់តែងសម្រេច១០០%។ អ្នកគ្រូឡឹមថាញ់គ្វី ឱ្យដឹង៖ “សិស្សជនជាតិខ្មែរមិនសូវស្ទាត់ភាសាវៀត ម្ល៉ោះហើយក្នុងពេលបង្ហាត់បង្រៀន គ្រូបង្រៀនម្នាក់ៗ តែងមានវិធីសាស្រ្តបង្រៀនផ្សេងៗ ទន្ទឹមនឹងនោះ ត្រូវពន្យល់ហ្មត់ចត់និងមានរូបភាពបញ្ជាក់បន្ថែម (យោងទៅតាមមេរៀននីមួយៗ) ដើម្បីជួយប្អូនៗងាយស្រួលទទួលយកចំណេះដឹង។ ក្រៅពីបង្រៀនចំណេះដឹងទូទៅ គ្រូបង្រៀនថែមទាំងបង្រៀនដល់ប្អូនៗពីរបៀបសុជីវធម៌ និងការរស់នៅក្នុងបរិស្ថាននៃសាលាអន្តេវាសិកទៀតផង”។
លោកគ្រូលីហ្វាងថុង នាយកសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង ឱ្យដឹង៖ “សិស្សស្ទើរតែទាំងអស់តែងបានជម្រើសពីតំបន់លំបាក ពិសេសរបស់ស្រុកមីស្វៀងនិងត្រឹងដេ។ ម្ល៉ោះហើយកម្រិតវិជ្ជារបស់ប្អូនៗមិនស្មើគ្នា។ អាស្រ័យហេតុនោះ ចាប់ពីដើមឆ្នាំសិក្សា សាលាតែងសហការយ៉ាងជិតដិតជាមួយអាណាព្យាបាលសិស្ស ដើម្បីជួយអប់រំទូន្មាន ប្រៀនប្រដៅកូនចៅអនុវត្តល្អបទបញ្ជាផ្ទៃក្នុងរបស់សាលា។ ម៉ោងរៀនក្នុងពេលយប់ សាលាចាត់គ្រូបង្រៀនប្រចាំការដើម្បីធានាសុវត្ថិភាពដល់ប្អូនៗរៀនសូត្របានល្អ។ អាស្រ័យការអស់ពីចិត្ត ស្រឡាញ់អាជីពរបស់លោកគ្រូអ្នកគ្រូក្នុងការបង្ហាត់បង្រៀន និងការខិតខំរៀនសូត្ររបស់សិស្ស ម្ល៉ោះហើយគុណភាពអប់រំរបស់សាលាកាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”៕
យ្វីអាញ់-លីសៀ