ពេលរំលឹកដល់ទូក-ងវត្តពងទឹកចាស់ នៅស្រុកថាញ់ទ្រី ខេត្តសុកត្រាំង គឺអ្នកដែលស្រឡាញ់កីឡាទូក-ងសុទ្ធសឹងតែដឹងស្គាល់ទាំងអស់គ្នា។ ព្រោះថានេះជាទូក-ងដ៏ពូកែរបស់ខេត្តសុកត្រាំង និងទូទាំងតំបន់វាលរាបទន្លេគឺវឡុង។
ក្តីរីករាយជ័យជម្នះរបស់ទូក-ងវត្តពងទឹកចាស់ ក្នុងរដូវកាល២០១៩។
ចាប់តាំងពីឆ្នាំ២០១១មក ទូក-ងវត្តពងទឹកចាស់ បានឈ្នះពានរង្វាន់លេខមួយបាន៤ដង លេខពីរ៣ដង និងលេខបី២ដង។ លោកអ៊ំសើុងសុខហៀង ប្រធានគណៈកម្មការវត្តពងទឹកចាស់ ឱ្យដឹង៖ “ទូក-ងរបស់វត្តរក្សាខ្ជាប់ស្នាដៃជាច្រើនឆ្នាំមកនេះ គឺអាស្រ័យកីឡាករសាមគ្គីគ្នា។ ទន្ទឹមនឹងនោះទទួលបានការឧបត្ថម្ភដ៏ពិសេសរបស់រដ្ឋអំណាច់ភូមិភាគនិងសប្បុរសជន ម្ល៉ោះហើយទើបបងប្អូនក្នុងក្រុមមានលក្ខណសម្បត្តិហាត់សមនិងអុំប្រណាំង។ ពិសេស កីឡាករនិងគ្រូបង្វឹកសុទ្ធសឹងតែស្រឡាញ់ពេញចិត្តនឹងកីឡាទូក-ង ដូច្នេះទើបផ្សារភ្ជាប់បានយូរអង្វែង ដើម្បីទទួល បានស្នាដៃខ្ពស់នៅរាល់លើកចូលរួមអុំប្រណាំង”។
ប្រណាំងទូក-ងជាវិញ្ញាសាកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរ ត្រូវបានរក្សាតាំងពីយូរលង់មក។ នេះជាវិញ្ញាសាកីឡាបង្ហាញ់ពីស្មារតីសាមគ្គី ម្ល៉ោះហើយបើចង់ឱ្យទូក-ងពូកែ នោះគឺប្រជាជនក្នុងភូមិស្រុកក៏ត្រូវមានសាមគ្គីខ្ពស់ និងស្រឡាញ់រាប់អានគ្នាដែរ។ កីឡាករទូក-ងសុទ្ធតែជាកសិករ លុះជិតដល់ថ្ងៃបុណ្យ ទើបពួកគាត់ប្រមូលគ្នាទៅវត្តហាត់សមនិងអុំប្រណាំង។ បងត្រាវ៉ាន់ហៀង ជាកីឡាករផ្សារភ្ជាប់នឹងទូក-ងតាំងពីឆ្នាំ២០១១មកទល់សព្វថ្ងៃ ឱ្យដឹង៖ “ថ្ងៃធម្មតាយើងខ្ញុំទៅធ្វើការឈ្នួលនៅក្រុងហូជីមិញ ប៉ុន្តែមុនពេលអុំប្រណាំង១ខែ យើងខ្ញុំបានប្រមូលគ្នាទៅវត្តដើម្បីហាត់សមនិងចូលរួមប្រណាំង។ ក្រុមគ្រួសារខ្ញុំពេញចិត្តនឹងវិញ្ញាសាប្រណាំងទូក-ង ហេតុនោះបានបង្កលក្ខណៈងាយស្រួលឱ្យខ្ញុំចូលរួមហាត់សមនិងអុំប្រណាំង។ បានចូលរួមក្រុមកីឡាករទូក-ងរបស់វត្ត គឺជាកិត្តិយស ហើយកាន់តែមោទនៈភាពជាងទៀត ខណៈពេលទូក-ងតែងរក្សាបានស្នាដៃខ្ពស់នៅរាល់លើកចូលរួមអុំប្រណាំង”។
រាល់លើកចូលរួមអុំប្រណាំងទូក-ងវត្តពងទឹកចាស់ (អាវពណ៌លឿងខាងស្តាំដៃ) តែងអុំផ្លោះទៅមុនជានិច្ច។
បច្ចុប្បន្ន ក្រុមកីឡាករទូក-ងវត្តពងទឹកចាស់ មានសមាជិកជាង ១៥០នាក់ ក្នុងនោះ មានទាំងគណៈកម្មការចាត់តាំងគ្រូបង្វឹក កីឡាករនិងក្រុមអ្នកដណ្ដាំស្ល។ ប៉ុន្មានឆ្នាំមកនេះ ក្នុងក្រុមតែង សាមគ្គីគ្នា គោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់សេចក្តីកំណត់ដែលគណៈកម្មការចាត់តាំងបានដាក់ចេញ។ ផ្តើមពីការសាមគ្គីអស់ពីចិត្តក្នុងការអុំប្រណាំង និងទឹកចិត្តស្រឡាញ់វិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិខ្មែរ ក្រុមកីឡាករទូក-ងវត្តពងទឹកចាស់ បានសាមគ្គីរួមកម្លាំងយកឈ្នះលើដៃគូ ដើម្បីរក្សាខ្ជាប់ស្នាដៃនៅរាល់លើកចូលរួមអុំប្រណាំងក្នុងខេត្តនិងតំបន់។ ជាពិសេស ពានរង្វាន់រដូវកាល២០១៩ ក្រុមកីឡាករទូក-ងវត្តពងទឹកចាស់ បានយកឈ្នះលើក្រុមកីឡាករទូក-ងស្រុកកាងឡុង ខេត្តត្រាវិញ ដែលជាទូក-ងមួយដ៏ពូកែក្នុងតំបន់។ ជាមួយជ័យជម្នះនោះ សាជាថ្មីម្តងទៀត លោកអ៊ំសើុងសុខហៀង គូសបញ្ជាក់៖ “ទូក-ងដែលពូកែត្រូវសម្បទាដោយកត្តា៣យ៉ាង នោះគឺកម្លាំងយុទ្ធសាស្រ្តនិងសាមគ្គី។ ពោលគឺទូក-ងវត្តពងទឹកចាស់ រក្សាបានស្នាដៃខ្ពស់ជាច្រើនឆ្នាំបន្តបន្ទាប់ ក៏អាស្រ័យសម្បទាដោយកត្តាទាំង៣យ៉ាងនេះឯង។ ជាពិសេស សាមគ្គី បង្រួមគ្នាជាកម្លាំងនាំមកនូវជ័យជម្នះ”៕
យ្វីអាញ់-លីសៀ