ប៉ុន្មានឆ្នាំជិតៗនេះ ក្រុមជម្រើសកីឡាវាយសីនៃប្រទេសថៃ បានបង្ហាញពីភាពជឿនលឿនរបស់ខ្លួន ខណៈពេលបានចូលប្រកួតនៅវគ្គខាងក្នុងៗដណ្ដើមពានរង្វាន់កីឡាវាយសីពិភពលោក ប្រកួតប្រជែងជាមួយក្រុមជម្រើសពូកែៗដូចចិន និងកូរ៉េខាងត្បូងជាដើម។
ក្រុមជម្រើសកីឡាការិនីវាយសីថៃ។
នៅពានរង្វាន់កីឡាវាយសីជើងឯកទ្វីបអាស៊ី - Sudirman Cup ឆ្នាំ២០១៩ ក្រុមជម្រើសជាតិថៃ ត្រូវបានរៀបចំណាត់ថ្នាក់នៅក្រុមទី១ ដែលជាក្រុមអាចដណ្តើមពានរង្វាន់ជើងឯក។ ក្រុមជម្រើសជាតិថៃ មិនជួបលំបាកនៅក្នុងវគ្គជម្រុះ ដើម្បីឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបម្ចាស់ពានរង្វាន់ជើងឯក Sudirman Cup ឆ្នាំ២០១៨ គឺក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ ធ្វើការប្រៀបធៀបក្រុមទាំងពីរឃើញថាក្រុមជម្រើសជាតិកូរ៉េខាងត្បូងមានភាពលេចធ្លោជាង ទោះជាយ៉ាងនោះក្តី ប៉ុន្តែកីឡាករថៃតែងប្រកួតបានល្អ ខណៈពេលប្រកួតឲ្យក្រុម ជម្រើសជាតិ។ ជាមួយនឹងយុទ្ធសាស្រ្តសមស្រប ក្រុមជម្រើសជាតិថៃទទួលបានជ័យជម្នះគួរឱ្យចាប់អារម្មណ៍ ធ្វើឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្លាយជាអតីតម្ចាស់ជើងឯក។
នៅកម្រិតក្រុមជម្រើសជាតិដដែល កីឡាការិនីថៃ ក៏បានបង្កើតទំព័រប្រវត្តិសាស្រ្តថ្មី ដោយប្រកួតឈ្នះក្រុមកីឡាការិនីចិនលើកដំបូង នៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ Uber Cup ឆ្នាំ ២០១៨ ដើម្បីឈានចូលវគ្គផ្តាច់ព្រ័ត្រ ជួបជាមួយនឹងក្រុមកីឡាការិនីមកពីប្រទេសជប៉ុន។ ទោះជាឈរលំដាប់ថ្នាក់លេខ ២ បន្ទាប់ពីចាញ់ក្រុមជម្រើសមកពីប្រទេសជប៉ុន ដែលមានកីឡាការិនី៣គូកំពុងឈរលំដាប់ថ្នាក់កំពូលពិភពលោក និងមានកីឡាការិនីប្រកួតទោលចំនួន២រូប ឈរលំដាប់លេខ៣ពិភព លោក ប៉ុន្តែក្រុមកីឡាការិនីថៃ ក៏បង្កើតបានស្នាដៃដ៏អស្ចារ្យសម្រាប់ខ្លួនដែរ។
ទោះជាកីឡាការិនីជម្រើសជាតិថៃ គ្មានចំណាត់ថ្នាក់ខ្ពស់នៅលើតារាងចំណាត់ថ្នាក់កីឡាវាយសីពិភពលោក ប៉ុន្តែពេលប្រកួតនៅក្រុមជម្រើសជាតិ ពួកគេតែងលេងបានល្អគួរឱ្យភ្ញាក់ផ្អើល។ តួយ៉ាងដូច កីឡាការិនី Busanan Ongbamrungphan បានយកឈ្នះយ៉ាងចាស់ដៃលើអតីតម្ចាស់ជើងឯកអូឡាំពិកជនជាតិចិន ដោយពិន្ទុ ២១-១១និង២១-៩ ទោះជាចំណាត់ថ្នាក់ របស់នាងនៅលើតារាងចំណាត់ថ្នាក់ចាញ់ដៃគូរាប់សិបកម្រិតឯណោះ។ ចំណែកកីឡាការិនី Ratchanok Intanon ក៏ដូច្នោះដែរ ទោះជាធ្លាក់ចុះដល់លេខ៨លើតារាងចំណាត់ថ្នាក់ ប៉ុន្តែការប្រកួតឱ្យក្រុមជម្រើសជាតិ នាងតែងដណ្តើមបានជ័យជម្នះស្ទើរតែទាំងអស់។ រីឯកីឡាវាយសីផ្នែកបុរស ដូចជា៖ កីឡាករ Khosit Phetpradab និង Kantaphon wangcharoen ជាដើម ក៏ប្រកួតបានយ៉ាងប្រសើរផងដែរ។
ជោគជ័យរបស់ក្រុមជម្រើសជាតិថៃ គឺជាលទ្ធផលនៃការវិនិយោគស៊ីជម្រៅនិងការចូលរួមរបស់សង្គម។ មិនត្រឹមតែធ្វើហិរញ្ញប្បទានដល់ក្រុមជម្រើសជាតិ ស្ងើចសរសើរនិងជូនរង្វាន់ដល់កីឡាករដែលសម្រេចបានស្នាដៃខ្ពស់ប៉ុណ្ណោះទេ សម្ព័ន្ធក្រុមហ៊ុនSCG(ថៃ) បានបង្កើតវិទ្យាស្ថានវាយសី ដើម្បីបណ្តុះបណ្តាលកីឡាករ។ សម្ព័ន្ធក្រុមហ៊ុន បានសហការជាមួយនឹងការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិមហាក្សត្រថៃ បង្កើនកម្រិតវិទ្យាស្ថានកីឡាវាយសីSCG ក្លាយជាមជ្ឈមណ្ឌលហ្វឹកហាត់ប្រកបដោយភាពវិទ្យាសាស្រ្តសម្រាប់កីឡាវាយសី សម្រេចខ្នាត កំពូលនៅទ្វីបអាស៊ី នៅរាជធានីបាងកក។ វិទ្យាស្ថានមានលាន កម្រាលYonex ចំនួន១៨ គ្រប់លក្ខណៈសម្រាប់ហ្វឹកហាត់និងប្រកួតខ្នាតអន្តរជាតិ កន្លែងអង្គុយចំណុះ១.២០០នាក់ បន្ទប់ហាត់កាយសម្បទាបំពាក់ឧបករណ៍ទំនើប មណ្ឌលអាគារមាន៥០បន្ទប់ រួមមានបន្ទប់មុខងារនិងបន្ទប់ស្នាក់នៅសម្រាប់គ្រូ បង្វឹករួមជាមួយនឹងកងជួរជំនាញការខាងវិទ្យាសាស្រ្តកីឡានិង កីឡាករប្រមូលផ្តុំមកហ្វឹកហាត់។
រៀងរាល់ឆ្នាំ វិទ្យាស្ថានចាត់តាំងប្រឡងជ្រើសរើសសិក្ខាកាមទូទាំងប្រទេស ដើម្បីបញ្ជូនមកបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលដោយឥតគិតថ្លៃ។ មិនត្រឹមតែបានហ្វឹកហាត់ប៉ុណ្ណោះទេ កីឡាករនៅទាំងបានរៀនចំណេះទូទៅនៅសាលាមធ្យមសិក្សាដ៏ល្បីឈ្មោះទាំងពីរនៅប្រទេសថៃគឺ Wat Suthiwararam និង Si Suriyothai៕
ហាថាញ់-វិមាន