របរឡើងយកទឹកត្នោត កំពុងបានអ្នកភូមិនៅស្រុកថ្កូវ ខេត្តត្រាវិញ ជ្រើសយកជារបរចិញ្ចឹមជីវិត។ ថ្វីដ្បិតរបរនេះមានការនឿយហត់ ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ក៏ដោយ ផ្ទុយមកវិញបានផ្ដល់ប្រភពចំណូលលំនឹងសម្រាប់គ្រួសារជាច្រើន។
ប្តីប្រពន្ធលោកគឹមណាង ជាមួយគេហដ្ឋានថ្មីសាងសង់ពីប្រភពចំណូលនៃដើមត្នោត។
លោកសើុង អាយុជិត៧០ឆ្នាំ នៅភូមិក្រកណ្តាល ឃុំអានក្វាងហឺវ ស្រុកថ្កូវ ខេត្តត្រាវិញ ប្រកបរបរឡើងដើមត្នោតយកទឹករយៈពេលជាង១៥ឆ្នាំ។ លោកសើុងសឿ ឲ្យដឹង៖ “គ្រួសារខ្ញុំក្រគ្មានដីបង្កបង្កើនផល ម៉្លោះហើយត្រូវច្បាមរបរយកទឹកត្នោត ពិតមែនរបរនេះនឿយហត់ ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ប៉ុន្តែបាននាំមកប្រភពចំណូលខ្ពស់បង្គួរ។ អាស្រ័យរបរនេះ ទើបគ្រួសារខ្ញុំឈានឡើងចាកផុតពីភាពក្រីក្រ”។
|
លោកសើុង កំពុងឡើងយកទឹកត្នោត។ |
ដើម្បីទាញយកផលទឹកត្នោត គេយកដើមឫស្សីចាស់វែងសម្រាប់ចងឱបនឹងដើមត្នោតធ្វើបង្អោង។ បើដើមខ្ពស់ពេក គេក៏តបង្អោងជាកំណាត់រហូតដល់ចុង។ ពេលដើមត្នោតចេញផ្កាវែង គឺគេអាចគាបផ្កាយកទឹកបាន។ ផ្កាត្នោតអាចគាបយកទឹកបានពី៤ដល់៥ខែ។ ដើមវាចេញផ្កាថ្មីជាបន្តបន្ទាប់ ចេះតែប្រព្រឹត្តទៅដូច្នេះ ម៉្លោះហើយអាចទាញយកផលបានម្ភៃសាមសិបឆ្នាំ។ មធ្យមភាគត្នោតមួយដើមផ្តល់ទឹកពី៣-៥លីត្រ/ថ្ងៃ ដើមត្នោតផ្តល់ទឹកច្រើននៅរដូវប្រាំង ចាប់ពីខែ១១ រហូតដល់ ខែ៣ ឬខែ៤ (សុរិយាគតិ)។ បច្ចុប្បន្ន ដើមត្នោតនៅស្រុកថ្កូវ មានច្រើនបំផុតនៅតំបន់ជនរួមជាតិខ្មែររស់នៅ គឺឃុំអានក្វាងហឺវ លឺវង៉ីបអាញ់ គីមសើុង និងថាញសើុង។ តាមប្រសាសន៍ លោកថាច់ហាញ់ ប្រធានភូមិក្រកណ្តាល ឃុំអានក្វាងហឺវ លើភូមិសាស្រ្តបច្ចុប្បន្នមានដើមត្នោតប្រមាណ៣០០ដើមត្នោត ផ្តល់ផលច្រើនយ៉ាងក្នុងនោះមានគាបយកទឹកជាដើម។ ក្នុងភូមិមានប្រមាណ១០គ្រួសារ ប្រកបរបរយកទឹកត្នោត។ អាស្រ័យរបរនេះ ជួយឱ្យគ្រួសារទាំងនេះចាកផុតពីភាពក្រីក្ររក បានប្រាក់ចំណូលពី៣០០.០០០-៥០០.០០០ដុង/ម្នាក់/ថ្ងៃ តួយ៉ាងដូចគ្រួសារលោកគឹមណាង ថាច់វ៉ុយ ថាច់ថាញ់ដូរ។ល។
លោកគឹមណាង នៅភូមិក្រកណ្តាល ឃុំអានក្វាងហឺវ ឱ្យដឹង៖ “ដោយសារគ្រួសារគ្មានដីបង្កបង្កើនផល ម្ល៉ោះហើយខ្ញុំជួលដើមត្នោតពីមាមីងក្នុងភូមិតម្លៃពី២០០.០០០-២៥០.០០០ដុង/ដើម/ឆ្នាំ។ បច្ចុប្បន្ន ខ្ញុំទាញយកផលបាន១១ដើម ក្នុងមួយថ្ងៃៗយកទឹកបានប្រមាណពី៤០-៥០លីត្រ។ ផ្តើមពីប្រភពប្រាក់លក់ទឹកត្នោត ប្តីប្រពន្ធខ្ញុំសន្សែសន្សំសង់បានផ្ទះមួយខ្នងតម្លៃជិត២០០លានដុង និងគិតគូរចិញ្ចឹមកូនរៀនសូត្រ។ រយៈពេល២០ឆ្នាំកន្លង ជីវភាពគ្រួសារខ្ញុំមានភាពលំនឹងដោយសាររបរយកទឹកត្នោត”៕
សឺនម៉ាល័យ-មុនី