សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀនហាយ ខេត្តត្រាវិញ តែងផ្តោតការយកចិត្តទុកដាក់ផ្សព្វផ្សាយទ្រឹស្ដីពុទ្ធសាសនា ផ្សារភ្ជាប់ នឹងការផ្សព្វផ្សាយពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ ជួយឲ្យព្រះសង្ឃ ពុទ្ធបរិស័ទមានស្មារតីភ្ញាក់រលឹកក្នុងការរស់នៅប្រកបកិច្ចការ និងប្រតិបត្តិសាសនាតាមរដ្ឋធម្មនុញ្ញនិងក្រឹត្យច្បាប់។
ព្រះតេជព្រះគុណ ថាច់ឌីណេ ព្រះចៅអធិការវត្តជ្រៃតាសូរ ឃុំង៉ូវឡាក ស្រុកយ្វៀនហាយ ថតរូបជាមួយក្រុមរបាំឆៃយុាំដែលរដ្ឋជំនួយ។
បច្ចុប្បន្ន ទូទាំងស្រុកយ្វៀនហាយ មានព្រះសង្ឃប្រមាណ៣៣៦អង្គ ក្នុងនោះ មានព្រះឧបជ្ឈាយ៍៥អង្គ ព្រះពហុសូត្រ៦អង្គ ភិក្ខុ១០៧អង្គ សាមណេរ១៩៣អង្គ ព្រះចៅអធិការ១៤អង្គ និងព្រះចៅអធិការរង១១អង្គ។ មកទល់ពេលនេះ គ្រប់វត្តលើភូមិសាស្រ្តស្រុក បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ផ្តល់អាជ្ញាប័ណ្ណសាងសង់ជួសជុលសំណង់ផ្សេងៗ មានដូចជាព្រះវិហារ កុដិ សាលា។ល។ មានភាពល្អប្រសើរឡើង ស័ក្តិសមជាមូលដ្ឋានសាសនាសម្រាប់គោរពបូជារបស់ជនរួមជាតិខ្មែរ។ មកទល់ពេលនេះ វត្តអារាមទាំង១៤លើភូមិសាស្រ្តស្រុកត្រូវបានទទួលស្គាល់ជាមូលដ្ឋានជំនឿសាសនាអារ្យធម៌។ ក្នុងនោះ មានវត្តចំនួន៤បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្ត រួមមាន៖ វត្តតាលោង (ឃុំឡុងវិញ) ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិ វត្តប្រខុប (ឃុំង៉ូវឡាក) វត្តតារ៉ម និងវត្តដំបងពាក់ (ឃុំដូងចូវ) ត្រូវបានទទួលស្គាល់ជាកេរដំណែលថ្នាក់ខេត្ត។ ដើម្បីអភិរក្សនូវតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរ វត្តទាំង១៤នៅក្នុងស្រុក តែងបានរដ្ឋឧបត្ថម្ភភ្លេងពិណពាទ្យ មានវត្តចំនួន៥បង្កើតបានក្រុមរបាំ ឆៃយុាំ។ល។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក តែងរក្សាខ្ជាប់ការបិរិច្ចាគទានទាំង២យ៉ាង គឺធម្មទាននិងអាមិសទាន។ ផ្តើមពីនោះ សមាគមក៏បានបវារណាដល់ព្រះចៅអធិការគ្រប់វត្ត រៃអង្គាសបច្ច័យ អង្ករជួយដល់អ្នកមានជីវភាពក្រលំបាក ឬក៏ជូនអាហារូបករណ៍ដល់ប្អូនៗ សិស្សានុសិស្សក្រីក្រ ឆ្លងកាត់ការលំបាករៀនពូកែជាដើម។ ដូច្នេះ ថវិកាបានមកពីការបវារណាសម្រាប់កិច្ចការសប្បុរសធម៌សង្គម ក្នុងអាណត្តិកាល២០១៣-២០១៨ បានទឹកប្រាក់ជាង២,៤ពាន់លានដុង។
ព្រះតេជព្រះគុណថាច់សារឿន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀនហាយ មានថេរដីកា៖ “ក្នុងអាណត្តិកាលកន្លង សមាជិកនៃគណៈប្រតិបត្តិការសមាគមគ្រប់អង្គ តែងខ្នះខ្នែងអនុវត្តតួនាទីរៀងៗខ្លួន សំដៅរក្សាបានល្អ ការសិក្សាបួសរៀន ប្រតិបត្តិធម៌អាថ៌វិន័យ។ ព្រមជាមួយនោះ ក៏មានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុកមួយអន្លើដោយអង្គភាពពាក់ព័ន្ធ ម្ល៉ោះហើយរាល់ដំណើរការសិក្សាបួសរៀន ការប្រតិបត្តិធម៌អាថ៌វិន័យនៅគ្រប់វត្តអារាម កាន់តែមានរបៀបរៀបរយពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះសង្ឃគ្រប់អង្គមានស្មារតីភ្ញាក់រលឹក “ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម” តាមរយៈទង្វើសកម្មភាពជាក់ស្តែងផង។ សមាគមនឹងបន្តការចលនាពុទ្ធបរិស័ទខ្មែរ អនុវត្តល្អនូវចលនាប្រឡងប្រណាំងស្នេហាជាតិ ប្រិតសំចៃ សន្សែសន្សំដើមទុនសម្រាប់បម្រើការបង្កបង្កើនផលជាបន្ត រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ សមាគមក៏បានបវារណាតាមវត្ត ព្រមទាំងពុទ្ធបរិស័ទអនុវត្តល្អរាល់ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ”៕
សឺនម៉ាល័យ-លីសៀ