រយៈពេលជាង១០ឆ្នាំមុន កាលបើបានអញ្ជើញមកឃុំភូតឹងងាយ ប្រទះឃើញទិដ្ឋភាពរូបគំនូរលើកញ្ចក់ដែលមាមីងដាក់ហាលត្រៀបត្រានៅមុខផ្ទះ។ ថ្វីបើដូច្នោះក្តី មកទល់សព្វថ្ងៃទិដ្ឋភាពទាំងនោះលែងឃើញទៀត។ល។ ប្រឈមមុខនឹងហានិភ័យបាត់បង់ជាបណ្តើរៗនូវរបរប្រពៃណីមួយនេះ បងស្រីទ្រីវធីវូយ នៅភូមិភឿកទ្វឹង ឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង នៅតែប្តេជ្ញាចិត្តនិងផ្សារភ្ជាប់ជាមួយមុខរបរនេះ។ល។
បងស្រីទ្រីវធីវូយ ឧទ្ទេសនាមពីគំនូរលើកញ្ចក់ដែលទើបតែគូរសម្រេច។
បងស្រីទ្រីវធីវូយ បានផ្សារភ្ជាប់ជាមួយនឹងសិប្បកម្មគូរគំនូរលើកញ្ចក់តាំងពីនៅតូចមកម៉្លេះ។ ដ្បិតអី នេះជាមុខរបរប្រពៃណី ដិតដាមដោយលក្ខណៈវប្បធម៌សិល្បៈរបស់ជនរួមជាតិខ្មែរឃុំភូតឹង ដែលបានរក្សានិងពង្រីកជាច្រើនជំនាន់មកហើយ។ កាន់ជក់គូរយ៉ាងផ្ចិតផ្ចង់ បងស្រីទ្រីវធីវូយ ចែករំលែក៖ “ដើម្បីគូរបានគំនូរលើកញ្ចក់មួយផ្ទាំង គឺត្រូវឆ្លងកាត់ច្រើនដំណាក់ការ ទាមទារអ្នកគូរត្រូវមានភាពប៉ិនប្រសប់ ទាំងការលាបពណ៌និងការគូរ ត្រូវហ្មត់ចត់ ទើបគំនូរមានភាពល្អផូរផង់ មានព្រលឹង។ បធានបទគូរយ៉ាងសម្បូរបែប ប៉ុន្តែភាគច្រើនតែងគូរអំពីគំនូរពុទ្ធប្បវត្តិ ទិដ្ឋភាពវត្តអារាម តំបន់ភូមិស្រុក រមណីយដ្ឋានល្បីឈ្មោះនានា។ល។” តាមប្រសាសន៍បងស្រីវូយ ឲ្យដឹង ពីមុននេះ នៅឃុំភូតឹងមានអ្នកប្រកបរបរគូរគំនូរលើកញ្ចក់ជាងរយគ្រួសារ រកបានប្រាក់ចំណូលលំនឹងសម្រាប់ជីវភាព។ ប៉ុន្តែសព្វថ្ងៃ តម្រូវការសង្គមចំពោះផលិតផលសិល្បៈគំនូរលើកញ្ចក់កាន់តែតិចទៅ ម្ល៉ោះហើយគ្រួសារជាច្រើនបានប្ដូរមុខរបរ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ហេតុនោះ អនាគតមុខរបរនេះប្រហែលជាគ្មានអ្នកស្នងបន្ត។
ដោយការជក់ចិត្តនិងការប្តេជ្ញាចិត្តរក្សាមុខរបរសិប្បកម្មប្រពៃណីរបស់ដូនតា បានជាបងស្រីទ្រីវធីវូយ ខិតខំថែរក្សាសិល្បៈគំនូរលើកញ្ចក់រហូតទល់សព្វថ្ងៃ។ បងស្រីវូយ ឲ្យដឹង៖ “ការប្រកបមុខរបរនេះ ប្រសិនបើគ្មានការប្តេជ្ញាចិត្តនិងភាពអត់ធ្មត់ទេ ច្បាស់ជាពិបាកធ្វើណាស់ ដ្បិតអី ដើម្បីគូរបានផលិតផលមួយ ត្រូវយកទៅហាលថ្ងៃសាចុះសាឡើង។ ក្រោយពីគូរក្បូរក្បាច់ឬលាបពណ៌មួយៗ គឺយកទៅហាលម្តង ចាំដល់ស្ងួតទើបគូរពណ៌ផ្សេងជាបន្ត។ កាលពីមុន នៅតំបន់ជនបទនៃឃុំភូតឹង មិនថាក្មេងចាស់ទេតែងជក់ចិត្តជាមួយនឹងមុខរបរ គូរគំនូរលើកញ្ចក់នេះទាំងអស់។ មកទល់សព្វថ្ងៃ នៅតែប្រហែល៥គ្រួសារប៉ុណ្ណោះ ដែលប្រកបរបរនេះ ភាគច្រើនគឺអ្នកវ័យចំណាស់ ចំណែកអ្នកវ័យក្មេងទៅធ្វើការនៅក្រុមហ៊ុន។ ដើម្បីរក្សាមុខរបរ នាងខ្ញុំបានចលនាមនុស្សចាស់ៗ មកផ្ទះខ្ញុំគូរគំនូរយកកម្រៃ ចំណែកខាងផលិតផល នាងខ្ញុំទាក់ទងជាមួយនឹងតំបន់ឯទៀត ដើម្បីទិញប្រើប្រាស់។ គិតមធ្យមភាគក្នុងមួយថ្ងៃម្នាក់ៗ អាចរកបានកម្រៃជាង១០០.០០០ដុង ផងដែរ”។
បច្ចុប្បន្ន នៅលើទីផ្សារគំនូរកញ្ចក់ស្ទើរតែអវត្តមានទៅហើយ ដោយសារប្រជាជនរេមកពេញនិយមប្រភេទគំនូរក្រដាស់ គំនូរបោះពុម្ពពណ៌គំនូរបា៉ក់។ ជាមួយនឹងបងស្រីវូយ ការច្បាមមុខរបរ មិនមែនពីព្រោះប្រាក់ចំណេញនោះទេ នោះគឺទឹកចិត្តនៃអ្នកខិតខំថែរក្សាសិប្បកម្មប្រពៃណីដែលដូនតាបានបន្សល់ទុកមក។ ព្រះតេជព្រះគុណថាច់បន ព្រះចៅអធិការវត្តព្រះបួនព្រះភក្រ្ត ឃុំភូតឹង មានថេរដីកា៖ “បច្ចុប្បន្ន ការរកចំណូលអំពីគំនូរលើកញ្ចក់មិនខ្ពស់ក៏ពិតមែន ប៉ុន្តែអ្នកមីងនៅតែឃ្មាតខ្មីជាមួយនឹងមុខរបរ រួចចុះទៅតាមស្រុក ទីប្រជុំជនដើម្បីស្វែងរកអតិថិជន។ ជាមួយនឹងទឹកចិត្តដូច្នោះ គួរឲ្យកោតសរសើរណាស់ ដ្បិតអីនេះជាទង្វើប្រកបដោយអត្ថន័យក្នុងការអភិរក្សសិល្បៈវប្បធម៌ប្រពៃណីរបស់ជនជាតិ”៕
លីធាន - ធី