នៅណាមបូ មានវិចិត្រករជាច្រើនប្រកបរបរជាងចម្លាក់ សូនរូបអណ្តែត គូរក្បូរក្បាច់រចនា គូរគំនូរពុទ្ធប្រវត្តិនៅតាមវត្តខ្មែរនានា។ ប៉ុន្តែភាគច្រើនជាងគំនូរទាំងនោះមិនបានឆ្លងកាត់សាលាទេ ជាសំខាន់គឺធ្វើតាមបទពិសោធន៍ដែលសន្សែសន្សំបានឬរៀនតៗពីគ្នាប៉ុណ្ណោះ។ មានតែវិចិត្រករ២រូប បានបណ្តុះបណ្តាលត្រឹមត្រូវខាងគូរគំនូរ ក្នុងនោះ មានវិចិត្រករថាច់បោយនៅខេត្តត្រាវិញ។
វិចិត្រករថាច់បោយ កំពុងគូរគំនូរដោយប្រើថ្នាំលាបប្រេង។
ក្នុងវិស័យចម្លាក់ គូរគំនូរនៅខេត្តត្រាវិញ គ្មាននរណាដែលថាមិនស្គាល់វិចិត្រករថាច់បោយឡើយ។ ពីព្រោះគាត់មិនត្រឹមតែមានវណ្ណកម្មជាច្រើនប៉ុណ្ណោះទេ នៅទាំងជាវិចិត្រករខ្មែរមួយរូបដែលមានជំនាញស៊ីជម្រៅខាងប្រើថ្នាំលាបប្រេង។ គាត់ជាអ្នកមុនដំបូង គូរគំនូរពុទ្ធប្រវត្តិដោយថ្នាំលាបប្រេង ជំនួសឲ្យថ្នាំលាបទឹកពីមុនមក។ ថ្នាំលាបប្រេង មានចំណុចលេចធ្លោគឺភ្លឺជាប់បានយូរ ប៉ុន្តែត្រូវមានភាពផ្ចិតផ្ចង់ឡើងប្លង់ហ្មត់ចត់ និងលំបាកកែ។ អាស្រ័យហេតុនោះ វិ ចិត្រករ”មិនជំនាញ”មិនហ៊ានគូរគំនូរដោយថ្នាំលាបប្រេងឡើយ។
វិចិត្រករថាច់បោយ ឲ្យដឹង៖ “អាចនិយាយថា ការគូរគំនូរ ប្រើថ្នាំលាបប្រេងក្នុងវត្ត ខ្ញុំជាអ្នកគូរមុនគេ។ ដំបូង ខ្ញុំចង់ដឹងថាពេលគូរនៅលើជញ្ជាំងឥដ្ឋវាជាប់បានយូរឬទេ។ ខ្ញុំបានគូរគំនូរយ៉ាងច្រើនពីប្រភេទថ្នាំលាបប្រេងនេះ ដើម្បីបូកសរុបបទពិសោធន៍ជាក់ស្តែង ពីព្រោះប្រការនេះគ្មាននៅក្នុងថ្នាក់រៀនទេ។ ឆ្លងតាមរយៈនោះ ខ្ញុំមានបទពិសោធន៍៖ គំនូរប្រើថ្នាំលាបប្រេងលើជញ្ជាំងឥដ្ឋជាប់បានយូរណាស់ ថ្នាំកម្រហើរពណ៌ និងសមស្របនឹងចំណង់ចំណូលចិត្តរបស់ពុទ្ធបរិស័ទទៀត”។
វិចិត្រករថាច់បោយ កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករមួយនៅឃុំហាមយ៉ាង ស្រុកថ្កូវ។ ដោយសារមានទេពកោសល្យគូរគំនូរពីកំណើត ម្ល៉ោះហើយទើបរៀនចប់ថ្នាក់ទី៩ គាត់បានចុះឈ្មោះចូលរៀនថ្នាក់គំនូរបឋមនៅសាលាមធ្យមសិក្សាវិជ្ជាជីវៈគឺវឡុង ទីរួមខេត្តវិញឡុង ឥឡូវជាក្រុងវិញឡុង។ ផ្តើមពីនោះ មកការគូរគំនូរក្លាយជារបរ “រកប្រាក់” ចម្បងរបស់បង។ រៀនបណ្តើរធ្វើបណ្ដើរ ឆ្នាំ២០០៤ បងថាច់បោយ បញ្ចប់កម្មសិក្សាមហាវិទ្យាល័យវិចិត្រសិល្បៈក្រុងហូជីមិញ និងជាជនជាតិខ្មែរដំបូងមានបរិញ្ញាបត្រផ្នែកវិចិត្រកម្ម។ ថ្វីដ្បិតដូច្នោះក្តី តាមប្រសាសន៍របស់បង សញ្ញាបត្រមិនសម្តែងឡើងគ្រប់យ៉ាងនោះទេ ទាំងសិល្បករនិយាយរួម វិចិត្រករនិយាយដោយឡែក ត្រូវឆ្លុះបញ្ចាំងបាននូវជីវភាពរស់រវើកទាំងអតីត បច្ចុប្បន្ននិងអនាគត។ គ្រប់វណ្ណកម្មត្រូវមានចំណុចសំខាន់ និងមិនអាចញែកចេញពីវប្បធម៌ប្រជាជាតិបានទេ។ មកទល់ពេលនេះ វិចិត្រករ ថាច់បោយ គូរបានរាប់រយវណ្ណកម្ម ចាប់ពីបធានបទពលកម្ម ផលិត រហូតដល់ជីវភាពសាសនា។ លោកថាច់សុវណ្ណេន នៅឃុំឡុងសើុង ស្រុកកូវង៉ាង ជាអ្នកប្រកបរបរលើវិស័យសិល្បៈជាច្រើនឆ្នាំ ឲ្យដឹង៖ “វណ្ណកម្មរបស់វិចិត្រករថាច់បោយមានលក្ខណៈសម្បូរបែប ហើយវណ្ណកម្មទាំងអស់សុទ្ធសឹងផ្សារភ្ជាប់នឹងលក្ខណៈវប្បធម៌ខ្មែរ។ វណ្ណកម្មដែលយកមកដាក់តាំងពិព័រណ៌ សុទ្ធតែជាវណ្ណកម្មឆ្លុះបញ្ចាំងពីភាពជាក់ស្តែងក្នុងជីវភាព ឆ្លងតាមរយៈនោះ អ្នកទស្សនាអាចឃើញបាននូវវប្បធម៌សង្គមរបស់ខេត្តត្រាវិញ ក៏ដូចជាជីវភាពសាសនារបស់មាមីងខ្មែរ”។
បងត្រឹងវ៉ាន់ដាយ នៅក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ឲ្យដឹង៖ ផ្ទាំងទស្សនីយភាពល្ខោនគូរដោយប្រើថ្នាំលាបប្រេង ដែលវិចិត្រករថាច់បោយបានគូរ សមស្របទៅនឹងឈុតឆាកនៃសាច់រឿង។ តាំងពីទេសភាពព្រះរាជវាំង រហូតដល់ទេសភាពជនបទដាច់ស្រយាល គឺបំពាក់ដោយព្រលឹងវប្បធម៌ជនជាតិខ្មែរ។ ឆ្លងតាមរយៈផ្ទាំងគំនូរទេសភាពនោះ ទស្សនិកជនអាចស្រមៃដល់សង្គមនាសម័យនោះយ៉ាងម៉េច មនុស្សជំនាន់ដើមរស់នៅយ៉ាងណា! បងត្រឹងវ៉ាន់ដាយ ឲ្យដឹងបន្ថែម៖ “បងថាច់បោយ ជាវិចិត្រករមានទេពកោសល្យ គាត់បានគូរនិងចម្លាក់គំនូរវណ្ណកម្មជាច្រើន។ គ្រប់ផ្ទាំងគំនូរដែលបងគូរ សុទ្ធសឹងបានបង្ហាញនិងជាប់ទាក់ទងនឹងខ្លឹមសារនៃសាច់រឿងក្នុងស្ថានភាពសង្គម”៕
សើុងម៉ាល័យ-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។