តាមប្រសាសន៍របស់វេជ្ជបណ្ឌិតឡេវ៉ាន់តឺ ប្រធានដំណាក់សុខាភិបាលឃុំទ្រុងថាញ់ ស្រុកវ៉ុងឡីម ខេត្តវិញឡុង រយៈពេលកន្លង លើភូមិសាស្រ្តឃុំគ្មានកើតជំងឺឆ្លងរាលដាល គឺអាស្រ័យភូមិភាគអនុវត្តល្អការងារសុខាភិបាលមូលដ្ឋាន។
ដំណាក់សុខាភិបាលឃុំទ្រុងថាញ់ ត្រូវបានវិនិយោគកសាងថ្មីយ៉ាងសមរម្យ។
ទ្រុងថាញ់ ជាឃុំមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតរបស់ស្រុកវ៉ុងឡីម ម៉្លោះហើយការងារថែទាំសុខភាពជូនជនជាតិភាគតិច ត្រូវបានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់។ វេជ្ជបណ្ឌិតឡេវ៉ាន់តឺ ឲ្យដឹង៖ “ពីមុនជនរួមជាតិខ្មែរមានទម្លាប់ព្យាបាលជំងឺតាមបែបបុរាណ។ ពេលខ្លះ មាមីងទៅឱសថស្ថានរ៉ាយរ៉ាប់ជំងឺ ប្រាប់អ្នកលក់ឱសថផ្សំថ្នាំឲ្យលេប។ គាប់ជួនឱសថស្ថាននៅចម្ងាយពីដំណាក់សុខាភិបាល ប្រមាណម្ភៃសាមសិបម៉ែត្រប៉ុណ្ណោះ។ ស្ថានភាពដូចបានពោលខាងលើ ធ្វើឲ្យកងជួរបុគ្គលិកពេទ្យនៃដំណាក់សុខាភិបាលរំពឹងគិតដើម្បីស្វែងរកដំណោះស្រាយ”។ ដើម្បីអនុវត្តការងារផ្សព្វផ្សាយចលនាប្រជាជនប្រកបដោយ ប្រសិទ្ធភាព ដំណាក់សុខាភិបាលបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំ កសាងបណ្តាញកងជួរសហការីសុខាភិបាលនៅតាមភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូច៖ ភូមិទ្រុងត្រាច់ អានញើុង ស្វឹងមិញ ស្វឹងមិញII។ល។ ធ្វើយ៉ាងណារកឲ្យបានសហការីសុខាភិបាលជាជនជាតិខ្មែរ។ វេជ្ជបណ្ឌិត ឡេវ៉ាន់តឺ ឲ្យដឹងបន្ថែម៖ “ភាពងាយស្រួលនៅដំណាក់សុខាភិបាលយើងខ្ញុំ គឺមានកងជួរបុគ្គលិកពេទ្យ៣/៦រូបជាជនជាតិខ្មែរ ម៉្លោះហើយអាចយល់ពីទម្លាប់របស់ជនរួមជាតិខ្មែរ។ ព្រោះហេតុនោះ ការងារផ្សព្វផ្សាយ ចលនាកម្មវិធីទិសដៅសុខាភិបាលជាតិ ចាក់ថ្នាំបង្ការបើកទូលាយ។ល។ តែងបានអនុវត្តល្អ”។
បងកៀងថាញ់ដាក បុគ្គលិកសុខាភិបាល ឃុំទ្រុងថាញ់ ឲ្យដឹង៖ “បុគ្គលិកពេទ្យម្នាក់ៗ ទទួលភារកិច្ចនៅតាមភូមិ ម៉្លោះហើយយើង ខ្ញុំចុះទៅភូមិសាស្រ្តជារឿយៗ ដើម្បីសហការនឹងសហការីសុខាភិបាលភូមិ ចលនាមាមីង អនុវត្តនៅរាល់យុទ្ធនាការ។ ចំពោះគ្រួសារណានៅព្រងើយកន្តើយ យើងខ្ញុំពឹងពាក់អ្នកមានប្រជាប្រិយភាពក្នុងភូមិទៅចលនាបន្ថែម ហេតុនេះ ភាគច្រើនមាមីងសុទ្ធសឹងគាំទ្រយ៉ាងពេញទំហឹង”។ ពេលប្រជាជនស្របចិត្តស្របគំនិតមានស្មារតីភ្ញាក់រលឹក ការបង្ការទប់ស្កាត់ជំងឺឆ្លងរាលដាល តែងមានប្រសិទ្ធភាពខ្ពស់ជានិច្ច។ ព្រោះហេតុនោះ ជាច្រើនឆ្នាំបន្តបន្ទាប់ឃុំទ្រុងថាញ់ មិនមានកើតជំងឺឆ្លងរាលដាល ដូចៈ ជំងឺពងដៃ ជើង មាត់ គ្រុនឈាម។ល។ បងថាច់អ៊ុក នៅភូមិទ្រុងត្រាច់ ឲ្យដឹង៖ “ពីរនាក់ប្តីប្រពន្ធខ្ញុំនៅក្មេង ម៉្លោះហើយពេលប្រពន្ធមានផ្ទៃពោះកូនច្បង ខ្ញុំមិនបាននាំប្រពន្ធទៅពិនិត្យគភ៌តាមពេលកំណត់។ អាស្រ័យបានបងស្រី សហការីសុខាភិបាលភូមិរំលឹក ទើបខ្ញុំនាំប្រពន្ធទៅដំណាក់សុខាភិបាលឃុំពិនិត្យគភ៌។ នៅដំណាក់សុខាភិបាល បុគ្គលិកពេទ្យណែនាំពីរបៀបថែទាំគភ៌ របបហូបចុក ដើម្បីធានាគ្រប់ជាតិបំប៉នឲ្យទារក។ អាស្រ័យហេតុនោះ កូនខ្ញុំកើតមកមានសុខភាពមាំមួន “។
លោកង្វៀនហ្វាងថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ រ៉ាយរ៉ាប់ថាចាប់តាំងពីពេលកសាងដំណាក់សុខាភិបាលថ្មី និងសម្រេចបទដ្ឋានជាតិមកការងារសុខាភិបាលនៅមូលដ្ឋានលើភូមិសាស្រ្តឃុំ ត្រូវបានអនុវត្តមានភាពប្រសើរជាង៕
ហាថាញ់-មុនី