មកកាន់ឃុំហ៊ឹងហោយ ស្រុកវិញឡើយ ខេត្តបាកលីវ សួររកព្រះតេជព្រះគុណតាំងសាវង្ស ព្រះចៅអធិការវត្តខ្វែងបបែលចាស់ មាមីងខ្មែរអ្នកណាក៏ស្គាល់ និងគោរពរាប់អានទាំងអស់។ ពីព្រោះ ព្រះអង្គតែងគិតគូរការងារសាសនានិងសង្គមជានិច្ច។
ព្រះតេជព្រះគុណតាំងសាវង្ស ព្រះចៅអធិការវត្តខ្វែងបបែលចាស់។
កាន់តំណែងជាព្រះចៅអធិការវត្តខ្វែងបបែលចាស់ ចាប់ពីឆ្នាំ១៩៧៨រហូតដល់សព្វថ្ងៃ ព្រះតេជព្រះគុណតាំងសាវង្ស តែងយកព្រះទ័យគិតគូរកសាងវត្តអារាមបានសមរម្យ។ បច្ចុប្បន្ន ទាំងឧបដ្ឋានសាលា កុដិ ព្រះវិហារ ខ្លោងទ្វារ។ល។ កសាងសម្រេចជាស្ថាពរ។ ព្រះតេជព្រះគុណតាំងសាវង្ស មានថេរដីកា៖ “កាលនោះ វត្តក្រលំបាកណាស់។ នៅពេលជីវភាពមាមីងបានធូរធារគ្រាន់បើ មាមីងក៏បានខ្នះខ្នែងរួមវិភាគទានកសាងវត្តអារាម។ ផ្តើមពីនោះ អាត្មាភាពចាប់ផ្តើមផ្តុំកម្លាំង គិតគូរការរៀនសូត្ររបស់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរក្នុងភូមិស្រុក”។
មុនពេលសាងផ្នួស ព្រះតេជព្រះគុណតាំងសាវង្ស រៀនមិនទាន់ចប់បឋមសិក្សាផង ពេលចូលបួសទើបមានឱកាសរៀនសូត្រធម៌អាថ៌វិន័យ។ អាស្រ័យហេតុនោះ ព្រះអង្គតែងចាត់ទុកការរៀនសូត្រជាបញ្ហាសំខាន់។ ចំពោះព្រះសង្ឃដែលបួសរៀនក្នុងវត្ត ព្រះអង្គបានបង្កលក្ខណសម្បត្តិឲ្យព្រះសង្ឃសិក្សាចំណេះទូទៅនិងមានជួលទោចក្រយានយន្តជូនដំណើរទៅមករៀងរាល់ថ្ងៃ។ ពិសេស គឺរៀងរាល់ឆ្នាំដល់រដូវវិស្សមកាល វត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៤ ដោយមានសិស្សខ្មែរមករៀនជាង២០០នាក់។ ក្រៅពីនេះ សិស្សណាដែលមានជីវភាពគ្រួសារលំបាក ព្រះអង្គឧបត្ថម្ភទឹកប្រាក់ សៀវភៅ ប៊ិច។ល។ ជួយប្អូនៗឆ្លងកាត់លំបាក ដើម្បីរៀនសូត្របានល្អ។ លោកសើុងប៊ី លេខាសាខាបក្ស ភូមិខ្វែងបបែល ឲ្យដឹង៖ “ព្រះតេជព្រះគុណតាំងសាវង្ស តែងខ្នះខ្នែងទាំងការងារសាសនា និងការងារសង្គម ម្ល៉ោះហើយមាមីងពុទ្ធបរិស័ទនិងរដ្ឋអំណាចភូមិភាគគោរពរាប់អានព្រះអង្គណាស់។ នៅក្នុងវត្ត ព្រះអង្គតែងអប់រំព្រះសង្ឃប្រតិបត្តិតាមធម៌វិន័យ។ អស់ពីព្រះទ័យផ្សព្វផ្សាយ អប់រំមាមីងរស់នៅអនុវត្តតាមច្បាប់ និងជំរុញទឹកចិត្តមាមីងខំប្រឹងធ្វើការរកទទួលទានជាដើម។ ជាពិសេស ព្រះអង្គបានចលនាសប្បុរសជន ពុទ្ធបរិស័ទ កសាងផ្លូវជនបទបានជាង១គ.ម ស្ពានបេតុង សង់ផ្ទះមេត្តាធម៌ ជូនអង្ករពី២-៤តោនដល់អ្នកក្រីក្រ។ល។ អាស្រ័យការខ្នះខ្នែងរបស់ព្រះអង្គ ក៏បានរួមចំណែកលើកកម្ពស់ប្រជាបញ្ញានៅភូមិខ្វែងបបែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង ហើយ១៥ឆ្នាំបន្តបន្ទាប់សម្រេចកិត្តិនាមជាភូមិវប្បធម៌ទៀតផង”។
តម្លាភាពក្នុងការគ្រប់គ្រងចំណូលចំណាយ ព្រះតេជព្រះគុណតាំងសាវង្ស ក៏បានសប្បុរសជននិងពុទ្ធបរិស័ទជឿទុកចិត្តជានិច្ច។ ម្យ៉ាងទៀត បច្ច័យដែលពុទ្ធបរិស័ទចូលកុសល ព្រះអង្គទុកសម្រាប់កសាង ជួសជុលវត្តអារាម និងគិតគូរការកសាងសំណង់បម្រើផលប្រយោជន៍ក្នុងភូមិស្រុកនិងការរៀនសូត្រ របស់ព្រះសង្ឃ។ ព្រះអង្គគិតថា “អ្នកមានកម្រិតវិជ្ជាខ្ពស់ មានសីលធម៌ល្អ នោះនឹងមានប្រយោជន៍ដល់សង្គមនិងភូមិស្រុក។ល។ អាស្រ័យហេតុនោះ នៅពេលកាន់តំណែងជាព្រះចៅអធិការវត្ត អាត្មាភាពតែងលើកទឹកចិត្តពុទ្ធបរិស័ទត្រូវគិតគូរឲ្យកូនចៅរៀនសូត្រ ព្រមទាំងផ្សព្វផ្សាយគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជារឿយៗ ដើម្បីពុទ្ធបរិស័ទជ្រាបច្បាស់។ ពិសេស គឺអាត្មាភាពបង្រៀនអក្សរខ្មែរដោយផ្ទាល់ និងអប់រំកូនចៅខ្មែរយល់ដឹងពីសីលធម៌នៃការរស់នៅ ទ្រឹស្ដីព្រះពុទ្ធសាសនាជាដើម។ សព្វថ្ងៃនៅពេលឃើញ មាមីងយកចិត្តទុកដាក់ឲ្យកូនចៅរៀនសូត្រ ខិតខំធ្វើការរកទទួលទាន និងរស់នៅសាមគ្គីគ្នា អាត្មាភាពមានការត្រេកអរណាស់។ ពិសេស គឺរឹតតែត្រេកអរនៅពេលបានរដ្ឋអំណាចឲ្យតម្លៃភូមិខ្វែងបបែលមានកម្រិតប្រជាបញ្ញាខ្ពស់បំផុតក្នុងឃុំដូច្នេះ ដោយមានកូនចៅខ្មែរបញ្ចប់មហាវិទ្យាល័យ អនុមហាវិទ្យាល័យ មានការងារធ្វើលំនឹងជាង២០០នាក់”- ព្រះតេជព្រះគុណតាំងសាវង្ស មានថេរដីកាដោយរីករាយដូច្នេះ ៕
លីធាន-លីសៀ