ដោយទឹកចិត្តស្នេហាសិល្បៈវប្បធម៌ខ្មែរ បានជាសិប្បករ ឡឹមផែន (កើតឆ្នាំ១៩៥២) នៅភូមិបារស្រែ ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ បានហាត់ច្រៀងរាំទះស្គរ ផ្លុំប៉ី តាំងពីកុមារភាពមកម្ល៉េះ។ គាត់តែងចូលរួមជាមួយក្រុមសិល្បៈក្នុងភូមិ ទៅសម្តែងក្នុងពិធីបុណ្យផ្សេងៗរបស់ជនរួមជាតិខ្មែរ។ ដោយការជក់ចិត្តផ្តិតអារម្មណ៍ជាមួយចង្វាក់ភ្លេង ព្រមទាំងទឹកចិត្តស្នេហាសិល្បៈ ក៏បានជំរុញឲ្យលោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផុសចិត្ត ដុះគំនិតបន្តិចម្តងៗ។
សិប្បករឡឹមផែន កំពុងបង្ហាត់សិក្ខាកាមសម្តែងតួយក្ស។
កាលពីអាយុ១៣ឆ្នាំ កុមារឡឹមផែន បានដើរតាមឪពុក ប្រកបរបរជាងឈើ (សង់ផ្ទះ)។ ដោយឃើញកូនមានទេពកោសល្យនឹងរបរជាងឈើ ឪពុកក៏បានយកកូនទៅផ្ញើរៀនរបរជាមួយនឹងជាងឈើដ៏ចំណានម្នាក់នៅក្នុងភូមិ។ រយៈពេល២ឆ្នាំព្យាយាមរៀនសូត្រ ឡឹមផែន យកចិត្តទុកដាក់ ជំនាញខាងជាងឈើ ប៉ិនប្រសប់នឹងជាងសំណង់សុីម៉ងត៍ ហើយអាចនឹងធានាទទួលសំណង់ផ្ទះដោយខ្លួនឯងបាន។ កាលនោះ គាត់ទើបតែអាយុ១៦ឆ្នាំប៉ុណ្ណោះ សិប្បករឡឹមផែន ឲ្យដឹង៖ “មុខរបរជាងឈើបានជំរុញឲ្យខ្ញុំក្លាយជាអ្នកជំនាញធ្វើឧបករណ៍ភ្លេងគ្រប់ប្រភេទ ដូច ៖ ទ្រស្គរ វង់ភ្លេងពិណពាទ្យ ទម្រង់ព្រះវិហារនិងផ្ទះរតរបស់ជនរួមជាតិខ្មែរ។ល។ រីឯមុខរបរជាងសំណង់សុីម៉ងត៍ជួយឲ្យខ្ញុំអាចច្នៃបានជាក្បាំងមុខគ្រប់ប្រភេទ សម្រាប់បម្រើដល់របាំប្រជាប្រិយខ្មែរ ដូច៖ របាំយក្ស ស្វា របាំ ឆៃយុាំ ជាដើម។ល។”
និស័្សយជំរុញឲ្យសិប្បករឡឹមផែន ចាប់យកអាជីពធ្វើក្បាំងមុខ គឺនៅឆ្នាំ១៩៧៩។ នៅពេលនោះ គាត់កំពុងបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា ហើយបានមិត្តរួមកងម្នាក់ជួយបង្រៀនបន្ថែម។ ក្រោយពីសម្រេចភារកិច្ច គាត់វិលត្រឡប់មកស្រុកកំណើត ក៏ចាប់យកអាជីពធ្វើក្បាំងមុខនេះ។ “កាន់តែធ្វើ កាន់តែជក់ចិត្ត ម្ល៉ោះហើយខ្ញុំក៏សម្រេចចិត្តចាប់យកអាជីពនេះ រួចពង្រីកមុខរបររហូតមកដល់សព្វថ្ងៃ” - សិប្បករឡឹមផែន ឲ្យដឹងដូច្នេះ។ មានកេរ្តិ៍ឈ្មោះបោះសំឡេងកាន់តែសុសសាយនៅក្នុងនិងក្រៅខេត្ត ម៉្លោះហើយតែងមានគេមកកុម្មង់គាត់ធ្វើក្បាំងមុខសម្រាប់បម្រើក្នុងក្រុមសិល្បៈនៅតាមភូមិស្រុក។ ចំណែកការច្នៃឧបករណ៍ភ្លេងជនជាតិ ទម្រង់ព្រះវិហារ ឬក៏ផ្ទះរតរបស់ជនរួមជាតិខ្មែរ ក៏ត្រូវបានភូមិភាគនានាក្នុងនិងក្រៅ ខេត្តកុម្មង់ទិញ រួចអញ្ជើញរូបគាត់ទៅសាងសង់ ឬក៏រចនាជាដើម។ ក្នុងនោះ មានសារមន្ទីរសាកលវិទ្យាល័យនគរបាលនៅក្រុងហូជីមិញ សារមន្ទីរបណ្តាជនជាតិនៅថាយង្វៀន និងសារមន្ទីរវប្បធម៌វៀតណាមនៅហាណូយ។ ប៉ុន្មានឆ្នាំកន្លង សិប្បករ ឡឹមផែន ត្រូវបានសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្នុងខេត្ត និងសាកលវិទ្យាល័យត្រាវិញ អញ្ជើញទៅបង្រៀនរបាំប្រជាប្រិយខ្មែរដល់ក្រុមសិល្បៈរបស់សាលាផងដែរ។ មិនតែប៉ុណ្ណោះ ដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ សិប្បករឡឹមផែន ក៏បានបើកបង្រៀនរបាំប្រជាប្រិយដោយឥតគិតថ្លៃនៅនឹងផ្ទះគាត់តែម្តង។ ពិសេស គឺនាយកដ្ឋានកេរដំណែលវប្បធម៌វៀតណាម ក៏បានចុះកិច្ចសន្យាជាមួយគាត់បើកបង្រៀនរបាំ២ថ្នាក់ទៀតផង។
លោកថាច់បោយ អនុប្រធានសមាគមអក្សរសិល្ប៍និងវិចិត្រសិល្បៈខេត្តត្រាវិញ ឲ្យដឹង៖ “ខ្ញុំឲ្យតម្លៃខ្ពស់ពីថ្វីដៃធ្វើក្បាំងមុខ ឧបករណ៍ភ្លេង ព្រមទាំងរបាំប្រជាប្រិយខ្មែរដ៏អស្ចារ្យរបស់សិប្បករឡឹមផែន។ ពុំនោះសោត គាត់ជក់ចិត្តផ្តិតអារម្មណ៍នឹងអាជីពដោយប្រឹងប្រែងរៀនសូត្រដោយឥតឈប់ឈរ។ គាត់មានទឹកចិត្តស្នេហាសិល្បៈ ហើយមានការលះបង់កម្លាំងកាយកម្លាំងបញ្ញាដ៏ធំសម្រាប់ការអភិវឌ្ឍនៃវប្បធម៌សិល្បៈខ្មែរ” ។ កាលពីឆ្នាំ២០១៥ សិប្បករឡឹមផែន បានប្រធានរដ្ឋប្រទានកិតិ្តនាមជា “សិប្បករឆ្នើម”៕
សឺនម៉ាល័យ-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។