នៅហាណូយ គណៈកម្មាធិការជនជាតិ បានរៀបចំសន្និបាតបូកសរុបបណ្តោះអាសន្ន៥ឆ្នាំអនុវត្ត គម្រោងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិជាជនជាតិភាគតិច (គម្រោង២២១៤)។
ទិដ្ឋភាពនៃអង្គសន្និបាតបូកសរុបបណ្តោះអាសន្ន៥ឆ្នាំអនុវត្តគម្រោង២២១៤។
ដោយមានការចូលរួមយ៉ាងសកម្មរបស់ក្រសួង ផ្នែកនិងភូមិភាគ គម្រោង២២១៤ ត្រូវបានផ្សព្វផ្សាយលើគ្រប់វិស័យ សំដៅឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព; អភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល; សុខាភិបាល វប្បធម៌; អភិវឌ្ឍប្រភពធនធានមនុស្សតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ។ ពិសេស គម្រោងហិរញ្ញប្បទានភាគច្រើនអនុវត្តលើភូមិសាស្រ្តតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ រយៈពេលអនុវត្តចាប់ពី២ឆ្នាំឡើងទៅ រួមចំណែកលើកស្ទួយគុណភាពជីវភាពរស់នៅ កែលម្អលក្ខណៈសុខាភិបាល អប់រំ លើកកម្ពស់ប្រជាបញ្ញា សុខភាព។ល។ ជូនប្រជាជនដើម្បីរួមចំណែកអនុវត្តទិសដៅលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ដំណាក់កាលឆ្នាំ២០១៤-២០១៨ គម្រោង២២១៤ កៀរគរទឹកប្រាក់ពីបរទេសបានជាង៦៣ពាន់ពាន់លានដុង និងប្រភពដើមទុនបដិភាគជំនួយជិត១០ពាន់ពាន់លានដុង។
ចង្អុលការក្នុងអង្គសន្និបាត អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ លោកផាងវ៉ាន់ហ៊ុង គូសបញ្ជាក់៖ ទន្ទឹមនឹងស្នាដៃដែលសម្រេចបាន គម្រោង២២១៤ ខណៈពេលផ្សព្វផ្សាយក្នុងជីវភាពជាក់ស្តែង ប្រាកដជានៅមានចំណុចខ្វះខាតមួយចំនួន ដូច៖ ភាពម្ចាស់ការ ឯកទេសនៅមានកម្រិត; ភូមិភាគមួយចំនួនមិនទាន់កសាងផែនការប្រត្យក្សក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅឡើយ; នីតិវិធីមួយចំនួននៅសាំញុាំ បណ្តាលឲ្យយឺតពេលក្នុងដំណាក់កាលអនុវត្ត។ រយៈពេលខាងមុខ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ លោកផាងវ៉ាន់ហ៊ុង សំណូមពរ៖ គប្បីផ្លាស់ប្តូរផ្នត់គំនិតក្នុងវិស័យសហប្រតិបត្តិការអន្តរជាតិដើម្បីផ្សព្វផ្សាយកិច្ចការឧបត្ថម្ភអភិវឌ្ឍនៅតំបន់ជនជាតិភាគតិច។ ផ្លាស់ប្តូរផ្នត់គំនិតស្មារតីពឹងទៅលើការជំនួយទាំងស្រុងពីអង្គការអន្តរជាតិ គប្បីមានភាពម្ចាស់ការរៀនសូត្របទពិសោធន៍ បង្កើនការហ្វឹកហ្វឺនដល់ប្រជាជន ដើម្បីលើកកម្ពស់ចំណេះដឹង ផ្លាស់ប្តូរទម្លាប់ឱនថយ ហើយអាចធ្វើម្ចាស់ការលើបច្ចេកទេស បង្កបង្កើនផលឬវប្បកម្មជាដើម។ ដូច្នេះ ការកសាងកម្មវិធី គ្រោងការផ្សេងៗត្រូវបានកសាង តាមរយៈការដាក់សំណើ តម្រូវការជាក់ស្តែងរបស់ភូមិភាគដើម្បីសម្រេចប្រសិទ្ធភាពខ្ពស់ និងបង្កើនភាពម្ចាស់ការដល់ភូមិភាគ និងធានាការចូលរួមរបស់ប្រជាជន៕
យោង៖ http://www.cema.gov.vn -ប្រែសម្រួលៈ លីសៀ