ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងប្រពៃណីរបស់ជនរួមជាតិខ្មែរសុកត្រាំង បានប្រព្រឹត្តឡើងនៅថ្ងៃ២១និង២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមកីឡាករទូក-ងនៅសុកត្រាំង កំពុងផ្តុំកម្លាំងហាត់សមដើម្បីចូលរួមពិធីប្រណាំងទទួលបានជ័យលាភីខ្ពស់បំផុត។
ទូក-ង វត្តបឹងកក់ ឃុំភូម៉ី ស្រុកម៉ីទូ កំពុងហាត់សម ដើម្បីចូលរួម
ប្រណាំងឆ្នាំ២០១៨។
ប្រណាំងទូក-ង គឺជាវិញ្ញាសាកីឡាពេញនិយមរបស់ជនរួមជាតិខ្មែរ កីឡាករគឺជាកសិករស្ម័គ្រចិត្តចូលរួមអុំប្រណាំង។ បងត្រេវមិញតៀង កីឡាករទូក-ង វត្តស្រឡូង ឃុំដាយតឹម ឲ្យដឹង៖ “ប្រណាំងទូក-ងបានជ្រាបចូលក្នុងឈាមរបស់ប្រជាជនខ្មែរ ម្ល៉ោះហើយឲ្យតែដល់រដូវកាលប្រណាំងម្តងៗ កីឡាករគ្រប់រូបបានត្រៀមខ្លួនជាស្រេចសម្រាប់ចូលរួម។ ក្នុងការអុំប្រណាំង ឈ្នះឬចាញ់មិនជាការសំខាន់ទេ ប្រការសំខាន់គឺរក្សាឲ្យបាននូវវិញ្ញាសាកីឡាប្រពៃណី”។
សុកត្រាំង គឺជាខេត្តមានប្រវេណីរៀបចំប្រណាំងទូក-ងជាប្រចាំ។ ពិសេស គឺពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងនៅខេត្តសុកត្រាំង ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បង្កើនកម្រិតចាត់តាំងឡើងថ្នាក់តំបន់ ហើយត្រូវបានរៀបចំ២ឆ្នាំម្តង។ ឆ្នាំនេះ ខេត្តសុកត្រាំងរៀបចំប្រណាំងទូក-ងជាលក្ខណៈប្រពៃណីដូចដើម។ តាមប្រសាសន៍លោកងោ៉ហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឲ្យដឹង៖ ការប្រណាំងទូក-ង តាមលក្ខណៈប្រពៃណីរបស់ជនរួមជាតិខ្មែរនៅសុកត្រាំងឆ្នាំ២០១៨នេះ មានទូក-ងផ្នែកបុរស និងផ្នែកនារី ក្នុងខេត្តចូលរួមប្រណាំងប្រមាណ៥០ទូក។ ក្រៅពីនេះ ខេត្តសុកត្រាំង ក៏បានអញ្ជើញទូក-ងមកពីក្រុងកឹងធើ និងខេត្តនានាដូច៖ ខេត្តត្រាវិញ បាកលីវ កាម៉ាវ វិញឡុង កៀនយ៉ាង និងហូវយ៉ាងជាដើម។ ម្យ៉ាងទៀតភូមិភាគនីមួយៗមានទូក-ងពី១-៣ទូក។ ទូក-ងទាំងនេះ នឹងអុំប្រណាំងចម្ងាយផ្លូវ១.២០០ម៉ែត្រសម្រាប់ទូក-ងផ្នែកបុរស និង១.០០០ម៉ែត្រ សម្រាប់ទូក-ងផ្នែកនារី នៅលើដងទន្លេMaspero ក្រុងសុកត្រាំង។
បច្ចុប្បន្ន វត្តនានាដែលមានទូក-ង បានជម្រុញការហាត់សម ហាត់កម្លាំង ហាត់យុទ្ធសាស្រ្តរៀងៗខ្លួន។ ពូកាវដូរ៉ា ប្រធានទូក-ងវត្តអម្ពូរយា ឃុំថាញ់ភូ ស្រុកមីស្វៀន ឲ្យដឹង៖ “ជារៀងរាល់ឆ្នាំមុននឹងចូលរួមអុំប្រណាំង រយៈពេលជាង១ខែ កីឡាករយើងខ្ញុំចាប់ផ្តើមហាត់សមអុំជាមុនសិន។ មានកីឡារករចូលរួមករជិត១០០នាក់ ដូច្នេះ រៀបចំឲ្យបងប្អូនកីឡាករមានពេលហាត់សមឲ្យបានសមស្រប គឺជាការចាំបាច់ណាស់។ល។ ត្រូវហាត់អុំលើគោក រួចទើបចុះទូកជាខាងក្រោយ”។ ប៉ុន្មានឆ្នាំកន្លង ទូក-ងវត្តបឹងកក់ ឃុំភូម៉ី ស្រុកម៉ីទូ តែងទទួលបានជ័យលាភីនៅក្នុងនិងក្រៅខេត្ត។ បងត្រឹងសារ៉ី គ្រូបង្វឹកទូក-ងវត្តបឹងកក់ ឲ្យដឹង៖ “ទូក-ងវត្តបឹងកក់ បានលាបព៌ណ គូរគំនូរក្បូរក្បាច់ជ្រើសរើសឈើធ្វើដងសន្ទូច។ល។ ហើយយើងខ្ញុំតែងប្រមូលយុវជនមានកម្លាំងពលំមាំ មួនក្នុងភូមិស្រុក និងប្រឹងប្រែងហាត់សមធ្វើយ៉ាងណាដើម្បីដណ្តើមបានជ័យលាភីក្នុងការប្រណាំងឆ្នាំ២០១៨នេះ”។
មិនខុសគ្នាពីក្រុមទូក-ងផ្នែកបុរសទេ ក្រុមទូក-ងផ្នែកនារីវិញ ដូចជាទូក-ងវត្តព្រែកចេកក្រុងង៉ាណាំ ដណ្តើមបានពានរង្វាន់លេខមួយកាលពីឆ្នាំ២០១៧ ឥឡូវកំពុងហាត់សមយ៉ាងផុសផុលដើម្បីការពារជើងឯក។ បងស្រីយ័ញធីសាយ កីឡាការិនីទូក-ង ឲ្យដឹង៖ “ពេលមកហាត់សម បងប្អូននារីមានការលំបាកបន្តិច ពីព្រោះត្រូវគិតគូរការងារផ្ទះសម្បែង។ ដោយសារនេះជាវិញ្ញាសាកីឡាប្រពៃណី អ្នកណាក៏មានចំណូលចិត្តដូចគ្នា ដូច្នេះបងប្អូននារី ក៏ខិតខំប្រឹងប្រែងរៀបចំការងារផ្ទះសម្បែងដើម្បីចូលរួម។ ឆ្នាំនេះ បងប្អូននារីចូលរួមហាត់សមមានចំនួនច្រើន ពោរពេញទៅដោយក្តីសង្ឃឹមនឹងដណ្ដើមបានជ័យជម្នះ”។
ដោយការត្រៀមបម្រុងយ៉ាងហ្មត់ចត់ មានស្មារតីហាត់សមខ្ពស់ សង្ឃឹមថានឹងមានភាពពុះពោរលើខ្សែទឹកក្នុងការអុំប្រណាំងទូក-ងប្រពៃណីរបស់ជនរួមជាតិខ្មែរសុកត្រាំងឆ្នាំ២០១៨ជាមិនខាន៕
លីធាន-លីសៀ