លោកត្រឹងមិញទ្វឹន ជាកសិករខ្មែរនៅអនុសង្កាត់ទី៣ សង្កាត់ទី៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង តែងខិតខំឈានឡើងក្លាយជាកសិករគំរូក្នុងការផលិត ធ្វើសេដ្ឋកិច្ចពូកែ រកបានប្រាក់ចំណូលជិត១ពាន់លានដុង/ឆ្នាំ។
លោកត្រឹងមិញទ្វឹន ឈរក្បែរម៉ាស៊ីនកាត់ស្រូវរបស់គាត់។
លោកត្រឹងមិញទ្វឹន រៀបការនៅឆ្នាំ១៩៨៩។ គាត់ឲ្យដឹង៖ “ផ្ដើមពីដីស្រែបួនប្រាំកុងដែលម្ដាយឪពុកទាំងសងខាង ចែកឲ្យខ្ញុំបានឆ្លងកាត់នូវការលំបាកជាច្រើនឆ្នាំ ទើបមានដីស្រែជាង២០ហិកតាដូចសព្វថ្ងៃនេះ។ ខ្ញុំតែងគិតថា៖ មិនអាចផលិតស្រូវតែមួយមុខទេ គឺត្រូវរួមផ្សំអភិវឌ្ឍពិពិធកម្មកសិកម្មដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ ម៉្លោះហើយ ក្រៅពីខ្នះខ្នែងធ្វើការរកទទួលទាន ប្ដីប្រពន្ធខ្ញុំក៏ចាយវាយប្រិតសំចៃ”។
លោកត្រឹងមិញទ្វឹន តែងឧស្សាហ៍ស្រាវជ្រាវរៀនសូត្រពីបច្ចេកទេសផលិត ពីពូជស្រូវថ្មី ហើយចូលរួមវគ្គហ្វឹកហាត់ជំរុញកសិកម្ម។ល។ ផ្តើមពីនោះ គាត់ក៏រិះរកឃើញរបៀបផលិតថ្មី។ល។ ចាប់ពីផលិតស្រូវ១រដូវ/ឆ្នាំ គាត់បង្កើនឡើងពី២-៣រដូវ/ឆ្នាំ ហើយបង្កើនបាននូវប្រាក់ចំណូលខ្ពស់ជូនគ្រួសារទៀតផង។ ប្រាក់ចំណេញបានមកពីការផលិតស្រូវទាំងប៉ុន្មាន គាត់វិនិយោគទិញដី។ ពេលរដ្ឋមានគោលការណ៍អភិវឌ្ឍទម្រង់វាលស្រែគំរូធំ គាត់ក៏កសាងវាលស្រែធំដោយឡែករបស់គាត់និងរួមផ្សំជាមួយមាមីងកសិករ ក្នុងភូមិអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ប្រើប្រាស់គ្រឿងយន្តក្នុងផលិតកម្មសហការជាមួយហាងលក់សម្ភារៈកសិកម្មក្នុងការទិញសម្ភារៈ និងលក់ចេញផលិតផលដើម្បីកាត់បន្ថយប្រាក់ចំណាយបង្កើនប្រាក់ចំណូល។
ទោះបីសម្រេចបានប្រសិទ្ធភាពខ្ពស់ក្នុងការផលិតស្រូវ ប៉ុន្តែលោកត្រឹងមិញទ្វឹន មិនទាន់ឈប់សម្រាកនៅឡើយ។ គាត់បានវិនិយោគទុនទិញម៉ាស៊ីនកាត់ស្រូវ៤គ្រឿង ដើម្បីធ្វើសេវាប្រមូលផលស្រូវ ហើយផលិតស្រូវពូជ លក់ឲ្យមាមីងក្នុងភូមិដោយតម្លៃថោក។ ទន្ទឹមនឹងនោះ គាត់ទុកដី១០កុងសម្រាប់ដាំក្រូចឆ្មារ ដើម្បីធ្វើឲ្យទម្រង់ផលិតកសិកម្មកាន់តែសម្បូរបែប។ល។ ជារៀងរាល់ឆ្នាំ តាំងពីផលិតស្រូវធ្វើសេវាកសិកម្មផលិតស្រូវពូជដាំដំណាំរួមផ្សំ។ល។ បាននាំមកប្រាក់ចំណូលជូនគ្រួសារជិត១ពាន់លានដុង។
លោកលីហ៊ុងឡុក ប្រធានសមគមកសិករ សង្កាត់ទី៥ ឲ្យតម្លៃ៖ “បច្ចុប្បន្ន ទោះបីមានជីវភាពធូរធារ ប៉ុន្តែលោកត្រឹងមិញទ្វឹន រស់យ៉ាងសាមញ្ញ ជិតស្និទ្ធ។ គាត់តែងសកម្មចូលរួមការងារសមាគមកសិករ អង្គការនានានៅភូមិភាគនិងអស់ពីចិត្តពីថ្លើមណែនាំបទពិសោធន៍ផលិតកម្ម ដើម្បីអ្នកទាំងឡាយសិក្សារៀនសូត្រ ឈានឡើងធ្វើមាន។ គាត់ជួយដោះស្រាយការងារធ្វើជូនពលករនៅជនបទប្រមាណ២៤នាក់។ល។ គំរូរបស់គាត់គួរឲ្យស្ងើចសរសើរ!”៕
ត្រឿងផល-ទីទុយ