រដូវទឹកជំនន់មិនត្រឹមតែនាំមកនៅប្រភពជលជាតិសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណសម្បត្តិដល់ទេសចរណ៍អានយ៉ាងអភិវឌ្ឍទៀតផង។ វាលស្រែធំល្វឹងល្វើយទឹកលិចពេញប្រៀបលាតសន្ធឹងដល់ជើងភ្នំ គឺជា”ផលិតផលពិសេស” កំពុងតែទាក់ទាញភ្ញៀវទេសចរ។
ឈ្មួញកំពុងបែងប្រភេទត្រីដើម្បីលក់នៅផ្សារនាពេលព្រឹក។
វេលាម៉ោង៤ទៀបភ្លឺ នៅផ្សារជីឡាំង ស្រុកទិញបៀន ខេត្តអានយ៉ាង មានភាពអ៊ូអរយ៉ាងខ្លាំង។ ខណៈពេលនេះ ហាក់ដូចមានតែភាពប្រថុចញ៉ុចនៃការដោះដូររបស់អាជីវករ និងអ្នកលក់ត្រីប៉ុណ្ណោះ។ ក្នុងចំណោមត្រីដែលមិនអាចខ្វះបាននៅអានយ៉ាង នាដើមរដូវទឹកជំនន់ គឺកូនត្រីលិញ។ បងស្រីថាញ់ធ្វីអ្នកលក់ត្រីនៅផ្សារ ឲ្យដឹង៖ “ដើមរដូវកូនត្រីលិញ ឈ្លេចពោះហើយស្រេច តម្លៃ២០០.០០០ដុង/គីឡូក្រាម។ ថ្វីដ្បិតថ្លៃលក់កូនត្រីលិញកាន់តែថោកទៅៗ ពីព្រោះត្រីកាន់តែធំនិងបរិមាណផលនេសាទកាន់តែច្រើនឡើង។ បច្ចុប្បន្ន ថ្លៃលក់កូនត្រីលិញនៅត្រឹមតែប្រមាណ១២០.០០០ដុង/គីឡូក្រាម”។ លក្ខណៈពិសេសនៃប្រភេទត្រីនេះ គឺឆាប់ងាប់និងឆាប់ហើមពោះ។ មុននេះ ត្រីលិញគេមិនសូវពេញនិយមពីព្រោះចំណុចហ្នឹង ម៉្លោះហើយ កម្រមានត្រីស្រស់សម្រាប់ហូប។ កូនត្រីលិញដែលនេសាទបានត្រឹមតែសម្រាប់ធ្វើទឹកត្រីតែប៉ុណ្ណោះ។ បច្ចុប្បន្ន ទាំងអ្នកលក់និងអ្នកទិញមានបទពិសោធន៍ក្នុងការរក្សាឲ្យត្រីនៅរស់បានយូរ ដោយប្រើធុងអុកស៊ីហ្សែនប្រស់ត្រីជាប្រចាំ។ ហេតុនេះ ពេលត្រីលិញយកឡើងហូបមានរសជាតិឆ្ងាញ់។
ត្រីលិញច្នៃមុខម្ហូបបានជាច្រើនមុខនិងមានរសជាតិយ៉ាងឆ្ងាញ់ពិសារ។ មកកាន់អានយ៉ាងនៅរដូវនេះ គ្មាននរណាម្នាក់អាចរំលងមុខម្ហូបសម្លម្ជូរត្រីលិញ ស្លស្លឹកងប់និងត្រីលិញចៀនម្សៅជាដើម។ មិនត្រឹមមានតែត្រីលិញនោះទេ រដូវទឹកជំនន់នៅទាំងជាឱកាសសម្រាប់ត្រកួនស្រែ ព្រលិតលូតលាស់ទៀតផង។ល។ កូនត្រីលិញស្លម្ជូរផ្កាព្រលិត គឺជាមុខម្ហូបដ៏ឆ្ងាញ់មិនអាចបំភ្លេចបានឡើយ។
លោកហូវ៉ាន់ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវ៉ាន់យ៉ាវ ស្រុកទិញបៀន និយាយសប្បាយលេងថា រដូវទឹកជំនន់ ជីវភាពរបស់ប្រជាជនបានកើនឡើងតាមទឹកដែរ។ ទឹកជំនន់បង្កលក្ខណសម្បត្តិដល់គ្រួសារជាច្រើនមានការងារធ្វើ៖ អ្នកខ្លះនេសាទត្រី អ្នកខ្លះដកព្រលិត ត្រកួន អ្នកខ្លះទៀតប្រមូលទិញ។ល។ ហេតុនេះ គ្រួសារណាក៏រកបានប្រាក់ចំណូលដែរ។ ថ្មីៗនេះ ប្រជាជននៅភូមិភាគ នៅទាំងចូលរួមបំរើសេវាទេសចរណ៍សហគមន៍រដូវទឹកជំនន់ ម៉្លោះហើយរកបានប្រាក់ចំណូលលំនឹង។ ជាពិសេស ផលិតផលសំពត់ចរបាប់របស់បងប្អូននារីខ្មែរនៅវ៉ាន់យ៉ាវ ធ្វើមិនគ្រប់លក់ឲ្យភ្ញៀវទេសចរផង។
ឈានចូលរដូវទឹកជំនន់ នៅតាមស្រុកដើមប្រភពរបស់ខេត្តអានយ៉ាង ធ្វើដំណើរទៅទីណាក៏ឃើញតែទឹកល្ហល្ហាច។ ប្រជាជននៅទីនេះ បានប្រើប្រាស់ប្រភពចំណូលដែលធម្មជាតិអំណោយផលនារដូវទឹកជំនន់ ដើម្បីញាំងឲ្យជីវភាពគ្រួសារកាន់តែសម្បូរធូរធារ៕
ហាថាញ់-ទីទុយ