បន្ទាប់ពីបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសមិត្តកម្ពុជា វិលមកមាតុប្រទេស បងហ្វិញវ៉ាន់យឿង នៅភូមិអូរតាពៅ ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ រងរបួសកម្រិត៣/៤(កំបុតជើងឆ្វេង)។ ស្មានថាជីវភាពបងជួបការលំបាកច្រើន ប៉ុន្តែដោយឆន្ទៈមោះមុតរបស់កងទ័ពអ៊ំហូ បងជម្នះភាពពិរាពិការ ឈានឡើងក្នុងជីវភាពក្លាយជាកសិករផលិតពូកែ។
បងហ្វិញវ៉ាន់យឿង កំពុងថែទាំគោ។
ហ្វិញវ៉ាន់យឿង កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករខ្មែរមានបងប្អូន៦នាក់។ អាយុ១៩ឆ្នាំ(ឆ្នាំ១៩៨៦) បងស្ម័គ្រចិត្តចូលបម្រើកងទ័ព រួមជាមួយនឹងមិត្តរួមកងទៅជួយប្រទេសមិត្តកម្ពុជា។ គ្រាមួយចេញទៅប្រតិបត្តិការសឹក នៅរដូវប្រាំងឆ្នាំ១៩៨៧ ហ្វិញវ៉ាន់យឿងជាន់ត្រង់មីនកំបុតជើងឆ្វេង។ ក្រោយពីសម្រាកព្យាបាលនៅក្រុងភ្នំពេញបានជាសះស្បើយ បងបានច្បាប់វិលមកប្រទេសវៀតណាមជួបជុំគ្រួសារ។ល។ ផ្តើមពីនោះ ជីវភាពបងប្រឈមនឹងការលំបាកច្រើន។ បងសំណេះសំណាល៖ ឃើញគេនៅដៃជើងគ្រប់សព្វនៅតែមិនអាចចាកផុតពីភាពក្រីក្រ ចំណែកខ្ញុំពិការជើង និងឈឺថ្កាត់ជារឿយៗ ធ្វើម្តេចជួយប្រពន្ធកែលម្អជីវភាព? ប៉ុន្តែពេលនឹកដល់មិត្តរួមកងជាច្រើនមានអ្នកខ្លះពិការជើងសងខាង អ្នកខ្លះពិការភ្នែកសងខាង។ល។ នៅតែរស់នៅសប្បាយរីករាយ សុភមង្គលនិងគិតគូរឲ្យគ្រួសារ ម៉្លោះហើយខ្ញុំលើកទឹកចិត្តខ្លួនឯង ត្រូវតែសម្រេចចិត្តជម្នះលំបាក”។
ដោយបានរដ្ឋអំណាចភូមិភាគ សមាគមអតីតយុទ្ធជនឃុំ និងមាមីងភូមិផងរបងជាមួយជួយឧបត្ថម្ភ ពិសេសគឺការថែទាំលើកទឹកចិត្តរបស់ប្រពន្ធជំរុញឲ្យបងមានក្តីជំនឿ លើខ្លួនឯង ខិតខំផ្តុំកម្លាំងកាយចិត្តដើម្បីកសាងជីវភាពគ្រួសារ។ ដំបូងបងប្រកបរបរប៉ះកង់ ចិញ្ចឹមគោនិងជ្រូក។ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ បងសម្រេចចិត្តកែប្រែចម្ការចាស់ជីកស្រះចិញ្ចឹមត្រី។ លើមាត់ស្រះ បងធ្វើទ្រុងចិញ្ចឹមជ្រូក ដាំដំណាំរួមផ្សំ។ល។ បងឲ្យដឹងបន្ថែម៖ “ក្នុងមួយឆ្នាំ ជាមួយនឹងផ្ទៃដី ស្រះទំហំ២០០ម៉ែត្រការ៉េ ខ្ញុំលែងត្រីប្រាចំនួន៧០០ក្បាល ក្រោយពីរយៈពេលចិញ្ចឹមជាង៧ខែប្រមូលផលលក់បានប្រាក់ជាង៣លានដុង ជ្រូកសាច់៣ក្បាលចិញ្ចឹមរយៈពេល៦ខែ មានទម្ងន់ពី៩០-១០០គីឡូក្រាម រួចលក់ហើយទិញ៣ក្បាលមកចិញ្ចឹមល្បាស់ថ្មី។ ប្រាក់ចំណូលពីការលក់បន្លែបង្ការគ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ”។ អាស្រ័យចាយវាយ ប្រិតសំចៃ ចេះរបៀបដាំដំណាំច្រើនមុខយកខ្លីចិញ្ចឹមវែង ម៉្លោះហើយជីវភាពគ្រួសារ បងបានកែលម្អជាបណ្តើរៗ។ ផ្តើមពីជីវភាពទីទ័ល ឥឡូវគ្រួសារបងមានប្រាក់ចំណូលមធ្យមភាគជាង៣០លានដុង/ឆ្នាំ។
ពោលពីគ្រួសារយុទ្ធជនពិការ ហ្វិញវ៉ាន់យឿង លោកស្រីយឿងធីង៉្វាន អ្នករដ្ឋការផ្នែកវប្បធម៌-សង្គមឃុំដាឡុក បញ្ជាក់៖ “បងហ្វិញវ៉ាន់យឿងមិនត្រឹមតែជម្នះលំបាកឈានឡើងក្នុងជីវភាពប៉ុណ្ណោះទេ បងនៅទាំងជាអ្នកមានប្រជាប្រិយភាពនៅភូមិអូរតាពៅ និងជាគំរូក្នុងការកសាងជីវភាពវប្បធម៌ ជនបទថ្មីទៀតផង”៕
សឺនម៉ាល័យ-មុនី