ពេលនិយាយពីខេត្តក្វាងនិញ ភ្ញៀវទេសចរភាគច្រើនតែងនឹកមមៃដល់ឈូងសមុទ្រហាឡុង ដែលជារមណីយដ្ឋានដ៏ល្បីឈ្មោះរបស់វៀតណាម។ ក៏ប៉ុន្តែហាឡុង នៅមានឆ្នេរសមុទ្របាយចាយ ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា និងងូតទឹកទៀតផង។
ភ្ញៀវទេសចរមកកាន់ឆ្នេរខ្សាច់សនៃឆ្នេរសមុទ្របាយចាយ។
បាយចាយ ជាឆ្នេរសមុទ្រសិប្បនិម្មិត មានប្រវែងជាង៥០០ម៉ែត្រ ទទឹង១០០ម៉ែត្រ ស្ថិតនៅបណ្ដោយតាមឈូងសមុទ្រហាឡុង ចំណុះសង្កាត់បាយចាយ ក្រុងហាឡុង ខេត្តក្វាងនិញ។ ទោះបីមិនស្រូវស្អាត និងមិនជាទីមនោរម្យដូចឈូងសមុទ្រហាឡុង ប៉ុន្តែពេលមកដល់ឆ្នេរសមុទ្របាយចាយ ភ្ញៀវទេសចរនឹងមានចំណាប់អារម្មណ៍ចំពោះទិដ្ឋភាពនៃឆ្នេរខ្សាច់សនេះជាពុំខាន។ ពិសេសគឺពេលភ្ញៀវទេសចរមកកាន់ឆ្នេរនេះ នៅពេលព្រឹកនិងពេលរសៀល ទើបឃើញនូវភាពស្រស់ស្អាតរបស់សមុទ្រដ៏ធំល្វឹងល្វើយ នៅពេលអរុណោទ័យ និងអស្ដង្គតបញ្ចេញពន្លឺក្រហមប្រឿងៗគួជាទីគយគន់យ៉ាងក្រៃលែង។ ទន្ទឹមនឹងឆ្នេរខ្សាច់សនិងជួរដើមដូងខៀវស្រងាត់ បានបង្កទៅជាទេសភាពធម្មជាតិដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរមកកាន់ឆ្នេរសមុទ្រងូតទឹកលេងកម្សាន្ត ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ អ្នកទេសចរណ៍ចៅរឹទ្ធី មកពីខេត្តអាងយ៉ាង ឲ្យដឹង៖ “មកកាន់ទីនេះ មិនត្រឹមតែបានគយគន់ទេសភាពរបស់ឈូងសមុទ្រហាឡុងប៉ុណ្ណោះទេ ថែមទាំងឆៀងចូលងូតទឹកនៅឆ្នេរសមុទ្របាយចាយទៀតផង ដែលជាឆ្នេរសមុទ្រមួយមានខ្សាច់ស ពិតជាស្អាតអស្ចារ្យមែន។ ខ្ញុំមកងូតទឹកសមុទ្រនៅពេលរសៀល ដើម្បីទស្សនាព្រះអាទិត្យអស្ដង្គត និងស្ដាប់សូរស័ព្ទរលកសមុទ្របក់បោក ចំណែកពេលរាត្រី គឺដើរកម្សាន្តគយគន់ពន្លឺចាំងផ្លេកៗ ដ៏ស្រស់ស្អាតរបស់ឆ្នេរខ្សាច់បាយចាយ”។
ពេលមកកាន់កន្លែងទេសចរណ៍បាយចាយ ភ្ញៀវទេសចរមិនត្រឹមតែបានគយគន់នូវទេសភាពដ៏ស្រស់ស្អាតរបស់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងអាចអង្គុយក្នុងកន្ត្រកយោងខ្សែកាប ដើម្បីទស្សនាទិដ្ឋភាពទាំងមូលរបស់បាយចាយ។ ទន្ទឹមនឹងនោះ ស្តាប់ប្រជាជននិទានពីរឿងព្រេងបាយចាយ ដើម្បីយល់ដឹងបន្ថែមអំពីរមណីយដ្ឋាននិងជនជាតិវៀតណាម។ ក្រៅពីនោះ មកកាន់បាយចាយភ្ញៀវទេសចរអាចគយគន់ទេសភាពស្រស់ស្អាតរបស់ឧទ្យានហ្វាងយ៉ា; កម្សាន្តសប្បាយជាមួយនឹងល្បែងកម្សាន្តជាច្រើនប្រភេទ ជាបែបបុរាណរហូតដល់បែបសម័យ មានដូច៖ មើលតុក្កតាទឹក ចម្រៀងរបាំជនជាតិបន្ទប់រាំឌីស្កូជាដើម៕
យ្វីអាញ់-វិមាន