ផ្ដើមកសាងបានជាង៣៤០ឆ្នាំ វត្តចំប៉ាវនារាម (ចំប៉ា) នៅឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង ត្រូវបានចាត់ទុកជាអារាមដ្ឋានមួយដែលមានសោភណភាព និងទូលំទូលាយជាងវត្តនានាក្នុងស្រុក។ សព្វថ្ងៃវត្តគឺជាកន្លែងទេសចរណ៍មួយកំពុងតែទាក់ទាញភ្ញៀវមកទស្សនាយ៉ាងកុះករ។
ដើមអំពិលមានអាយុកាលប្រមាណ៧០០ឆ្នាំនៅវត្តចំប៉ា។
តាមសងខាងដងផ្លូវឋិតចម្ងាយពីខ្លោងទ្វារវត្តប្រហែល១.០០០ម៉ែត្រ គេឃើញមានដើមត្នោតដុះជាជួរ ចោលម្លប់ត្រជាក់និងគួរជាទីគយគន់។ ព្រះវិហាររបស់វត្តចំប៉ាត្រូវបានកសាងកាលពីឆ្នាំ១៦៧៩ រហូតដល់សព្វ ថ្ងៃនៅតែរក្សាបាននូវក្បូរក្បាច់រចនារបស់ខ្មែរពីបុរាណ។ យោងព្រះថេរដីការបស់ព្រះតេជព្រះគុណ ទ្រីវបូន ព្រះចៅអធិការរងវត្តចំប៉ា ៖ វត្តបានចាប់ផ្ដើមកសាងនៅឆ្នាំ១៦៧៦លើផ្ទៃដីជាង៥ហិកតា។ អាស្រ័យបរិវេណវត្តធំទូលាយ មានម្លប់ឈើត្រជាក់ និងព្រះវិហាររក្សាបានភាពបុរាណ ម្ល៉ោះហើយឲ្យតែដល់ថ្ងៃបុណ្យទាន បុណ្យប្រវេណីផ្សេងៗរបស់ជនរួមជាតិខ្មែរ តែងបានពុទ្ធបរិស័ទអញ្ជើញចូលរួមពិធីបុណ្យនិងទស្សនាកម្សាន្តយ៉ាងកុះករ។
បរិវេណវត្តមានដើមឈើធំៗជាច្រើន អាយុកាលរាប់រយឆ្នាំ ដូចជាដើមអំពិល២ដើម មានអាយុកាលពី៣០០ដល់៧០០ឆ្នាំ ដើមរាំងជាច្រើនមានអាយុកាលជាង១០០ឆ្នាំដើមពោធិ៍ មានអាយុកាលពី៧០ដល់១០០ឆ្នាំ។ល។ ព្រះតេជព្រះគុណ ទ្រីវបូន មានព្រះថេរដីកា៖ "អាត្មាភាពបានឮព្រះថេរដីការរបស់ព្រះចៅអធិការជំនាន់មុនៗ ខណៈពេលកសាងវត្ត គេឃើញមានដើមអំពិលធំនេះហើយ។ កាលពីមុន មានអ្នកវិទ្យាសាស្រ្តបានចុះមកពិនិត្យ រួចធ្វើការសន្និដ្ឋានថាដើមអំពិលនោះមានអាយុកាលជាង៧០០ឆ្នាំ។ បច្ចុប្បន្ន ដើមអំពិលមានសណ្ឋានធំ មនុស្ស៦នាក់កាន់ដៃគ្នាឱបទើបជុំ"។ ក្រៅពីនោះ ក្នុងមណ្ឌលវត្តមានស្រះទឹកមួយធំ ត្រូវបានវត្តចិញ្ចឹមត្រីជាច្រើនប្រភេទ ដោយមានពណ៌សម្បុរផ្សេងៗគ្នា។ ក្នុងនោះ មានត្រីហាយតឿង ទម្ងន់ជាង៧០គីឡូក្រាម ត្រីប្រាទម្ងន់ពី៧ដល់៣០គីឡូក្រាម និងមានប្រភេទត្រីជាច្រើនដទៃទៀត មានដូចត្រីតាយតឿង ត្រីកន្រ្តប់ ត្រីពន្លាបស្មៅ។ល។ ទម្ងន់ពី៥ដល់១០គីឡូក្រាម។ បងស្រីតាំងញឹកភឿង ឌុបកូនមកទស្សនានៅទីកន្លែងវត្ត ឲ្យដឹង៖ "នាងខ្ញុំច្រើនតែឌុបកូនមកទីនេះលេងពេលដែលអាកាសធាតុក្ដៅស្ងួត។ ត្បិតអី ក្នុងវត្តចំប៉ា មានជួរដើមឈើធំៗជាច្រើនចោលម្លប់ត្រជាក់ ក្នុងស្រះមានចិញ្ចឹមត្រីច្រើនប្រភេទ ហេតុនោះទើបនាងខ្ញុំតែងឌុបកូនមកលេងវត្ត រួច ទិញនំចំណីផ្សេងៗបោះឲ្យត្រីស៊ី។ វត្តចំប៉ាពិតជាមានបរិវេណធំទូលាយ ស្រស់ស្អាត ក្នុងចំណោមវត្តនានាក្នុងស្រុក"។ សព្វថ្ងៃ វត្តចំប៉ាត្រូវបានចាត់ថា ជាវត្តមួយក្នុងចំណោមវត្តខ្មែរទាំងឡាយដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាច្រើនបំផុតនៅស្រុកចូវថាញ់៕
យ្វីអាញ់-សេរី