ត្រាវិញ ជាខេត្តមួយមានជនរួមជាតិខ្មែររស់នៅកុះករតំបន់វាលរាបទន្លេគឺវឡុង។ ទីនេះមានកន្លែងទេសចរណ៍ជាច្រើន ដូច៖ បូជនីយដ្ឋានអ៊ំហូ គូស្រះស្រី មាត់សមុទ្របាដុង និងសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ គឺជាកន្លែងដែលភ្ញៀវទេសចរមិនគួរចោលរលង។
សារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ (មើលពីចម្ងាយ)។
សារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ បានកសាងលើផ្ទៃដី១.៧០០ម២ កាលពីថ្ងៃ១៤ ខែមេសា ឆ្នាំ១៩៩២ សម្រេចរួចរាល់នាចុងឆ្នាំ១៩៩៦ និងបើកឲ្យប្រើប្រាស់កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដោយទុនវិនិយោគសរុប៣ពាន់លានដុង។ សារមន្ទីរគឺជាកន្លែងរក្សានូវវត្ថុបុរាណ សម្បូរបែប បង្ហាញពីជីវភាពវប្បធម៌ស្មារតី វប្បធម៌សម្ភារៈរបស់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ។
សារមន្ទីរបានសាងសង់តាមបែបស្ថាបត្យកម្មប្រពៃណី គួបផ្សំនឹងសម័យទំនើប រួមមានពីរជាន់។ ជាន់ផ្ទាល់ដី គឺការិយាល័យធ្វើការរបស់កម្មាភិបាល បុគ្គលិកសារមន្ទីរ។ នៅក្រោមជណ្តើរឡើងជាន់ខាងលើគេ កសាងស្រះមួយមានទ្រង់ទ្រាយអឌ្ឍចន្ទ ក្នុងស្រះគេចិញ្ចឹមត្រីលម្អជា ច្រើនរួមចំណែកបង្កបរិយាកាសសុខស្រួល ស្រឡះស្រឡំ។ អ្នកនាង ថាច់ធីភក្តី អ្នកអត្ថាធិប្បាយរបស់សារមន្ទីរ ឲ្យដឹង៖ "សារមន្ទីរដាក់តាំងវត្ថុបុរាណ២៨៤មុខ ដែលបានស្រាវជ្រាវមកពីសំណាក់ប្រជាជន និង ដោយសារវត្តអារាមនានាបរិច្ចាគជូន។ ក្នុងចំណោមវត្ថុបុរាណដាក់តាំង មានព្រះពុទ្ធបដិមាជាច្រើន បានកសាងអំពីប្រាក់និងស្ពាន់ដ៏មានតម្លៃវត្ថុដែលឆ្លាក់អំពីឈើល្អប្រណីត"។ សារមន្ទីរមាន៤បន្ទប់សម្រាប់ ដាក់វត្ថុតាំង៖ បន្ទប់ទី១ ឧទ្ទេសនាមពីជំនឿសាសនារបស់ជនរួមជាតិខ្មែរ; បន្ទប់ទី២ ដាក់តាំងវត្ថុបុរាណបង្ហាញពីវប្បធម៌ការរស់នៅសាមញ្ញ ដោយមានទម្រង់រូបភាពផ្ទះសម្បែង ឧបករណ៍ផលិតកសិកម្ម និងឧប ករណ៍ប្រជុំជីវកិច្ចរបស់ជនរួមជាតិខ្មែរ; បន្ទប់ទី៣ ដាក់តាំងបង្ហាញពី ភូមិរបរប្រពៃណី និងបន្ទប់ទី៤ ដាក់តាំងអំពីវប្បធម៌សិល្បៈ របាំ ល្ខោន ។ ឧបករណ៍ភ្លេងរបស់ជនរួមជាតិខ្មែរមានសម្បូរបែប អាចចែកចេញជាពីរប្រភេទ៖ ភ្លេងប្រជាប្រិយនិងភ្លេងពិណពាទ្យ។
ច្រើនឆ្នាំកន្លង សារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ គឺជាកន្លែងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ អ្នកសិក្សាស្រាវជ្រាវវប្បធម៌ជនជាតិក្នុងនិងក្រៅប្រទេស។ ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរប្រមាណ២០.០០០នាក់ទាំងក្នុងនិងក្រៅប្រទេសមកទស្សនា។ មកទីនេះភ្ញៀវទេសចរនឹង ឃើញនូវទិដ្ឋភាពវប្បធម៌ទាំងស្រុងរបស់ជនរួមជាតិខ្មែរ ខេត្តត្រាវិញ និងឆៀងចូលវត្តអង្គររាជបូរីអុជធូបបូជា និងគយគន់ទេសភាពគូស្រះស្រីដ៏ស្រស់ត្រកាល។ បងស្រី គឹមធីធូង៉ា ឲ្យដឹង៖ "ខ្ញុំតែងនាំកូនមក ទស្សនាសារមន្ទីរនេះ ដើម្បីឲ្យកូនៗបានយល់ដឹងនូវវប្បធម៌របស់ជនរួមជាតិខ្មែរ ព្រមទាំងអប់រំកូនឲ្យមានស្មារតីរក្សានូវអត្តសញ្ញាណវប្បធម៌ជនជាតិ"៕
អត្ថបទនិងរូប ៖ វិមាន