26/01/2016 - 10:10

អ្នក​ថែ​រក្សា​សិល្បៈ​ខ្មែរ

រៀង​រាល់​រាត្រី នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ (កៀង​យ៉ាង) តែង​មាន​យុវ​ជន យុវ​នារី​ខ្មែរ​ជា​ច្រើន​មក​ហាត់​ច្រៀង​រាំ ដើម្បី​ថែ​រក្សា​សិល្បៈ​ប្រ​វេ​ណី​ខ្មែរ អា​ស្រ័យ​កសិករ​វ័យ​ចំ​ណាស់ យ័ញ​បេ អ្នក​រស់ នៅ​ភូមិ​ភាគ​ជួយ​បង្ហាត់​ដោយ​ឥត​គិត​ថ្លៃ។   

លោក​យ័ញ​បេ​តែង​បញ្ចេញ​កម្លាំង​បង្ហាត់​សិល្បៈ​ជូន​ប្អូនៗ ក្នុង​ភូមិ​ភាគ​ដើម្បី​ថែរក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ។

ក្នុង​ចំ​ណោម​សិក្ខា​កាម​ទាំង​អស់​នេះ ភាគ​ច្រើន​គឺ​ចៅៗ​របស់​លោក​យ័ញ​បេ ក្រៅ​ពី​នោះ នៅ​មាន​កូន​ចៅ​របស់​បង​ប្អូន​មា​មីង​ក្នុង​ភូមិ​ផង​ឬ​ឃុំ​ជិត​ខាង។ មាន​ប្អូនៗ​ខ្លះ​កំ​ពុង​នៅ​រៀន​សាលា​សកល  ប្អូនៗ​ខ្លះ​បាន​ឈប់​រៀន រេមក​គិត​គូរ​ជីវ​ភាព​គ្រួ​សារ ប៉ុន្តែ​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​ទិស​ដៅ​រួម នោះ​គឺ​ជាប់​ចិត្ត​ជា​មួយ​នឹង​វប្ប​ធម៌​សិល្បៈ​ប្រ​វេ​ណី​របស់​ជន​ជាតិ​ខ្មែរ។ តាម​ប្រ​សាសន៍​របស់​លោក​យ័ញ​បេ​៖ រយៈ​ពេល​៥​ឆ្នាំ​កន្លង លោកតែង​ខ្នះ​ខ្នែង​បង្ហាត់​សិល្បៈ​ខ្មែរ​ជូន​ដល់​ប្អូនៗ ជំ​នាន់​ក្រោយ ដើម្បី​ប្អូនៗបាន​ចេះ​នូវ​សិល្បៈ​ប្រ​វេ​ណី​និង​ថែ​រក្សា ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។

ដោយ​ការ​ខិត​ខំ​ខ្នះ​ខ្នែង​របស់​លោក​យ័ញ​បេ ផ្សំ​ជា​មួយ​នឹង​ទឹក​ចិត្ត​ស្នេហា​សិល្បៈ​របស់​ប្អូនៗ​ បាន​ជា​ការ​បង្ហាត់​សិល្បៈ​ខ្មែរ​តែង​ប្រ​ព្រឹត្ត​ឡើង​ជា​ប្រ​ចាំ​នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌ ឃុំ​ឌិញ​ហ្វា។ ក្នុង​ប៉ុន្មាន​ខែ​ចូល​រៀនសា​លា​សកល​មាន​សិស្ស​ចូល​រៀន​សិល្បៈ​ប្រ​ហែល​៣០​រូប ខែ​វិស្សម​កាល​ ចំនួន​សិស្ស​ក៏​កើន​ឡើង ចួន​កាល​ពេល​ខ្លះ​មាន​សិស្ស​ដល់​ទៅ​៥០​រូបឯ​ណោះ។ លោក​យ័ញ​បេ តែង​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ក្នុង​ការ​បង្ហាត់​សិល្បៈ​ជូន​ប្អូនៗ មាន​ដូច៖ ល្ខោន របាំ ឆៃយុាំ អា​យ៉ៃ។ល។ យោង​សម្ដី​របស់​លោក​យ័ញ​បេ ស្ទើរ​តែ​រាល់​បទ​ចម្រៀង ឈុត​ល្ខោន​នីមួយៗ​សុទ្ធ​តែ​បង្កប់​អត្ថ​ន័យ​អប់រំ​មនុស្ស​ប្រ​ព្រឹត្ត​អំ​ពើ​ល្អ លះ​បង់​អំពើ​អា​ក្រក់ មាន​ទឹក​ចិត្ត​ស្រឡាញ់​មនុស្ស​ជាតិ រក្សា​ការ​សាមគ្គី​សហគមន៍​ភូមិ​ស្រុក ។ល។ ព្រោះហេតុ​នោះ បាន​ជា​ការ​បង្ហាត់​សិល្បៈ មិន​ខុស​ប្លែក​ពី​ការ​បង្ហាត់​ឲ្យ​ប្អូនៗ ចេះ​ដឹង​នូវ​ប្រ​វេណី​វប្ប​ធម៌​ជន​ជាតិ សុជីវ​ធម៌​នៃ​ការ​រស់​នៅ។ ប្អូន​យ័ញ​ធី​ហ្វិន​ញឺ សិស្ស​រៀន​ថ្នាក់​ទី​៦A៣ សា​លា​មធ្យម​សិក្សា​មូលដ្ឋាន ឌិញ​ហ្វា ឲ្យ​ដឹង៖ "​ឆ្លង​តាម​រយៈ​បទ​ចម្រៀង បាន​ញុាំង​ឲ្យ​ប្អូន​កាន់​តែ​ស្រ​ឡាញ់​គ្រួ​សារ ឪពុក​ម្តាយ យាយ​តា ស្នេហា​ភូមិ​ស្រុក​ច្រើន​ថែម​ទៀត"។

សំ​ឡេង​ច្រៀង​ពី​រោះ​រណ្តំ​ស្ដី​ពី​ទូក-ង ថ្ងៃ​បុណ្យ​ប្រ​ណាំង​ទូក-ង​ប្រ​ជា​ជន​ប្រកប​របរ​កសិ​កម្ម ស្នេហា​ដើម​ស្រូវ គោរព​គ្រាប់​អង្ករ ។ល។ បាន​ជ្រួត​ជ្រាប់​ក្នុង​សតិ​អារម្មណ៍ មនោ​សញ្ចេត​នា​របស់​ប្អូនៗ។ ប្អូន​យ័ញ​ទ្វៀង អា​យុ​២១​ឆ្នាំ នៅ​ភូមិ​ហ្វា​ធៀន ឃុំ​ឌិញ​ហ្វា ឲ្យ​ដឹង​៖​" ចូល​រួម​ហាត់​ច្រៀង​រាំ មាន​ភាព​រីក​រាយ​ខ្លាំង​ណាស់ ពិសេស​គឺ​នៅ​ពេល​បាន​សំ​ដែង​បម្រើ​ថ្ងៃ​បុណ្យ​ធំៗ​របស់​ជន​ជាតិ​ខ្មែរ តែង​បាន​មាមីង​គាំ​ទ្រ​ជា​និច្ច។ ចំ​ណែក​ប្អូន​យ័ញ​ញឹក​អាញ់ សិស្ស​រៀន​ថ្នាក់​ទី៦A៣ សា​លា​មធ្យម​សិក្សា​មូលដ្ឋាន ឌិន​ហ្វា ត្រូវ​ជា​ចៅ (ជី​តា​ខាង​ម្តាយ) របស់​លោក​យ័ញ​បេ ឲ្យ​ដឹង៖ ក្រោយ​ពី​បាន​ចូល​រួម​ច្រៀង​រាំម្តង​ៗ ប្អូន​មាន​អារម្មណ៍​រីក​រាយ​ខ្លាំង​ណាស់ នាំ​មក​នូវ​ស្មារតី​រៀន​សូត្រ​ថែម​ទៀត​ផង។ ព្រោះ​ហេតុ​ដូច្នោះ ប្អូន​នឹង​ខិត​ខំ រៀន​សូត្រ​ឲ្យ​បាន​ពូកែ ដើម្បី​ជួយ​គ្រួ​សារ​និង​អ្នក​រាល់​គ្នា​ដូច​ជា​តួ​អង្គ​ក្នុង ឈុត​ល្ខោន​ដែល​ប្អូន​បាន​រៀន​ពី​ជី​តា​ប្អូន​នោះ​ដែរ​៕

ឡេ​ស៊ាង​-​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​បេ