31/08/2015 - 16:24

អ្នក​ស្តារ​ក្រុម​ភ្លេង​ប្រ​ពៃ​ណី​ឡើង​វិញ

ដោយ​សារ​តែ​ស្រឡាញ់​ចូល​ចិត្ត​តន្ត្រី ពិ​សេស​គឺ​ឧបករណ៍​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ ហេតុ​នោះ​លោក​ផួរ​សួង បាន​ស្តារ​ក្រុម​ភ្លេង​ប្រ​ពៃ​ណី​ឡើង​វិញ នៅ​ភូមិ​បាត់​តា​គី សង្កាត់​៥ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង។តាម​ប្រ​សាសន៍​របស់​លោក​ផួរ​សួង ពី​មុន​ភូមិ​បាត់​តា​គី​ធ្លាប់​មាន​ក្រុម ភ្លេង​ប្រ​ពៃ​ណី​ប្រ​គំ​កំ​ដរ​ក្នុង​ពិធី​អា​ពាហ៍​ពិ​ពាហ៍​របស់​ជន​រួម​ជាតិ​ខ្មែរ ។ ពេល​តន្រ្តី​ករ​មាន​វ័យ​កាន់​តែ​ចាស់ៗ​ទៅ ក្រុម​ភ្លេង​នោះ​ក៏​ត្រូវ​រំ​សាយ​។ លុះ​ដល់​ឆ្នាំ​២០០៩ លោក​ផួរ​សួង បាន​ទៅ​ដល់​ឃុំ​តាយ​វុាំង ស្រុក​ត្រឹង​ដេ និង​ឃុំ​ថាម​ដូង ស្រុក​មី​ស្វៀង ដើម្បី​ស្វែង​រក​តន្ត្រី​ករ​ល្បី​ឈ្មោះ​មក​បង្រៀន​ដើម្បី​បង្កើត​ក្រុម​ភ្លេង​ឡើង​វិញ។ ផ្តើម​ពី​នោះ ឲ្យ​តែ​ដល់​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ សិល្ប​ករ​ទាំង​នេះ​តែង​នាំ​គ្នា​មក​ប្រ​គំ​ភ្លេង។ លោក​ផួរ​សួង ឲ្យ​ដឹង​៖ "ទោះ​បី​មួយ​សប្តាហ៍​ហាត់​២​ពេល ដោយ​របៀប​ប្រ​គំ​បណ្តើរ បង្ហាញ​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តើរ ហេតុ​នោះ​ក្រោយ​ពេល​ហាត់​ជិត​២​ឆ្នាំ ក្រុម​ភ្លេង​ប្រ​គំ​បាន​ស្ទាត់​ជំ​នាញ ដើម្បី​លេង​កំដរ​ពិ​ធី​អា​ពាហ៍​ពិ​ពាហ៍​"។ ដោយ​ឃើញ​ក្រុម​ភ្លេង​ប្រ​គំ​បាន​ស្ទាត់​ជំ​នាញ ព្រះ​ចៅ​អធិ​ការ​វត្ត​មហា​ទប់ បាន​ឧបត្ថម្ភ​ឧបករណ៍​ភ្លេង​ប្រ​ពៃ​ណី​មួយ​វង់ និង​អញ្ជើញ​ក្រុម​ភ្លេង​ចូល​វត្ត​ប្រ​គំ​កំ​ដរ​ឲ្យ​ភ្ញៀវ​ទេស​ចរ​ស្តាប់​កម្សាន្ត​។

 លោក​ផួរ​សួង

 លោក​ផួរ​សួង សំ​ណេះ​សំ​ណាល​៖ "តាំង​ពី​តូច ខ្ញុំ​តែង​ទៅ​តាម​អ្នក​ភ្លេង ក្នុង​ភូមិ​រៀន​កូត​ទ្រ លុះ​ដល់​ធំ​ឡើង​ពេល​ទៅ​រៀន​ផ្នែក​ខាង​វេជ្ជ​សាស្រ្ត និង​បំ​ពេញ​ការ​ងារ​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ខ្ញុំ​នៅ​តែ​ជក់​ចិត្ត​នឹង​ភ្លេង​ប្រ​ពៃ​ណី។ កាល​នោះ ខ្ញុំ​រៀន​ប្រ​គំ​ភ្លេង​បាន​ប្រ​មាណ​៦​បទ។ ពេល​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​មហា​ទប់ ឧបត្ថម្ភ​ឧបករណ៍​ភ្លេង​មួយ​វង់​សម្រាប់​ភូមិ​បាត់​តា​គី ខ្ញុំ​គិត​ថា ខ្ញុំ​គប្បី​ជួយ​បង្កើត​ក្រុម​ភ្លេង​ឡើង​វិញ ដើម្បី​អភិរក្ស​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​ខ្មែរ"។ ផ្តើម​ពី​គំ​និត​នោះ បាន​ជំ រុញ​ឲ្យ​លោក​ខិត​ខំ​ស្វែង​រក​តន្រី្ត​ករ​ធ្លាប់​ល្បី​ឈ្មោះ​កាល​ពី​មុន ដើម្បី​នាំ​គ្នា​មក​បង្កើត​ក្រុម​ភ្លេង​ប្រ​ពៃ​ណី​ឡើង​វិញ និង​បង្រៀន​បន្ត​ដល់​យុវ​វ័យ។ បច្ចុប្បន្ន លោក​ផួរ​សួង លេង​បាន​ស្ទាត់​ជំ​នាញ​នូវ​បទ​ភ្លេង​សម្រាប់​កំ​ដរ ក្នុង​ពិធី​អា​ពាហ៍​ពិ​ពាហ៍។ លោក​ផួរ​សួង មិន​ត្រឹម​តែ​ចេះ​កូត​ទ្រ​ប៉ុណ្ណោះ​ទេ តែ​លោក​នៅ​ទាំង​ចេះ​លេង​ឧបករណ៍​ភ្លេង​ដ​ទៃ​ទៀត មាន​ដូច៖ ឃឹម ចា​ប៉ី​ដង​វែង​និង​ស្គរ​ជា​ដើម។

 បច្ចុប្បន្ន លោក​ផួរ​សួង បង្កើត​ក្រុម​ភ្លេង​បាន​២​ក្រុម ដោយ​មាន​សមា​ជិក​១៦​នាក់ ផ្តូរ​វេន​គ្នា​ប្រ​គំកំ​ដរ​នៅ​ក្នុង​វត្ត ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ស្តាប់​បទ​ភ្លេង​ប្រ​ពៃ​ណី​ដ៏​អស្ចារ្យ​របស់​ជន​ជាតិ​។ ក្រុម​ភ្លេង​ទាំង​ពីរ​ក្រុម​នេះ​មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​នៅ​ក្នុង​ខេត្ត​សុក​ត្រាំង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ល្បី ឈ្មោះ​ទៅ​តំ​បន់​ឆ្ងាយៗ​ទៀត​ផង៕

លី​ធាន​-​វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផួរ​សួង