រយៈពេលកន្លង មន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង សម្រេចបានលទ្ធផលជាច្រើនក្នុងការងារព្យាបាលជំងឺ ជួយឲ្យអ្នកជំងឺជាច្រើនបានចាក ផុតរោគាពាធ។
គ្រូពេទ្យ វេជ្ជបណ្ឌិត ជានិច្ចកាលតែងលើកទឹកចិត្តដើម្បីអ្នកជំងឺស្ងប់អារម្មណ៍សម្រាកព្យាបាល។
បងថាច់មិញក្វឹង នៅអនុសង្កាត់៥ សង្កាត់៩ ក្រុងសុកត្រាំងបានឲ្យដឹង៖ "ខ្ញុំបានអ្នកផ្ទះនាំមកកាន់មន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង ក្នុងស្ថានភាពខ្សោយបេះដូងនិងសន្លប់ចុះសន្លប់ឡើង។ ក្រោយពីសង្គ្រោះបន្ទាន់ ជាបឋមក្រុមវេជ្ជបណ្ឌិតបានពិភាក្សាយោបល់ និងសម្រេចវះកាត់ ដោយដាក់ម៉ាស៊ីនជំនួយបេះដូងជារហូត។ ក្នុងពេលនោះ គ្រួសារខ្ញុំនរណាក៏បារម្ភដែរ។ ការវះកាត់បានជោគជ័យ វេជ្ជបណ្ឌិតជួយជីវិតខ្ញុំឲ្យបានរស់ឡើងវិញ គ្រួសារខ្ញុំត្រេកអររកអ្វីប្រៀបពុំបាន។ សព្វថ្ងៃសុខភាពខ្ញុំបានលំនឹងលែងមានអាការៈហេវហត់និងសន្លប់ដូចមុនទៀត វេជ្ជបណ្ឌិតបាននាំមកនូវក្ដីសង្ឃឹមសម្រាប់ជីវិតខ្ញុំ"។ តាមប្រសាសន៍ វេជ្ជបណ្ឌិតជុងតឹងឌឹញ ប្រធានផ្នែកសរសៃឈាមបេះដូង ឲ្យដឹង៖ ការដាក់ម៉ាស៊ីនជំនួយបេះដូងជារហូត គឺមាននៅមន្ទីរពេទ្យធំៗ ប៉ុន្តែក្រោយពីបានទៅហ្វឹកហាត់នៅមន្ទីរពេទ្យចើរ៉ៃ ក្រុងហូជីមិញ យើងខ្ញុំក៏សម្រេចចិត្តវះកាត់ឲ្យបងក្វឹង។ ដោយការខ្នះខ្នែងទូទាំងផ្នែកបានជួយឲ្យបងក្វឹង រស់រានមានជីវិតឡើងវិញ។
ចំណែកពូវ៉វុាំងកា នៅភូមិតាឃ្វិច ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ ជាអ្នកជំងឺក្រីក្រម្នាក់ ត្រូវបានមន្ទីរពេទ្យព្យាបាលជាសះស្បើយ និងជំនួយទាំងប្រាក់ចំណាយព្យាបាល។ ពូកា ចូលមន្ទីរពេទ្យក្នុងស្ថានភាពក្អកខ្លាំង ឈឺក្បាល ពិបាកដកដង្ហើម សរសៃកន្ទ្រាក់ សុខភាពចុះខ្សោយ បេះដូង លោតញាប់និងសន្លប់មិនដឹងខ្លួន។ល។ លទ្ធផលនៃរោគ វិនិច្ឆ័យបឋម ឃើញថាអ្នកជំងឺកន្រ្តាក់ខ្លាំង ដូច្នេះត្រូវព្យាបាលដោយប្រើថ្នាំបង្ការ កន្រ្តាក់ សម្រួលអារម្មណ៍ ដកដង្ហើមដោយម៉ាស៊ីន បញ្ចូលទឹកដោះតាម បំពង់ឲ្យអ្នកជំងឺ។ ពូកាសន្លប់មិនដឹងខ្លួនប្រមាណ១៨ថ្ងៃ ឥឡូវនេះសុខភាពបានលំនឹង ពូកាមានប្រសាសន៍ ទាំងក្ដីរីករាយ៖ "គ្រួសារខ្ញុំក្រ មិនត្រឹមតែព្យាបាលដោយឥតគិតថ្លៃប៉ុណ្ណោះទេ គ្រូពេទ្យនៅទីនេះ ថែមទាំងចលនាសប្បុរសជនជំនួយប្រាក់ អង្ករ ទឹកផឹក។ល។ ខ្ញុំអរគុណជាអនេក ចំពោះគ្រូពេទ្យនៅមន្ទីរពេទ្យពហុវិជ្ជាសុកត្រាំង"។
វេជ្ជបណ្ឌិតឯកទេស ង្វៀនធីឡាក នាយិការងមន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង ឲ្យដឹង៖ "រយៈកាលកន្លង មានអ្នកជំងឺជាច្រើនត្រូវបានមន្ទីរពេទ្យជួយសង្គ្រោះជំងឺពេលឋិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ទាំងនេះអាស្រ័យដោយស្មារតីសាមគ្គី និងការលើកកម្ពស់សមត្ថភាព មុខជំនាញ វិជ្ជាជីវៈដោយឥតឈប់ឈររបស់កងជួរគ្រូពេទ្យ។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យជានិច្ចកាលតែងលើកកម្ពស់ស្មារតី អាកប្បកិរិយាថែទាំអ្នកជំងឺ រវាសរវៃនិងម៉ឹងម៉ាត់ក្នុងការដោះស្រាយរាល់ករណីប្រើពាក្យសម្ដីមិនសមរម្យចំពោះអ្នកជំងឺនិងសាច់ញាតិអ្នកជំងឺ។ ដោយការថែទាំ អ្នកជំងឺបានល្អ មន្ទីរពេទ្យទទួលបានការស្ងើចសរសើរពីគ្រប់លំដាប់ថ្នាក់ គណៈ ផ្នែក និងប្រជាជនក្នុងខេត្ត"៕
យ្វីអាញ់- ពេជ្រសឿន